(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ លោក រ៉ូហ្វី អូស្មាន តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយអាហាររ៉ាម៉ាឌន របស់អង្គការ LIFE ជូនសាសនិកឥស្លាមចំនួន៣០០គ្រួសារ ស្ថិតក្នុងភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ អ្នកតំណាងរាស្ត្រ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងខេត្ត អភិបាលរងស្រុក តំណាងអង្គការ LIFE និងអជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ផងដែរ។

ក្នុងឱកាសនោះ លោក រ៉ូហ្វី អូស្មាន បានថ្លែងអំណរគុណដល់អង្គការ LIFE ដែលបានពាំនាំអំណោយគ្រឿងឧបភោគបរិភោគទាំងនេះ ចែកជូនសាសនិកឥស្លាម ដែលបង្ហាញពីការយកចិត្តទុកដាក់របស់អង្គការ ដល់ប្រជាជនកម្ពុជា។ លោកក៏បានថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានបើសិទ្ធិទូលំទូលាយឲ្យបណ្ដាអង្គការ សមាគម ទទួលជំនួយមនុស្សធម៌នានា ដើម្បីចូលរួមសម្រាលជីវភាពប្រជាជនកម្ពុជា។

លោកបានរំលឹកថា ក្រោមម្លប់សន្តិភាព នៃការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាមានភាពរីកចម្រើនឥតឈប់ឈរ។ ការរីកចម្រើននេះ ក៏បានមកដោយសារកត្តាជាច្រើន ក្នុងនោះ មានកត្តាមួយសំខាន់បំផុត គឺការចូលរួមគាំទ្ររបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ លើមាគ៌ាដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ជាក់ស្តែងដូចជា ការបោះឆ្នោតនាពេលកន្លងមកប្រជាពលរដ្ឋ បានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនយ៉ាងច្រើនកុះករជាដើម។

លោក រ៉ូហ្វី អូស្មាន ក៏បានថ្លែងអំណរគុណដល់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ទល់សិទ្ធិគ្រប់បែបយ៉ាងសម្រាប់សហគមន៍ខ្មែរឥស្លាម ឲ្យមានសិទ្ធិស្មើមុខស្មើមាត់ នឹងប្រជាជនទូទៅ ក្នុងការរស់នៅ ព្រមទាំងការប្រណិបត្តសាសនា។ល។ រដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាម ក្លាយជាថ្នាក់ដឹកនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដូចជាស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីការទូតជាន់ខ្ពស់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីរាជការនានា។

រាជរដ្ឋាភិបាល បានអនុញ្ញាតជាគោលការណ៍ឲ្យបុរសអាចពាក់កាតឹប និងស្រ្តីឥស្លាមអាចទទូរក្បាល ធ្វើលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ឬថតរូបសម្រាប់ឯកសាររដ្ឋបាលផ្សេងៗ។សិស្ស-និស្សិតឥស្លាម អាចស្លៀកពាក់ប្រពៃណី និងទទូរក្រមានៅក្នុងពេលរៀន ទាំងនៅគ្រឹះស្ថានអប់រំរបស់រដ្ឋ និងឯកជន។ បន្ថែមពីនេះ រាជរដ្ឋាភិបាល ក៏បានបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាមចំនួនប្រមាណ ១៥០០នាក់ ទៅក្នុងក្របខណ្ឌគ្រូបង្រៀននៃក្រសួងអប់រំ យុវជន និងកីឡា និង១៨០នាក់ជាមន្រ្តីជាប់កិច្ចសន្យា។

បន្ទាប់ពីពិធីខាងលើ ត្រូវបានបញ្ចប់ លោក រ៉ូហ្វី អូស្មាន បានដឹកនាំគណៈប្រតិភូ ចូលរួមពិធីសំណេះសំណាល និងចែកអំណោយរបស់អង្គការខាងលើ ជូនសាសនិកឥស្លាមចំនួន១៣០ គ្រួសារផ្សេងទៀត នៅភូមិទន្សាយគល់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សូមជម្រាបថា អំណោយដែលបានចែកជូនសាសនិកឥស្លាម សម្រាប់ទទួលទានក្នុងពិធីបួសរ៉ាម៉ាឌនទាំង ៤៣០កញ្ចប់ខាងលើ ដែលកញ្ចប់មួយៗ មាន អង្ករ ៥០គីឡូក្រាម មី០១កេស ត្រីខ០១យួរ ប្រេងឆា៣លីត្រ ខ្ទឹមស០២គីឡូក្រាម ខ្ទឹមបារាំង០២គីឡូក្រាម អំបិល០១គីឡូក្រាម ដែលនេះជាការជាជំនួយរបស់ អង្គការ LIFE៕