(ប៉ៃលិន)៖ នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ បានចុះសំណេះសំណាល សួរសុខទុក្ខ និងយកអំណោយចែកជូនកងការពារព្រំដែនលេខ ៥០៤ យោធភូមិភាគទី៥ នៅសមរភូមិមុខ ខេត្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅ ពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាប្រមុខថ្នាក់ដឹកនាំទាំងបី នៃស្ថាប័នកំពូលរបស់រាជរដ្ឋាភិបាល និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ចំពោះកងទ័ព សូមឱ្យមានសុខភាពល្អ និងមានឆន្ទៈមោះមុត ដើម្បីការពារជាតិមាតុភូមិ ហើយកងទ័ពទាំងអស់ ត្រូវជឿជាក់ថា ជានិច្ចកាលនៅមានការគាំទ្រយ៉ាងពេញទំហឹង និងការជួយឧបត្ថម្ភរបស់សមរភូមិក្រោយ ចំពោះសមរភូមិមុខ ពីសំណាក់មន្រ្តីរាជការ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបណ្ឌិតបានបន្តថា សម្តេចតេជោក៏ដូចជាថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់សួរសុខទុក្ខ ចំពោះក្រុមគ្រួសារយុទ្ធជនការពារព្រំដែនគ្រប់ពេលវេលា។ សម្តេចតេជោបានយល់ច្បាស់ពីទុក្ខលំបាក និងការលះបង់របស់យុទ្ធជនរបស់យើង នៅសមរភូមិមុខ ដែលហានពលីគ្រប់បែបយ៉ាងក្នុងបុព្វហេតុ ការពារបូរណភាពទឹកដី អធិបតេយ្យភាព និងឯករាជ្យជាតិ ឱ្យបានគង់វង្ស។
លោកបន្តទៀតថា ដើម្បីរួមចំណែក ចែករំលែកការលំបាក និងលើកទឹកចិត្តចំពោះការលះបង់របស់យុទ្ធជន សម្តេចតេជោ បានបង្កើតឱ្យមានវប្បធម៌ចែករំលែករវាងអ្នកនៅសមរភូមិក្រោយ ជាមួយអ្នកនៅសមរភូមិមុខ តាមរយៈការផ្តល់ការគាំទ្រទាំងផ្នែកស្មារតី ធនធាន សម្ភារៈ និងថវិកា ទៅតាមលទ្ធភាពដែលអាចធ្វើបាន ជូនដល់យុទ្ធជននិងក្រុមគ្រួសារ នៅការពារព្រំដែន។
លោករដ្ឋមន្ត្រីបន្តថា អំណោយដែលប្រតិភូរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងសណ្ឋាគារឯករាជ្យ បាននាំមកផ្តល់ជូននាយទាហាន ពលទាហាន ក្នុងឱកាសនេះ ពិតមែនតែមិនមានចំនួនច្រើន សម្រាប់បំពេញតម្រូវការរបស់នាយទាហាន និងពលទាហាននោះ តែនេះ គឺជាសន្តានចិត្តដ៏ស្មោះស្ម័គ្រ ក្នុងការរួមចំណែកអភិវឌ្ឍន៍អង្គភាព និងទៅលើជីវភាពនៃក្រុមគ្រួសារនាយទាហាន ពលទាហាន ជាថវិកា និងសម្ភារៈ ដើម្បីឱ្យអស់លោកទាំងអស់ មានឱកាសធ្វើបុណ្យ ឧទ្ទិសកុសលដល់បងប្អូនញាតិសន្តាន ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះមាន ថវិកា និងគ្រឿងឧបភោគបរិភោគរួមមាន អង្ករ ១០០បាវ, មីយើង ១០០កេស, ទឹកត្រី ១០០យួរ, ទឹកស៊ីអ៊ីវ ១០០យួរ, សៀង ១០០គីឡូក្រាម, ឆៃប៉ូវ ១០០គីឡូក្រាម, ប្រហុក ១០០គីឡូក្រាម និងត្រីងៀត ១០០គីឡូក្រាម។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖
១៖ បន្តយកចិត្តទុកដាក់អនុវត្តភារកិច្ចស្នូលរបស់ខ្លួន ក្នុងការការពារខ្សែបន្ទាត់ និងបង្គោលព្រំដែនមិនឱ្យមានការរំលោភបំពាន ពីប្រទេសជិតខាង។
២៖ បន្តចូលរួមអនុវត្តគោលនយោបាយការពារជាតិ និងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយ ខ្សែព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនមួយសន្ដិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
៣៖ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា នូវរាល់បទល្មើស និងសកម្មភាព ទាំងឡាយ ដែលធ្វើឱ្យមានភាពចលាចល នៅតាមបណ្តោយព្រំដែន ឬប៉ះពាល់ដល់ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងសន្តិសុខជាតិ។
៤៖ ថែរក្សានិងការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន និងចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ។
៥៖ បន្តហ្វឹកហ្វឺនជាប្រចាំ ដើម្បីលើកកម្ពស់សមត្ថភាពទាំងយុទ្ធសាស្រ្ត និងយុទ្ធវិធី ព្រមទាំងបច្ចេកទេសប្រយុទ្ធ ដើម្បីការពារទីតាំង ពេលមានសត្រូវឈ្លានពាន ។
៦៖ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យ និងបទបញ្ជារបស់អង្គភាពឱ្យខ្ជាប់ខ្ជួន។
៧៖ បន្តយកចិត្តទុកដាក់ថែរក្សា ការពារ គ្រប់គ្រង និងរក្សាទុកដាក់អាវុធយុទ្ធភណ្ឌ និងទ្រព្យសម្បត្តិរបស់អង្គភាពឱ្យបានត្រឹមត្រូវ និងមិនឱ្យបាត់បង់ ដោយការទទួលខុសត្រូវខ្ពស់។
៨៖ រួមចំណែកជួយអន្ដរាគមន៍ដល់ប្រជាជនលើការងារកសិកម្ម ឬការងារលំបាកផ្សេងៗ(សង់ផ្ទះ…)
៩៖ ត្រូវឆ្លៀតឱកាសបង្កបង្កើនផល ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួន និងថែរក្សាសុខភាពឱ្យបានល្អ ដោយត្រូវហាត់កីឡាជាប្រចាំ ដើម្បីឱ្យមានសុខភាពល្អ មាំមួន រហ័សរហួនក្នុងការការពារមាតុភូមិ។
១០៖ ត្រូវពង្រឹងនូវគោលជំហរ ឆន្ទៈមោះមុត មិនត្រូវជឿទៅតាមពាក្យឃោសនាអកុសល ញុះញង់បំបែកបំបាក់របស់ជនខិលខូច អគតិ ឬគណបក្សផ្សេងៗ ដែលមានបំណងបំបែកចំណងមិត្តភាពកម្ពុជា-ថៃ, កម្ពុជា-វៀតណាម អំពីបញ្ហាព្រំដែន ឬបញ្ហាផ្សេងៗ ក្នុងគោលបំណងចង់ឱ្យមានជម្លោះតាមព្រំដែន រវាងប្រជាជាតិទាំងពីរ ដូច្នេះក្នុងនាមនាយទាហាន ពលទាហានទាំងអស់ ត្រូវស្វែងយល់ និងរៀនសូត្រអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យបានច្បាស់លាស់ ជៀសវាងការភាន់ច្រឡំ បង្កឱ្យមានសង្រ្គាម នាំឱ្យមានសោកនាដកម្ម ដល់ប្រជាជនស្លូតត្រង់នៃបណ្តាប្រទេសទាំងពីរ។
១១៖ ទន្ទឹមនឹងនេះ ដោយសារជិតដល់ពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ លោកសូមរំលឹកដល់នាយទាហាន ពលទាហានទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតឱ្យបានទាំងអស់គ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕