(ភ្នំពេញ)៖ អ្នកឧកញ៉ា គួច ម៉េងលី អ្នកជំនាញវិស័យអប់រំ បានលើកឡើងថាការច្រៀងបទ «នគររាជ» ដោយមាត់ផ្ទាល់ នៅពេលគោរពទង់ជាតិនោះ គឺជាការដាស់ស្មារតីឲ្យស្នេហាជាតិកាន់តែខ្លាំងឡើងថែមទៀត។
ថ្លែងប្រាប់បណ្តាញ Fresh News អ្នកឧកញ៉ា គួច ម៉េងលី បានបន្តថា ការចាក់តែភ្លេងជាតិ ហើយឲ្យឈរស្មឹងស្មាធនោះ ជាការធ្វើឲ្យមនុស្សភ្លេចទំនុកច្រៀង។ មិនតែប៉ុណ្ណោះ ការធ្វើបែបនេះ ក៏នឹងធ្វើឲ្យមនុស្សមិនបានយល់ពីអត្ថន័យដ៏ល្អឯក ក្នុងបទនគររាជទៀតផង។
អ្នកឧកញ៉ា គួច ម៉េងលី បានបញ្ជាក់យ៉ាងដូច្នេះ «ច្រៀងបទ នគររាជ ដោយផ្ទាល់ ពេលគោរពទង់ជាតិ ខ្ញុំគិតថាវាសំខាន់ ធ្វើឲ្យយើងចងចាំ និងយល់ពីអត្ថន័យនៃប្រទេសយើងឲ្យបានច្រើន។ ការចាក់តែភ្លេង ធ្វើឲ្យប្រជាពលរដ្ឋភាគច្រើនភ្លេចការច្រៀង។ អញ្ចឹងទៅបាត់ទម្លាប់ (គោរព)។ ស្រុកគេ មិនត្រឹមតែគោរពទង់ជាតិទេ គេគោរពទាំងទង់ព្រះមហាក្សត្រទៀត។ យើងកាត់បន្ថយច្រើន (ពេក) គ្រាន់តែចាក់ភ្លេងហើយចប់ទៅ មិនដឹងពីអត្ថន័យចម្រៀងទៀត»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានណែនាំឲ្យគ្រប់សាលារៀនទាំងអស់ គួរតម្រូវឲ្យសិស្សានុសិស្សគោរពទង់ជាតិ ដោយច្រៀងចម្រៀងបទ «នគររាជ» ដោយផ្ទាល់ មិនគួរចាក់ភ្លេងនោះទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការបារម្ភ របស់សម្តេចនៅពេលចាក់ភ្លេងគោរពទង់ជាតិម្តងៗ ដោយសម្តេចធ្លាប់ជួបប្រទះផ្ទាល់ខ្លួន ក្នុងកម្មវីធីមួយចំនួនដល់ពេលគោរពទង់ជាតិ ចាក់ភ្លេងជាតិបទនគររាជ បែរចេញភ្លេងផ្សេងទៅវិញ ឬក៏ពេលខ្លះការចាក់ភ្លេងមានការរអាក់រអួលជាដើម។
សម្តេចតេជោលើកឡើងថា បទនគររាជ សម្រាប់គោរពទង់ជាតិ ដែលនិពន្ធដោយសម្តេចព្រះសង្ឃរាជ ជួន ណាត មានអត្ថន័យខ្លាំងណាស់ សម្រាប់កម្ពុជា។ បើតាមសម្តេចតេជោ មិនត្រឹមតែតាមសាលារៀនប៉ុណ្ណោះទេ សម្រាប់កងកម្លាំងប្រដាប់អាវុធ ក៏គួរតម្រូវឲ្យច្រៀងផ្ទាល់ផងដែរ នៅពេលគោរពទង់ជាតិម្តងៗ។
អ្នកឧកញ៉ា គួច ម៉េងលី បានគាំទ្រអនុសាសន៍សម្តេចតេជោ ហ៊ុន សែន។ លោកបញ្ជាក់បន្តថា «ខ្ញុំយល់ថា នេះជាអនុសាសន៍ល្អ ដើម្បីឲ្យក្មេងៗចាំអត្ថន័យនៃចម្រៀង ដែលមានអត្ថន័យខ្លឹមសារ ដែលមានយូរណាស់ហើយ ដើម្បីបុព្វហេតុជាតិយើង។ បទនគររាជ បង្រៀនឲ្យយើងយល់នូវអ្វីដែលយើងមាន និងបង្រៀនឲ្យរក្សាអ្វីទាំងនោះ»។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានឲ្យដឹងថា ក្រសួងគោរពទទួលអនុវត្តន៍តាមប្រសាសន៍របស់សម្តេចតេជោ ដោយបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធឆ្លើយតបនឹងករណីនេះ។ លោកបន្តថា នាពេលខាងមុខ ក្រសួងអប់រំ យុវជន និងកីឡា នឹងជម្រាបជូនព័ត៌មានបច្ចុប្បន្នភាព។
អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ និងជាអ្នកនិពន្ធសៀវភៅស្ដីពីប្រវត្ដិ ទង់ជាតិ ភ្លេងជាតិ នគររាជ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា បើយោងតាមខ្លឹមសារនិងអត្ថន័យក្នុងបទនគររាជ ខាងលើគឺសម្ដេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គបានបំផុស និងបង្កប់នូវអត្ថន័យពីរយ៉ាងជាអាទិ៍៖
* ទីមួយ៖ ន័យត្រង់ (អត្ថានុរូប) គឺទ្រង់បណ្ដុះ បំផុស រំលឹក ចំពោះស្មារតីយើងជាកុលបុត្រ កុលធិតាខ្មែរឲ្យភ្ញាក់រលឹកដោយទ្រង់ បានទាញយកភស្ដុតាងដ៏ជាក់ច្បាស់ មកបង្ហាញឲ្យឃើញអំពីប្រាសាទបុរាណយ៉ាងច្រើន ព្រោងព្រាត ពាសពេញលើទឹកដីខ្មែរ មានប្រាសាទអង្គរវត្ដ បាយ័ន្ដ តាព្រហ្ម ជាដើម មកជាសក្ខីភាព នៃសេចក្ដីចម្រើនរុងរឿងថ្កុំថ្កើងរបស់ខ្មែរក្នុងអតីតកាល ក្នុងកាលវេលាដ៏យូរកន្លងមកនោះ រហូតបន្ដមក, បរមរាជវំាង, សាកលវិទ្យាល័យ, បណ្ណាល័យ, វិទ្យាល័យ, ឱសថាល័យ, សាលសន្និសីទ, រតនាគារ, មហាបន្ទាយ, សារមន្ទីរ និងក្រសួងត្បូងការផ្សេងៗ...បានត្រូវរុក្ខាលតាវល្លិដុះព័ទ្ធបិទបំាងងងឹតស្លុបគ្រប់ទីកន្លែង។ ក្នុងនោះ រុក្ខាលតាវល្លិ៍ ថែមទំាងចាក់ឫសជ្រែកចូល ទៅក្នុងប្រាសាទសិលា ឬដុះពីលើដូចជាចង់បំផ្លាញ គាស់រំលាយរំលើងកិច្ចការស្នាដៃបុព្វបុរសខ្មែរ ឲ្យដួលរលំវិនាសទៅ ដើម្បីឲ្យប្រាង្គប្រាសាទលិបបាត់កណ្ដាលទ្រូងព្រៃ ក្លាយជាលំនៅ នៃសត្វចតុប្បាទទ្វេបាទ ដើម្បីឲ្យលែងជារមណីដ្ឋាន និងជាមន្ទីរត្បូងការដូចកាលពីអតីតកាល តទៅទៀត។
ក្នុងន័យនេះ បើទោះជាស្ថិតក្នុងសភាពយ៉ាងនេះក្ដី ក៏ភាពរឹងប៉ឹងនិងខ្លំាងពូកែរបស់ថ្ម ក៏បានទ្រំាទ្រទប់ជំហរ ពីការរុករានទន្រ្ទានជិះជាន់ នៃរុក្ខជាតិទំាងទ្បាយ ដោយមិនឲ្យរលាយពាយរលត់ បាត់ស្រមោលនោះទ្បើយ។ នេះគឺគ្រាន់តែប្រាសាទសិលាសម្របក្នុងព្រៃ ដើម្បីបំាងកណ្ដាលព្រៃ តែប៉ុណ្ណោះ។
* ទីពីរ៖ ន័យធៀប (អត្ថប្បដិរូប) ប្រាង្គសិលាបានន័យថាប្រទេសកម្ពុជា បានត្រូវរុក្ខជាតិ គឺប្រទេសជិតខាង ចាក់ឬសរុករានទន្រ្ទានទីស៊ីទឹកដីអស់ជាច្រើនកន្លែងណាស់ ព្រមទំាងគ្របដណ្ដប់អំណាចពីលើ ធ្វើទុក្ខបុកម្នេញមិនឈប់ឈរ ផងដែរ។
បានសេចក្ដីថា ប្រទេសកម្ពុជាសឹងរលាយរូបបាត់ពីប្រវត្ដិសាស្រ្ដពិភពលោក គឺដោយសារការគៀបសង្កត់ពីមហាអំណាចទំាងតូច ទំាងធំ គឺសុទ្ធតែជារុក្ខាលតាវល្លិ៍គ្របសង្កត់រឹតសង្កិនកម្ពុជា ដោយបំាងមិនឲ្យមើលឃើញ កណ្ដាលផ្ទៃរាបអន្ដរជាតិនេះឯង។ ហេតុនេះ យសសក្ដិ៍ថ្នាក់ខ្ពង់ខ្ពស់ឧត្ដុង្គឧត្ដម នៃប្រទេសកម្ពុជា ដែលធ្លាប់ជាមហាអំណាច ក៏ដូចជាប្រាសាទសិលា ដែលធ្លាប់ជារមណីដ្ឋាន បានត្រូវអន់ខ្សោយថយចុះរោយរុះអានុភាពដ៏គួរឲ្យខ្លោចផ្សាជាទីបំផុត។ ត្រង់នេះហើយ ដែលសម្ដេចព្រះសង្ឃរាជ ជួន ណាត ជាម្ចាស់ទ្រង់និពន្ធនោះ៕