(ព្រៃវែង)៖ លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីពិនិត្យ និងវាយតម្លៃ និងស្ដាប់នៅផែនការសកម្មភាព និងបញ្ហាប្រឈមនានា ចំនុចខ្វះខាត របស់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំអនុវត្តកន្លងមក ដើម្បីរួមគំនិតមតិយោបល់ដើម្បីធ្វើការដោះស្រាយបញ្ហាដែលខ្វះខាតទាំងអស់នោះ ធ្វើយ៉ាងណាដើម្បីដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យគាត់ទទួលបានសេវាទាំងអស់នោះបានទាន់ពេលវេលា និងពេញចិត្ត។
ក្រោយពីបានស្ដាប់ផែនការសកម្មភាពរបាយការណ៍ និងបញ្ហាប្រឈម ចំណុចខ្វះខាតមួយចំនួន ដែលបានលើកឡើងរបស់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធនៅសកម្មភាពរបស់ខ្លួនដែលបានអនុវត្តកន្លងរួចមកនោះ នៅក្នុងកិច្ចប្រជុំនាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ លោក ស្បោង សារ៉ាត់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារឲ្យកម្លាំងកាយចិត្តរបស់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធដែលបានខិតខំអនុវត្តន៍ អស់កម្លាំងកាយចិត្តក្នុងការបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ នាពេលកន្លងមក។
លោក ស្បោ សារ៉ាត់ បានលើកឡើងចំណុចសំខាន់ៗ មួយចំនួន សម្រាប់ឲ្យមន្ត្រីមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធ មន្ទីរអង្គភាពយកទៅអនុវត្តឲ្យមានប្រសិទ្ធភាព ដោយឲ្យមន្ត្រីមន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យ និងតាមដាន រាល់បញ្ហាសំណូមពរខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាឆ្លើយតបឲ្យគាត់ឲ្យបានទាន់ពេលវេលា។
លោកបានបន្តថា «មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង ត្រូវខិតខំយកចិត្តទុកដាក់ពិនិត្យចំពោះយានយន្ត ដឹកលើសទម្ងន់ និងរថយន្តដែលមានការតទ្រង់ខ្ពស់ដឹកឥវ៉ាន់ដែលជាបញ្ហាអាចបង្កគ្រោះថ្នាក់ ដល់អ្នកធ្វើដំណើររួមគ្នានៅតាមដងផ្លូវសាធារណៈ។ ត្រូវតាមដាន និងក្តាប់ឲ្យបានសកម្មភាពទាំងឡាយ ជាពិសេសការអនុវត្តឲ្យបាននូវភូមិឃុំមានសុវត្ថិភាពឲ្យបានល្អប្រសើជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន»។
បន្ថែមលើសពីនេះ កងកម្លាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្ត បង្ក្រាប នៅបញ្ហាគ្រឿងញៀននៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់។ ត្រូវជំរុញឲ្យបានល្អក្នុងការ ផ្តល់សេវាសាធារណៈគ្រប់ប្រភេទ និងគ្រប់ជ្រុងជ្រោយ ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ធ្វើយ៉ាងណាដើម្បីបំពេញតម្រូវការចាំបាច់ដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងទទួលបាននូវទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែងនេះ បានធ្វើការ ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ពិនិត្យ ពិភាក្សា ចូលរួមផ្តល់យោបល់ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា និងសេចក្តីព្រាង របាយកាណ៍ប្រចាំត្រីមាសទី១ និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត។ ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងប្រតិទិនកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦)៕