(កំពង់ស្ពឺ)៖ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ កម្ពុជាបានធ្វើឱ្យមានការរីកចម្រើនយ៉ាងខ្លាំងចំពោះការកាត់បន្ថយការបន្ទោបង់ពាសវាលពាសកាលនៅតាមខ្នងផ្ទះក្នុងតំបន់ជនបទ ហើយចំនួនខ្នងផ្ទះដែលអនុវត្តការបន្ទោបង់ ពាសវាលពាសកាល បានធ្លាក់ចុះពី ៦២% ក្នុងឆ្នាំ២០១០ មកនៅត្រឹមតែ ១៦%ប៉ុណ្ណោះ ក្នុងឆ្នាំ២០២២។ នៅពេលនេះខេត្តកំពង់ស្ពឺ បានក្លាយជាខេត្តទី៤ ដែលបានប្រកាសជាខេត្តបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល។
ពិធីប្រកាសទទួលស្គាល់ជាផ្លូវការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតិភាពលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។
នាឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងថា «ជោគជ័យនេះក៏ដោយសារតែមានការគាំទ្រពីអ្នកពាក់ព័ន្ធទាំងអស់ជាច្រើនទស្សវត្សមកហើយ ដោយបានធ្វើការយ៉ាងយកចិត្តទុកដាក់នៅគ្រប់កម្រិត ក្នុងការពង្រឹងការរៀបចំស្ថាប័ន និងសមត្ថភាព ការអភិវឌ្ឍផែនការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ផែនការ ODF) ទូទាំងខេត្តដោយប្រើប្រាស់ឧបករណ៍ផ្សេងៗ ការអនុវត្តប្រព័ន្ធតាមដាន និងត្រួតពិនិត្យអនាម័យ ចលនាឱ្យមានការចូលរួមពីសហគមន៍ ការរៀនសូត្រ និងការផ្លាស់ប្ដូរបទពិសោធន៍ពីការកំណត់នូវវិធីសាស្ត្រមូលដ្ឋានទីផ្សារអនាម័យ និងការផ្តោតការយកចិត្តទុកដាក់ដល់ក្រុម មនុស្សដែលងាយរងគ្រោះ និងលំបាកក្នុងការទទួលបានសេវា»។
លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានបញ្ជាក់ថា៖ «ការសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលគឺ ជាសមិទ្ធផលដ៏ធំមួយរួចទៅហើយ ប៉ុន្តែនៅមានការងារជាច្រើនទៀតដែលយើងត្រូវធ្វើ។ យើងត្រូវធានាថាគ្រួសារទាំងអស់ មានបង្គន់អនាម័យ និងប្រើប្រាស់ បង្គន់អនាម័យគ្រប់គ្នាដើម្បីសម្រេចបាននូវការទទួលបានសេវាអនាម័យកម្រិតមូលដ្ឋានជាសកល និងរក្សាបាន និរន្តភាពនៃសេវាអនាម័យ។ យើងត្រូវការមួយជំហានទៀតដើម្បីសម្រេចបាន សេវាគ្រប់គ្រង អនាម័យប្រកបដោយសុវត្ថិភាព លើសពីការប្រើប្រាស់បង្គន់ទៅជាការគ្រប់គ្រងកាកសំណល់លាមក»។
លោករដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ បានគូសបញ្ជាក់ថា នៅមានបញ្ហាប្រឈមសំខាន់មួយទៀត គឺការរក្សាឱ្យមាននិរន្តភាពនូវស្ថានភាពការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ហើយត្រូវធានាថាបរិក្ខាទឹកស្អាត និងអនាម័យទាំងអស់មានភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ។ ទាំងនេះតម្រូវឱ្យមានភាពជាអ្នកដឹកនាំក្នុងតំបន់ ព្រមទាំងសមត្ថភាព បច្ចេកវិទ្យា និងគំនិតផ្តួចផ្តើមថ្មីៗក៏ដូចជា សកម្មភាពរួមគ្នាក្នុងចំណោមអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជនផងដែរ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ចំនួនខ្នងផ្ទះដែលមាន ទឹកស្អាតហូប និងប្រើប្រាស់មានចំនួន ១៤២,៦៤៦ខ្នង ដែលមានអត្រាគ្របដណ្ដប់ការផ្គត់ផ្គង់ទឹកស្មើនឹង ៧៣%។ ក្នុងនោះអណ្ដូងស្នប់ចំនួន ៤,៦៥៤អណ្តូង អណ្ដូងលូចំនួន ៣,៧០៤អណ្តូង ស្រះសហគមន៍ចំនួន ១.៧៣២ស្រះ អាងត្រងទឹកភ្លៀងសរុបចំនួន ២,៤៧៣អាង ប្រព័ន្ធចែកចាយទឹកចំនួន ៧៤កន្លែង ស្ថានីយ៍បន្សុទ្ធទឹកស្អាតសរុបចំនួន ២២កន្លែង។
ចំពោះការងារលើកកម្ពស់អនាម័យជនបទនៅក្នុងខេត្តកំពង់ស្ពឺ រួមមាន៖ ខ្នងផ្ទះដែលមានបង្គន់អនាម័យប្រើប្រាស់ចំនួន ១៨២,៤៩៩ខ្នង នៃចំនួនខ្នងផ្ទះ សរុប ១៩៥,៤០៦ខ្នង, ខ្នងផ្ទះប្រើបង្គន់អនាម័យរួម ១២,៩០៧ខ្នង (ក្នុងនោះខ្នងផ្ទះក្រីក្រ ៥,៤០៤) និងចំនួនខ្នងផ្ទះបានលាងសម្អាតដៃនឹងសាប៊ូ ស្មើនឹង១០០% ចំនួនខ្នងផ្ទះសរុប។
សូមបញ្ជាក់ថា ស្ថានភាពក្រុង ស្រុក ដែលទទួលបានODFមានទី១៖ ស្រុកបសេដ្ឋទទួលបាន ODF នៅឆ្នាំ២០១៩, ទី២៖ ក្រុងច្បារមន ទទួលបាន ODF នៅឆ្នាំ២០២១ និងស្រុកចំនួន៦ទៀតរួមមាន៖ ស្រុកគងពិសី ស្រុកឱរ៉ាល់ ស្រុកភ្នំស្រួច ស្រុកឧដុង្គ ស្រុកសំរោងទង និងស្រុកថ្ពង ទទួលបាន ODF នៅដំណាច់ឆ្នាំ២០២២។ កន្លងទៅពេលថ្មីៗនេះ ខេត្តកំពង់ស្ពឺក៏ទទួលបាននូវពានរង្វាន់អាស៊ាន ពីប្រទេសឥណ្ឌូនេស៊ីផងដែរ គឺនៅឃុំ យាយម៉ៅពេជ្យនិល ស្រុកភ្នំស្រួច (បង្គន់អនាម័យស្អាត)៕