(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ត្រូវជាថ្ងៃទី៤ នៃយុទ្ធនាការឃោសនាបោះឆ្នោតនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ចំនួន ៥ គឺក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ដែលទើបត្រូវបានបំបែក និងបង្កើតថ្មី បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។

តាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោត នៃខេត្តពាក់ព័ន្ធ ឃើញថាគណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ និងជួបប្រជុំជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោត អង្គបោះឆ្នោត និងសមាជិកគណបក្សនៅក្រុងអរិយក្សត្រ (អ្នកចូលរួមប្រមាណ ៣៩នាក់) និងក្រុងសំពៅពូន (អ្នកចូលរួមប្រមាណ ៣៥នាក់) និងស្រុកអូរគ្រៀងសែនជ័យ (អ្នកចូលរួមប្រមាណ ៥៧នាក់)។

រីឯគណបក្ស ភ្លើងទៀន បានចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ និងចែកខិត្តបណ្ណនៅក្រុងអរិយក្សត្រ (អ្នកចូលរួមប្រមា ណ ១៥នាក់) ហើយនៅក្រុងសំពៅពូន គណបក្សបានធ្វើសកម្មភាពជួបប្រជុំ និងចាក់មេក្រូផ្សព្វផ្សាយ (អ្នកចូលរួមប្រមា ណ ១៣នាក់)។ ដោយឡែក គណបក្សហ៊្វុនស៊ិនប៉ិច ពុំមានធ្វើសកម្មភាពឃោសនាបោះឆ្នោតឡើយ។

សូមជម្រាបជូនថាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតលើកទី១នេះ មានរយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣៕