(កំពង់ឆ្នាំង)៖ ក្រុមយុវជនអភិវឌ្ឍន៍ភូមិភ្នំតូច ដឹកនាំដោយលោក អ៊ួង វីរៈ ប្រធានក្រុមយុវជន បានសហការជាមួយអាជ្ញាធរស្រុករលាប្អៀរ បានសម្អាតបរិស្ថាន និងតុបតែងភ្លើងនៅតាមដងផ្លូវភូមិភ្នំតូច ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីត្រៀមអបអរសាទរឆ្នាំថ្មី។

ពិធីនេះមានការចូលរួមពីសំណាក់លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរាំទាំងក្រុមយុវជនជាច្រើននាក់ផងដែរ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។

ប្រធានក្រុមយុវជនអភិវឌ្ឍន៍ភូមិភ្នំតូច បានឱ្យដឹងថា ក្រុមយុវជនអភិវឌ្ឍន៍ភូមិភ្នំតូច ជាក្រុមយុវជនមួយដែលបានបង្កើតឡើងនៅក្នុងអំឡុងខែកុម្ភៈ ការរៀបចំឱ្យមានក្រុមយុជននៅក្នុងភូមិនេះ គឺដើម្បីបម្រើនូវសកម្មភាព និងកិច្ចការងារសង្គមនានាក្នុងគោលដៅអោយយុវជ នជំនាន់ក្រោយក្លាយជាយុវជនល្អសម្រាប់សង្គម និងក្រុមគ្រួសារ។

លោក អ៊ួង វីរៈ បានបញ្ជាក់ថា ចំពោះសកម្មភាពដែលក្រុមយុវជនអភិវឌ្ឍន៍ភូមិភ្នំតូច ធ្វើឡើងនាពេលនេះ គឺដើម្បីចូលរួមសម្អាតបរិស្ថាន សោភ័ណភាពតាមដងផ្លូវ លើកកម្ពស់សុខមាលភាពអនាម័យដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវនេះផង និងជាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបញ្ឈប់ការយកសំរាមមកចោលតាមដងផ្លូវនេះបន្តទៀត ដើម្បីត្រៀមរៀបចំ និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ។

លោក អ៊ួង វីរៈ បានបន្តថា សម្រាប់ទិសដៅនៅ ពេលខាងមុខក្រុមយុវជនអភិវឌ្ឍន៍ភូមិភ្នំតូច នឹងចូលរួមធ្វើនូវកិច្ចការសង្គមជាច្រើនទៀតដែលជំរុញ និងលើកកម្ពស់ដល់យុវជនក្នុងមូលដ្ឋាននេះឱ្យចេះស្រឡាញ់ជាតិមាតុភូមិ និងរួមគ្នាការពារឱ្យបានរឹងមាំនូវសុខសន្តិភាពផងដែរ។

នៅក្នុងឱកាសនោះដែរ លោក សេង វិចិត្រ អភិបាលរស្រុករលាប្អៀរ និងប្រធានក្រុកប្រឹក្សាឃុំពង្រ បាននាំយកនូវថវិកាមួយចំនួនផ្តល់ជូនក្រុមយុវជនសម្រាប់ប្រើប្រាស់ការងារមនុស្សធម៌ផ្សេងៗ។

លោកអភិបាលស្រុក ក៏បានឱ្យដឹងថា ការបង្កើតក្រុមយុវជនអភិវឌ្ឍន៍ សម្រាប់ការងារមនុស្សធម៌ និងការងារចូលរួមសំអាតនូវបរិស្ថានអនាម័យក្នុងមូលដ្ឋានខាងលើនេះក្នុងនាមរដ្ឋបាលស្រុក លោកសូមចូលរួមគាំទ្រ និងសហការគ្រប់ពេលវេលានូវរាល់សកម្មភាពការងាររបស់ក្រុមយុវជន ទាំងការងារមនុស្សធម៌ បរិស្ថាន អនាម័យពិសេស គឺការងារថែរក្សានូវសុខសន្តិភាព សុវត្ថិភាព នៅក្នុងមូលដ្ឋាន៕