(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាន បញ្ជាក់ថា នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ស្អែកនេះ អាជ្ញាធរមីន នឹងមានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍លើវិស័យមីន នៅសណ្ឋាគារសុខាភ្នំពេញ។

សិក្ខាសាលានេះ នឹងត្រូវធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើការផ្សព្វផ្សាយសមិទ្ធផលការងារ ដែលសម្រេចបានក្នុងរយៈពេល ៣ឆ្នាំដំបូង នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ និងទិសដៅបន្តទៅមុខ ព្រមទាំងពិភាក្សាលើការងារ និងបញ្ហាប្រឈមសំខាន់ៗ ស្របទៅនឹងស្ថានការណ៍បច្ចុប្បន្ននៅក្នុងសកម្មភាពមីន។

កិច្ចប្រជុំនេះ ក៏នឹងមានការអញ្ជើញចូលរួមពីតំណាងដៃគូអភិវឌ្ឍន៍ក្នុងវិស័យមីន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងអង្គទូតពីប្រទេសផ្តល់ជំនួយ ព្រមទាំងតំណាងប្រតិបត្តិករបោសម្អាតមីនជាតិនិងអន្តរជាតិ ប្រមាណ១០០នាក់ផងដែរ៕