(ភ្នំពេញ)៖ ប្រជាជនភាគច្រើនយល់ថា សេវាកម្មមគ្គុទ្ទេសក៍ទេសចរណ៍ (Tour Guide) គឺសម្រាប់តែភ្ញៀវទេសចរបរទេសប៉ុណ្ណោះ ប៉ុន្តែវាមិនដូច្នោះឡើយ ពីព្រោះថាមគ្គុទ្ទេសក៍ទេសចរណ៍ក៏ជាតម្រូវការដ៏សំខាន់មួយសម្រាប់ភ្ញៀវទេសចរដែលចង់ដឹង ចង់ឮ ចង់យល់អំពីខ្លឹមសារសិលាចារិក ចម្លាក់បដិមា ប្រវត្តិសាស្រ្ត អាថ៌កំបាំង ក៏ដូចជាសិក្សាស្វែងយល់នូវរឿងរ៉ាវនានា។
ជាមគ្គុទ្ទេសក៍ទេសចរណ៍មួយរូបប្រចាំតំបន់អង្គរ លោក ពា គឹមថុន បានថ្លែងថា នៅពេលភ្ញៀវទេសចរជនជាតិខ្មែរប្រើប្រាស់សេវាកម្មមគ្គុទ្ទេសក៍ទេសចរណ៍ ពួកគេនឹងទទួលបានគុណប្រយោជន៍ជាច្រើន ដូចជាយល់ដឹងបន្ថែមពីវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ ការកសាងប្រាសាទ និងគុណតម្លៃនៃបេតិកភណ្ឌដែលបានបន្សល់ទុកដោយអតីតព្រះមហាក្សត្រ និងបុព្វបុរសខ្មែរកាលពីជំនាន់មុ។ ពិសេសនោះគឺបានបង្កើនចំណេះដឹងពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តខ្មែរនៅតាមសម័យកាល តាមរយៈសិលាចារិក ចម្លាក់បដិមាផ្សេងៗ។ ក្រៅពីនេះភ្ញៀវទេសចរនឹងបានស្ដាប់នូវរឿងទេវកថានានានៅតាមជញ្ជាំងប្រាសាទ។
មគ្គុទ្ទេសក៍ដ៏មានថ្វីមាត់ លោក ពា គឹមថុន បានបន្តថា តាមរយៈការយល់ដឹងនេះ វាក៏នឹងជួយបណ្តុះស្មារតីជាតិនិយម ស្គាល់ពីប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិខ្លួន ដើម្បីចូលរួមអភិរក្សបន្តនូវសម្បត្តិវប្បធម៌ បេតិកភណ្ឌរបស់ដូនតាផងដែរ។
លោកបានបន្តថា ក្រៅពីនេះភ្ញៀវទេសចរនឹងក៏នឹងទទួលបានសេវាកម្មបន្ទាប់បន្សំផ្សេងៗទៀត ដូចជា ការបកស្រាយនូវចម្ងល់នានាទាក់ទងនឹងប្រវត្តិសាស្ត្រ ជួយថតរូបស្អាតៗជាមួយទីតាំងដែលគួរឱ្យចាប់អារម្មណ៍ជូនភ្ញៀវទេសចរគ្រប់គ្នា។
កញ្ញា ហូ វួចលាង ជាភ្ញៀវទេសចរម្នាក់ដែលបានទៅទស្សនាប្រាសាទអង្គរវត្ត បានថ្លែងថា កាលពីមុន រាល់ពេលដែរកញ្ញាមកលេងអង្គរ ទោះបីជាមួយគ្រួសារក្ដី មិត្តភក្តិក្ដី កញ្ញាតែងគិតថាចូលប្រាសាទ គ្រាន់តែថតរូបបង្ហោះថាបានមក ដើរមើលតែមួយជុំ រួចក៏ត្រឡប់ទៅវិញ។ តែក្រោយពេលដែលជួលសេវាកម្មមគ្គុទ្ទេសក៍ទេសចរណ៍ភាសាខ្មែរនេះមក កញ្ញាទទួលបានចំណេះដឹងជាច្រើនពីចំណេះដឹងប្រវត្តិសាស្រ្ត វប្បធម៌ អត្ថន័យនៃចម្លាក់ ក្បូរក្បាច់រចនាផ្សេងៗ ដែលធ្វើឱ្យមានអារម្មណ៍មោទនភាព ព្រោះអ្វីដែលបានរៀនគឺមិនលម្អិតដូចអ្វីដែលបានមកជួបផ្ទាល់ និងឮផ្ទាល់បែបនេះឡើយ។
លោក រស់ សណ្ដាន ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ និងជនជាតិខ្មែរនិយាយភាសារុស្ស៉ី បានវាយតម្លៃថា ស្ថានភាពនៃការប្រើប្រាស់សេវាកម្មមគ្គុទ្ទេសក៍ទេសចរណ៍ភាសាខ្មែរ គឺមានការផុសផុលជាងមុន ដោយសារប្រជាជនកម្ពុជាសព្វថ្ងៃមានការចាប់អារម្មណ៍ខ្លាំង ចំពោះការធ្វើដំណើរកម្សាន្តតាមគោលដៅរមណីយដ្ឋានប្រវត្តិសាស្រ្តទូទាំងប្រទេស ជាពិសេសរមណីដ្ឋានប្រវត្តិសាស្រ្តខេត្តសៀមរាប ហើយពួកគាត់តែងតែរកសេវាជូនភ្ញៀវរបស់មគ្គុទ្ទេសក៍ជាខេមរភាសា ដើម្បីស្វែងយល់អំពីប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ប្រពៃណី សាសនារបស់ដូនតាតាំងពីបុរាណតរៀងមក។
លោក ឈុន មករា អគ្គលេខាធិការរង គ.ជ.វ.ទ និងជាប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារ ដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍ បានបញ្ជាក់ថា ចក្ខុវិស័យនៃការជំរុញឱ្យភ្ញៀវទេសចរជាតិចូលរួមប្រើប្រាស់សេវាកម្មមគ្គុទ្ទេសក៍ទេសចរភាសាខ្មែរនោះ គឺដើម្បីជំរុញឱ្យប្រជាជនកម្ពុជាស្គាល់កាន់តែច្បាស់ពីប្រវត្តិសាស្រ្ត វប្បធម៌ សំណង់ស្ថាបត្យកម្មរបស់ដូនតាខ្មែរ និងដើម្បីបង្កើនចំណាប់អារម្មណ៍ដល់ភ្ញៀវទេសចរជាតិឱ្យចូលមកទស្សនាខេត្តសៀមរាបកាន់តែប្រសើជាងមុន ស្របទៅតាមយុទ្ធនាការ «ស្រលាញ់ជាតិឱ្យស្គាល់ទឹកដី»៕