(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នឹងរៀបចំ «ពិព័រណ៍កេសរកូល» ដើម្បីអបអរសាទរ «វេទិកាកេសរកូលជាតិលើកទី៣ និងការប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សៀវភៅមគ្គទេសក៍ស្តីពីបន្លែនៅប្រទេសកម្ពុជា» ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នៅផ្សារទំនើបអ៉ីអន១។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ស្ថានទូត អង្គការដៃគូ វិស័យឯកជន អ្នកជំនាញការជាតិ និងអន្តរជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធ។

ពិព័រណ៍នេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖

*ទី១៖ លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ និងគុណតម្លៃ នៃប្រភេទកេសរកូលព្រៃ និងរុក្ខជាតិនៅកម្ពុជាសំដៅជំរុញឲ្យមានការចូលរួម និងថែរក្សាធនធាន ធម្មជាតិ និងជីវៈចម្រុះពីសាធារណជន និងអ្នកពាក់ព័ន្ធ

*ទី២៖ ពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ជាពិសេសការកសាងបណ្តាញអ្នកស្រឡាញ់ប្រភេទកេសរកូលព្រៃ ដើម្បីចូលរួម និងគាំទ្រដល់ការការពារ និងការអភិរក្សកេសរកូលព្រៃកម្ពុជា

*ទី៣៖ ផ្ដល់ឱកាសដល់វិស័យឯកជន ក្នុងការចូលរួមចំណែកក្នុងកិច្ចការពារ អភិរក្សធនធានធម្មជាតិ និងការគ្រប់គ្រងបរិស្ថាននៅកម្ពុជា

*ទី៤៖ ផ្សព្វផ្សាយអំពីភាពសម្បូរបែបនៃកេសរកូលព្រៃ រុក្ខជាតិគ្រឿងទេស បន្លែ និងផ្លែឈើ ដែលមានវត្តមាននៅកម្ពុជា។

ពិព័រណ៍នេះក៏មានការតាំងបង្ហាញពីប្រភេទកេសរកូលព្រៃ កេសរកូលពូជបង្កាត់ រុក្ខជាតិកម្រ រុក្ខជាតិលម្អ ផលិតផលធម្មជាតិជាច្រើនប្រភេទ ក៏ដូចជាមានការបង្ហាញម៉ូតសម្លៀកបំពាក់លម្អដោយកេសរកូល ការសម្តែង ល្ខោនស្បែកតូច និងការប្រគុំតន្ត្រីក្រុមតូច ដែលអនុញ្ញាតឲ្យភ្ញៀវជាតិ-អន្តរជាតិ សិស្ស និស្សិត និងសាធារណជន អាចចូលទស្សនាដោយសេរី នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ចាប់ពីម៉ោង១៧៖០០នាទី ដល់ម៉ោង២១៖ ០០នាទី ថ្ងៃទី០៨ និងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ ចាប់ពីម៉ោង០៩៖០០នាទីព្រឹក ដល់ម៉ោង ២១៖០០នាទី៕