(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ ៥ល្ងាចថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះសំណាល និងពិសារ​អាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ គ្រូបង្វឹក ព្រមទាំងកីឡាករ កីឡាការិនីជម្រើសជាតិ​កម្ពុជា​សរុប ៤,២៦៤នាក់។ ពិធីនេះរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍​កោះពេជ្រ។

ពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីរវាងសម្តេចតេជោ ជាមួយដឹកនាំ គ្រូបង្វឹក ព្រមទាំងកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា បានធ្វើចំនួន៤លើករួចមកហើយ។ ប៉ុន្តែ​ត្រូវបានខកខាននៅឆ្នាំ២០២០,២០២១ និង២០២២ ដោយសារតែការ​រាតត្បាត​នៃជំងឺ​កូវីដ​១៩។

ជំនួបសំណេះសំណាល និងពិសារអាហារសាមគ្គីនេះ ដើម្បីផ្តល់កម្លាំងចិត្តដល់ថ្នាក់​ដឹក​នាំ គ្រូបង្វឹក ក៏ដូចជាកីឡាករ កីឡាការិនី។ បន្ថែមពីលើនោះ ក៏ជាឱកាសសម្តេចតេជោនាយករដ្ឋមន្ត្រី ផ្តល់ដំបូន្មាន ផ្តល់អនុសាសន៍មួយចំនួនពង្រឹងវិស័យកីឡានៅកម្ពុជា ខណៈឆ្នាំនេះកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ បន្ទាប់ពីរង់ចាំអស់រយៈពេល៦៤ឆ្នាំ។

លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ត្រៃយ៍ គណៈ​កម្មា​ធិ​ការ​​ជាតិ CAMSOC-CAMAPGOC និងជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ពិធីស្រស់ស្រូបអាហារសាមគ្គីនាពេលនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំកីឡា មន្ត្រីកីឡាចំនួន ៩១៩,នាក់, ថា្នក់ដឹកនាំ មន្ត្រីកីឡា ជនមានពិការភាព និងពិការសតិបញ្ញា ចំនួន ២២០នាក់, ថ្នាក់ដឹកនាំមន្ត្រីកីឡា កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិចំនួន ៥០នាក់, ព្រឹទ្ធាចារ្យកីឡាចំនួន ៧៥នាក់ និងកីឡាករ កីឡាការិនី គ្រូបង្វឹក អាជ្ញាកណ្តាល-ចៅក្រមចំនួន ៣,០០០នាក់។

លោករដ្ឋមន្ត្រី ថោង ខុន ចាត់ទុកវត្តមានរបស់សម្តេចអញ្ជើញពិសារអាហារសាមគ្គីជាមួយ​ក្រុមគ្រួសារកីឡា​នាពេល បង្ហាញឱ្យពីការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យកីឡានៅ​កម្ពុជា ក៏ដូចជាសុខទុក្ខថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនីរបស់កម្ពុជា។

ជាពិសេសជំនួបអាហារសាមគ្គីនាពេលនេះ ក៏ជាឱកាសឱ្យថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនី ទទួលបាននូវអានុសាសន៍ថ្មីៗបន្ថែមទៀត ដើម្បីត្រៀឆ្ពោះទៅការប្រកួតស៊ីហ្គេមឱ្យទទួលបានជោគជ័យ៕