(ភ្នំពេញ)៖ បន្ទាប់ពីសម្លឹងឃើញការគាំទ្រខ្ពស់ពីអតិថិជន ហាងនំបុ័ង Tous les Jours បានបន្តពង្រីកវិសាលភាពបន្ថែមទៀតដោយនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦នេះ បានបើកសម្ពោធសាខាទី១១ ដែលមានទីតាំងតាមបណ្ដោយផ្លូវ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
អ្នកគ្រប់គ្រងទូទៅនៃហាងនំប៉័ងTous Les Jours លោកស្រី ឈី ដាលី បានថ្លែងឲ្យដឹងថា«ហាងលក់នំប៉័ងTous Les Jours សាខាភ្នំពេញថ្មីយើងខ្ញុំ សូមបើកស្វាគមន៍អតិថិជន ដែលចូលចិត្ដពិសារនំ ដែលមានរសជាតិឈ្ងុញឆ្ងាញ់ រួមជាមួយនឹងភេសជ្ជៈ មានគុណភាពខ្ពស់ ដែលគ្រឿងផ្សំឡើងល្អបំផុតពីប្រទេសកូរ៉េ និងមានឈ្មោះល្បីនៅកូរ៉េ រួមទាំងទូទាំងទ្វីបអឺរ៉ុប និងអាស៊ីយើងនេះ» ។
លោកស្រីបន្ដថា ពិសេសជាងនេះ«ហាងនំយើងខ្ញុំបានផ្ដោតសំខាន់បំផុត ទៅលើអនាម័យខ្ពស់ រសជាតិ តម្លៃសមរម្យ ទីកន្លែងធំទូលាយ ដែលអាចពិសារបណ្ដើរ ធ្វើការបណ្ដើរ ឬសម្រាប់ជួបជុំគ្នាជជែកពិភាក្សាការងារផ្សេងៗ និងបង្កើនភាពជិតស្និលបន្ថែមទៀត ហើយសម្រាប់សិស្សសាលាវិញ ក៏ងាយស្រួលក្នុងការធ្វើកិច្ចការសាលានៅទីនេះបានផងដែរ»។
លោកស្រីបន្ដថា ហាងនំTous Les Jours សាខាភ្នំពេញថ្មីនេះ ក៏បានផ្ដល់កម្មវិធីពិសេសសម្រាប់អតិថិជនកាលពីខែមិថុនា កន្លងទៅនេះ ដោយអតិថិជនទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេសរហូតដល់ទៅ៥០ភាគរយ គ្រប់ប្រភេទនំខេកទាំងអស់ រួមទាំងមានការចែកកែវអនុស្សាវរីយ៍ថែមទៀតផង ហើយក្នុងថ្ងៃសម្ពោធលក់ជាផ្លូវការនេះ ក៏មាននំខេក នុំបុ័ង និងភេសជ្ជៈគ្រប់មុខ ដែលរសជាតិឈ្ងុញឆ្ងាញ់ ដោយឥតគិតថ្លៃ ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជន។
គួរបញ្ជាក់ផងដែរថា ហាងនំបុ័ង Tous Les Jours រហូតមកទល់នឹងពេលនេះ មានសាខាចំនួន១១ហើយ ដែលទាំងនៅរាជធានីភ្នំពេញ និងខេត្ដសៀមរាប ៕