(បន្ទាយមានជ័យ)៖ រថយន្តកុងតឺន័រផ្ទុកស្កសរពេញដែលគេអះអាងថានាំចូលពីប្រទេសថៃអត់បង់ពន្ធ តាមច្រកខេត្តប៉ៃលិនឆ្ពោះទៅខេត្តបន្ទាយមានជ័យត្រូវបានកំលាំងគយខេត្តស្ទាក់ចាប់បាននៅក្នុងទីរួមខេត្តបានមួយភ្លែតក៏ដោះលែងទៅវិញបាត់ ដោយគ្មានមូលហេតុច្បាស់លាស់ សង្ស័យមានការត្រូវរ៉ូវគ្នា។
ករណីឃាត់រថយន្តដឹកស្កសរសង្ស័យអត់បង់ពន្ធនាំចូលខាងលើនេះបានប្រព្រឹត្តទៅនៅវេលាម៉ោង៤ ល្ងាច ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦នេះ នៅត្រង់ចំណុចស្ពានតាផាន់ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បើតាមការអះអាងពីអ្នកបើកបរបានប្រាប់អ្នកកាសែតដែលទៅថតយកព័ត៏មានថា មិនបាច់មកថតរូបទេ អ្នកកាសែត គឺខាងថ្នាក់លើគេដោះស្រាយគ្នាហើយ នឹងអោយរថយន្តបើកទៅមុខហើយ វាមិនមានបញ្ហាអ្វីនោះទេ ។ អ្នកបើកបរបានបន្តថា ស្កសរផ្ទុកក្នុងរថយន្តនេះមានទំងន់ប្រមាណជាង២០តោងប៉ុណ្ណោះ ព្រោះរថយន្តនេះធ្វើខ្លួនឯងដូច្នេះមិនហ៊ានដឹកធ្ងន់ជាងនេះទេ ។
ពាក់ព័ន្ធករណីនេះ ភ្នាក់ងារ Fresh News បានព្យាយាមធ្វើការទាក់ទងនៅល្ងាចថ្ងៃដដែរ ទៅកាន់លោកឆែ សុធា ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ ដើម្បីសុំការបំភ្លឺដែល តែលោកពុំលើកទូរស័ព្ទនោះទេ។
សូមបញ្ជាក់ថា ចំពោះរថយន្តខាងលើនេះគឺត្រូវបានមន្ត្រីគយសាខាខេត្តបន្ទាយមានជ័យ នាំយកមកទុកនៅមុខទីស្នាក់ការគយ និងរដ្ឋាករខេត្តបានមួយភ្លែតក៏ដោះលែងទៅវិញបាត់ទៅដោយគេមិនដឹងថាមានមូលហេតុអ្វីនោះទេ៕