(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញបទបញ្ជាឱ្យរដ្ឋបាលរាជធានី-ខេត្ត ទទួលការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ (SEA Games-ASEAN Para Games 2023) ទាំងអស់ ត្រូវពង្រឹងគុណភាពលើសេវាសាធារណៈ សន្តិសុខ-សណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ និងបរិស្ថានចាប់ពីពេលនេះតទៅ។
ការចេញបទបញ្ជាយ៉ាងដូចនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព ជួបសំណេះសំណាល និងពិសារ អាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ គ្រូបង្វឹក ព្រមទាំងកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាសរុប ៤,២៦៤នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាយ៉ាងដូច្នេះថា៖ «រដ្ឋបាលរាជធានី-ខេត្ត ទទួលការប្រកួតកីឡាទាំងអស់ ត្រូវពង្រឹងគុណភាពលើសេវាសាធារណៈ សន្តិសុខ-សណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ និងបរិស្ថានចាប់ពីពេលនេះតទៅ»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមសហការ និងទទួលសំណូមពរចាំបាច់នានារបស់គណៈកម្មាធិការជាតិរៀបចំការប្រកួត ដើម្បីធានា ប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយក្នុងការរៀបចំព្រឹត្តិការណ៍ឱ្យទទួលបានជោគេជ័យ។
សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ (SEA Games-ASEAN Para Games 2023) នឹងប្រព្រឹត្តទៅនៅតាមរាជធានី-ខេត្ត ចំនួន៥ និង១៧ទីតាំង។ ទីតាំងទាំង១៧កន្លែងនេះរួមមាន៖ រាជធានីភ្នំពេញ ចំនួន១៤ទីតាំង, ខេត្តសៀមរាប ចំនួន ២ទីតាំង, ខេត្តព្រះសីហនុ ចំនួន ២ទីតាំង, ខេត្តកំពត ១ទីតាំង និងខេត្តកែប ១ទីតាំង សុទ្ធជាការងារបច្ចេកទេសដ៏មានសារៈសំខាន់ និងដើរតួនាទីស្នូលក្នុងការប្រកួតកីឡា SEA Games-ASEAN Para Games៕