លោកស្រី គួយ ណាលីន នាំយកអំណោយរបស់កាកបាទក្រហម ចែកជូនពលរដ្ឋងាយរងគ្រោះ៧៦គ្រួសារ នៅស្រុកពួក
08-07-2016 20:25
(សៀមរាប)៖ លោកស្រី គួយ ណាលីន អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានដឹកនាំក្រុមការងារ នាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ចែកជូនពលរដ្ឋងាយរងគ្រោះ៧៦គ្រួសារ។
ពិធីនេះដែរ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក។ អំណោយដែលត្រូវផ្ដល់ជូនពលរដ្ឋ នាឱកាសនេះរួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួន ផងដែរ។
ក្នុងនោះដែរ លោកស្រី បានពាំនាំការសួរសុខទុក្ខពីសំណាក់ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅទៅនោះផងដែរ។
លោកស្រី បានបញ្ជាក់ថា ទោះបីជាអំណោយទាំងនេះមានចំនួនតិចតួចក្ដី ប៉ុន្ដែវាក៏ជាផ្នែកមួយ ជួយកាត់បន្ថយភាពខ្វះខាត របស់បងប្អូនបានមួយកម្រិតដែរ។
បន្ថែមពីនេះ លោកស្រីបានផ្ដាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ថា រដូវនេះជារដូវភ្លៀងធ្លាក់ សូមបងប្អូនប្រុងប្រយ័ត្នក្នុងការថែរក្សាសុខភាព ក៏ដូចជាការពារកូនចៅ ជៀសវាងពីមូសខាំ ដែលអាចបង្កឲ្យកើតជម្ងឺគ្រុនឈាម៕