(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវលេខ៤ ដែលតភ្ជាប់ពីផ្លូវលេខជាតិលេខ៥ (រង្វង់មូលព្រះនរាយណ៍) មកដល់ផ្លូវលេខ៥៧ (ស្ដុបពេទ្យពពីរ) ប្រវែង២,៦០០ម៉ែត្រ ទទឹង១២ម៉ែត្រ ស្ថិតក្នុងសង្កាត់ទួលតាឯក សង្កាត់អូរចារ និងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កំណាត់ផ្លូវលេខ១៥៣ (អតីតផ្លូវជាតិលេខ១០) ចាប់ពីពេទ្យពពីរ រហូតដល់រង្វង់មូលនាងរំសាយសក់ ប្រវែង១,៦៧៤ម៉ែត្រ ទទឹង២០ម៉ែត្រ និងដាក់ប្រព័ន្ធលូរំដោះទឹកមុខកាត់១០០ ស្ថិតក្នុងសង្កាត់ទួលតាឯក និងសង្កាត់វត្តគរ ក្រុងបាត់ដំបង។
នាឱកាសនោះ លោក សុខ លូ លើកឡើងថា ខេត្តបាត់ដំបងកំពុងសម្រុកជួសជុល និងធ្វើផ្លូវថ្នល់ ដែលមានការខូចខាតដោយសារទឹកជំនន់ឆ្នាំកន្លងមក ដែលមានមន្ទីរជំនាញសាធារណការ និងដឹកជញ្ជូនខេត្ត ជាអ្នកចុះអ្នកអនុវត្ត ផ្ទាល់ គឺធ្វើនៅគ្រប់ទីកន្លែងទៅតាមជាក់ស្តែង ទុកជូនប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែងតទៅ ពិសេសកំពុងសាងសង់ទីតាំងសង្រ្កាន្តបាត់ដំបង ដើម្បីអបអរសាទរបុណ្យចូលឆ្នាំ ខែ្មរ ឆ្នាំថ្មីប្រពៃណីជាតិនេះ ប្រជាពលរដ្ឋមកលេងកម្សាន្ត សប្បាយរីករាយផងដែរ៕