(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ និងលោកស្រី អេង គឹមហ៊ាប នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ អមដំណើរដោយលោកស្រី ហួត ឃីម អភិបាលរងខណ្ឌ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ និងលោក សេង គន្ធ អភិបាលរងខណ្ឌ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋចំនួន៥គ្រួសារ ដែលរងគ្រោះដោយអគ្គិភ័យ នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកស្រី ហួត ឃីម អភិបាលរងខណ្ឌ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានឱ្យដឹងថា នេះជាលើកទី៣ហើយ ដែលក្រុមការងារកាកបាទខណ្ឌមានជ័យ បានចុះមកសួរសុខទុក្ខ និងនាំយកអំណោយជូនក្រុមគ្រួសាររងគ្រោះដោយអគ្គិភ័យ ចំនួន ០៥គ្រួសារ នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ដោយឡែកនៅថ្ងៃនេះ លោកអភិបាលខណ្ឌ ក៏បាននាំយកស័ង្កសី ចំនួន ២៥០សន្លឹក មកផ្តល់ជូនដល់បងប្អូនរងគ្រោះ ដើម្បីប្រក់ជម្រកស្នាក់នៅបណ្តោះអាសន្នផងដែរ។

លោកស្រី ហួត ឃីម បានបន្តថា នៅថ្ងៃដដែលនពលោកអភិបាលខណ្ឌមិនត្រឹមតែផ្តល់ស័ង្កសី ២៥០សន្លឹកនេះទេ លោក និងភរិយា នៅឧបត្ថម្ភថវិកាចំនួន ៣២០ដុល្លារ។

បន្ថែមពីនេះ ក៏មានសប្បុរសជន ជាច្រើនជួយឧបត្ថម្ភតាមរយៈលោកអភិបាលរួមមាន៖ ព្រះតេជគុណព្រះអង្គប្រាក់ឌឿនគ្រូសូត្រឆ្វេងវត្តដំបូកខ្ពស់ ឧបត្ថមថវិការចំនួន ១ពាន់ដុល្លារ, លោកស្រី ទាវ ធីតា ឧបត្ថមថវិការចំនួន ១០០ដុល្លារ, លោកអ៉ីម ជីវា ឧបត្ថម្ភ ១០០ដុល្លារ, អង្គការស្កុត បានឧបត្ថមសម្ភារសិក្សា (កាបូប សៀវភៅ ប៊ិក កាដូមួយប្រអប់) ជូនក្មេងៗ ចំនួន ១៦នាក់, អំណោយជាសំលៀកបំពាក់បានពីសប្បុរសជន ចំនួនមួយកញ្ចប់ ក្នុងមួយគ្រួសារ សម្រាប់ ២១គ្រួសារ, ទទួលថវិកា ១គ្រួសារ ទទួលបាន ៨ម៉ឺនរៀលចំនួន ២១គ្រួសារ, ស័ង្កសី ចំនួន ២៥០សន្លឹក ដែលឆេះផ្ទះអស់ ក្នុងមួយគ្រួសារ ទទួលបាន ៥០សន្លឹក ។

លោកអភិបាលខណ្ឌ ក៏បាន​ក្រើនរំលឹកដល់ប្រជាពលរដ្ឋ​ទាំងអស់​ ត្រូវមានការប្រុងប្រយ័ត្ន​ ​ចំពោះសម្ភារៈ​ ក៏ដូចជា​កត្តាផ្សេង​ៗ ដូចជា​ពិនិត្យមេីល​ទៀន​ ធូប​ មុននិងចេញដំណេីរចាកចេញពីផ្ទះ​ ដេីម្បីកុំឱ្យមានការឆាបឆេះបង្កេីតជាអគ្គិភ័យ​ដែល បានកេីតឡេីងជាយថាហេតុ​៕