(កំពង់ស្ពឺ)៖ ទេសាភិបាលរងនៃធនាគារជាតិកម្ពុជា បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ប្រើប្រាស់ប្រាក់រៀលប្រចាំថ្ងៃ ខណៈការចរាចរប្រាក់រៀល និងការទូទាត់ប្រាក់កាន់តែទំនើប ដោយធ្វើឡើងតាមប្រព័ន្ធឌីជីថលគ្រប់ធនាគារ ក្នុងស្រុកទាំងអស់។
លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិកម្ពុជា អំពាវនាវបែបនេះ ធ្វើឡើងនៅក្នុងទិវាប្រាក់រៀលខួបទី៤៣ នៃការដាក់ឲ្យចរាចរប្រាក់រៀល រៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នៅខេត្តកំពង់ស្ពឺ។
លោកស្រី ជា សិរី មានថ្លែងថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រដ្ឋាភិបាលបានខិតខំតស៊ូបង្រួបបង្រួមជាតិ ដើម្បីធានាឱ្យមានសុខសន្តិភាពពេញលេញ និងបានខិតខំកសាងសង្គម និងសេដ្ឋកិច្ច ឡើងវិញពីបាតដៃទទេលើគ្រប់វិស័យ ហើយការងារចម្បងមួយក្នុងចំណោមការងារអាទិភាព នានានៅពេលនោះ គឺការបោះផ្សាយប្រាក់រៀលឡើងវិញ ដើម្បីសម្រួលដល់ប្រតិបត្តិការ ដោះដូរទំនិញនិងសេវានៅក្នុងសេដ្ឋកិច្ច ជាពិសេសការកសាងនិងពង្រឹងអធិបតេយ្យជាតិ។
លោកស្រីបន្តថា នៅថ្ងៃ២០ ខែមីនា ឆ្នាំ១៩៨០ ប្រាក់រៀលត្រូវបានដាក់ឱ្យចរាចរឡើងវិញជាផ្លូវការ និងទទួលបានការសាទរជាខ្លាំង ពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប និងចាប់ផ្ដើមដើរតួនាទីមួយ ចំនួននៅក្នុងប្រតិបត្តិការដោះដូរ ទន្ទឹមនឹងការប្រើប្រាស់វត្ថុមានតម្លៃមួយចំនួនទៀត ជាពិសេស មាស និងអង្ករ ជាដើម ដែលជាមធ្យោបាយទូទាត់ដ៏សំខាន់ ក្នុងឆ្នាំ១៩៧៩ និងក្នុងទសវត្សរ៍ ឆ្នាំ១៩៨០។
ទេសាភិបាលរងបន្តថា ដោយសារការអូសបន្លាយពេលនៃសង្គ្រាមស៊ីវិល រហូតដល់ចុងឆ្នាំ១៩៩៨ បានធ្វើឱ្យជំនឿទុកចិត្តលើប្រាក់រៀលមានកម្រិតទាប ស្របពេលដែលការចរាចរណ៍ប្រាក់រៀល មិនមានភាពទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមតំបន់ព្រំដែន។
លោកស្រីលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធនៅក្នុងកំពង់ស្ពឺទាំងអស់ ឱ្យបន្តប្រើប្រាស់រៀលឱ្យកាន់តែច្រើនឡើងៗ ថែមទៀត។
លោកស្រីបន្ថែមថា ក្រោមទស្សនវិស័យលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល រាជរដ្ឋាភិបាល និងធនាគារជាតិ នៃកម្ពុជាបានសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីគាំទ្រតម្រូវការប្រាក់រៀល និងធ្វើឱ្យប្រាក់រៀលកាន់តែងាយស្រួលប្រើប្រាស់ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជា សម្រាប់អាជីវកម្ម។
ទន្ទឹមនេះ ការគ្រប់គ្រងចរាចរណ៍ប្រាក់រៀល ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីបំពេញតម្រូវការប្រាក់រៀល នៅតាមតំបន់នានានៅទូទាំងប្រទេស ហើយក្រដាសប្រាក់ ចាស់ ទក់ រហែក ត្រូវបានប្រមូលជាប្រចាំ និងជំនួសមកវិញដោយក្រដាសប្រាក់រៀលថ្មីៗ គ្រប់ប្រភេទ ជាមួយនឹងការលើកកម្ពស់គុណភាព និងសោភ័ណភាពក្រដាសប្រាក់រៀល។ ជាសមិទ្ធផលគួរជាទីមោទនៈ ក្រដាសប្រាក់រៀលបានទទួលពានរង្វាន់អន្តរជាតិ ជាបន្តបន្ទាប់ ទៅលើគុណភាពនៃក្រដាសប្រាក់ ដូចជា ក្រដាសប្រាក់ ៥០ ០០០ រៀល បានទទួលពានរង្វាន់ សំរឹទ្ធលើផ្នែកគុណភាព និងសោភ័ណភាពពីវិទ្យាស្ថានរូបិយវត្ថុអន្តរជាតិ នៅចក្រភពអង់គ្លេស ហើយក្រដាសប្រាក់អនុស្សាវរីយ៍ប្រភេទ ១៥ ០០០ រៀល បានឈ្នះពានរង្វាន់ជាក្រដាសប្រាក់ថ្មីឆ្នើមប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០១៩ ពីស្ថាប័នអន្តរជាតិ Reconnaissance ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ដោយសារបច្ចេកទេសនៃការផលិតក្រដាសប្រាក់ របស់កម្ពុជាមានលក្ខណៈទំនើប និងប្រកបដោយសុវត្ថិភាពខ្ពស់។
លោកស្រីសង្កត់ធ្ងន់ថា ប្រព័ន្ធទូទាត់អេឡិចត្រូនិក ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យ ការប្រើប្រាស់ប្រាក់រៀល កាន់តែមានភាពងាយស្រួលមិនថា ក្នុងទំហំទឹកប្រាក់តិច ឬច្រើន នោះទេ។ ប្រព័ន្ធទូទាត់បាគង ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ «ប្លុកឆេន និងស្ដង់ដារ KHQR Code បានសម្រួលដល់ការបង្វែរ និងការទូទាត់ឆ្លងគ្រឹះស្ថាន៕