(រតនគិរី)៖ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ប្រតិភូខេត្តកន្ទូម នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក យឿង វ៉ាន់ចាង សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស លេខាបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្តកន្ទូម បានអញ្ជើញសួរសុខទុក្ខ និងជូនពរលោកញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
នៅក្នុងជំនួបនេះលោក យឿង វ៉ាន់ចាង បានថ្លែងថា ក្នុងនាមលេខាបក្សខេត្ត ក្រុមប្រឹក្សាខេត្ត ព្រមទាំងប្រជាជនខេត្តកន្ទូម មានសេចក្ដីសោមនស្សរីករាយឥតឧបមា និងសូមសម្ដែងអំណរសាទរយ៉ាងកក់ក្ដៅ ជូនចំពោះលោកញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណបក្សប្រជាជនខេត្ត ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងទាំង៣ និងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ សូមសមប្រកបនូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំខេត្តរតនគិរីឲ្យឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងភាពសម្បូររុងរឿង។
ជាការឆ្លើយតបលោក ញ៉ែម សំអឿន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាព រវាងរដ្ឋបាលខេត្តរតនគិរី និងខេត្តកន្ទូម ដែលបានធ្វើសហប្រតិបត្តិការល្អរវាងគ្នានិងគ្នា។ លោកមានជំនឿជាក់ថា ខេត្តទាំងពីរនឹងបន្ត ពង្រឹងពង្រឹកបន្ថែមទៀតនាពេលអនាគត ដើម្បីជាប្រយោជន៍ទៅវិញទៅមក និងដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលសុខនៃខេត្តទាំងពីរ។
លោក ញ៉ែម សំអឿន បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះគណ:ប្រតិភូខេត្តកន្ទូម ដែលបានឆ្លៀតឱកាសចំណាយពេលវេលាដ៏មានតំលៃអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជូនថ្នាក់ដឹកនាំខេត្តរតនគិរី ក៏ដូចជាប្រជាពលរដ្ឋខេត្តរតនគិរីនាពេលនេះ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃដ៏ដែលនេះ គណៈប្រតិភូខេត្តកន្ទូម នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកយឿង វ៉ាន់ចាង សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស លេខាបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សា ប្រជាជនខេត្តកន្ទូម និងថ្នាក់ដឹកនាំខេត្តរតនគិរី បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធកងទ័ពស្ម័គ្រចិត្តវៀតណាម នៅស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម ស្ថិតនៅក្រុងបានលុងខេត្តរតនគិរីផងដែរ៕