Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មតិមហាជន៖ ធ្លាប់តែរត់ចោលស្រុក ទើបលោក សម រង្ស៊ី មិនស្គាល់ពីជីវភាពក្នុងគុក!

08-07-2016 18:17

(ភ្នំពេញ)៖ លោក សម រង្ស៊ី ហាក់ដូចជាបង្ហាញនូវភាពឆោតល្ងង់ពីមួយថ្ងៃទៅមួយថ្ងៃខ្លាំងឡើងៗ រហូតវិភាគ និងផ្សព្វផ្សាយសារបោកប្រាស់ ប្រជាពលរដ្ឋអំពីជីវិតនៅក្នុងគុក ថាគួរតែបានរស់នៅហ៊ឺហារ សប្បាយ និងអាចប្រើសិទ្ធិសេរីភាពសព្វបែបយ៉ាង។

ហេតុអ្វីបានជាលោក សម រង្ស៊ី មិនដឹងខ្យល់អ្វីបែបនេះ? លោក សម រង្ស៊ី ត្រូវដឹងថា គុក មិនមែនជាផ្ទះអ្នកស្រុករស់នៅធម្មតា ចង់ហូបអ្វី ឬចេញចូលទៅខាងក្រៅ ថ្មើរណាបានតាមចិត្តចង់ ឬដូចជាវីឡាស្កឹមស្កៃ ដេកស្រួល រស់ស្រួលនោះទេ។ បើដូច្នោះមែនមនុស្សពាលនឹងកើតឡើងច្រើនក្នុងសង្គមតាមរយៈបង្កបង្កើតភាព អាណាធិបតេយ្យ ប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់ស្រេចតែអំពើចិត្ត ដើម្បីរកលេសនាំគ្នាទៅដេកស្រួលនៅក្នុងគុកជាក់ជាមិនខាន។

ហេតុតែគាត់គ្មានជំនាញអ្វីច្បាស់លាស់ គឺចេះតែភូតកុហក ហើយអាចប្រហែលជាលោក សម រង្ស៊ី គាត់មិនធ្លាប់ស្គាល់ជីវិតជាប់គុកដោយសារតែគាត់ពូកែ រត់ហ្នឹងឯង ទើបគាត់ទាមទារសិទ្ធិសេរីភាពគ្រប់បែបយ៉ាង នៅក្នុងគុកឲ្យអ្នកជាប់ឃុំមួយចំនួន ដែលជាសកម្មជនរបស់គាត់កំពុងប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ។ គុកជាមជ្ឈមណ្ឌលអប់រំកែប្រែចិត្តគំនិត និងបង្ហាត់បង្រៀនមនុស្សឲ្យងាកចេញពីអំពើទុច្ចរិត ឲ្យមានការភ្ញាក់រលឹក ហើយក៏ជាកន្លែងដែលសិទ្ធិសេរីភាព ដូចពលរដ្ឋធម្មតាត្រូវបានកាត់ផ្តាច់។

ប៉ុន្តែសារបោកប្រាស់របស់លោក សម រង្ស៊ី បង្ហោះផ្សាយនៅថ្ងៃនេះ គាត់បាននិយាយថា «មានលក្ខណៈអយុត្តិធម៌ណាស់ ដែលអ្នកចាត់ចែងគ្រប់គ្រងពន្ធនាគារ មិនអនុញ្ញាតឲ្យសមាជិកព្រឹទ្ធសភា ហុង សុខហួរ និងអ្នកតំណាងរាស្ត្រ អ៊ុំ សំអាន បានជជែកគ្នាទាល់តែសោះ!» ហើយនិយាយបំភ្លើសទៀតថា «មេឃុំម្នាក់ដែលកំពុងជាប់ឃុំពីបទសូកប៉ាន់សាក្សី ដែលធ្វើតាមបញ្ជារបស់លោក កឹម សុខា ឲ្យកញ្ញា ខុម ច័ន្ទតារាទី ហៅស្រីមុំ ផ្តល់សក្ខីកម្មក្លែងក្លាយនោះថា មេឃុំរូបនេះ កំពុងខ្វល់ពីសុខទុក្ខរបស់អ្នកភូមិក្នុងឃុំរបស់គាត់។» លោក សម រង្ស៊ី ពិតជាមេបក្សពូកែបោកប្រាស់គ្មានខ្មាស់អៀនមែន! ការពិតមនុស្សកំពុងជាប់ឃុំ គឺគេមិនតម្រូវ ឲ្យមានជីវភាពដូចអ្នកគ្មានប្រព្រឹត្តកំហុស និងកំពុងរស់នៅខាងក្រៅនោះទេ។ ដូចគ្នានេះដែរ លោក ស៊ាង ចែត ដែលជាមេឃុំរបស់គណបក្សប្រឆាំង ក៏កំពុងតែដេក កើតទុកពិតមែន ពីព្រោះតែតូចចិត្តចាញ់ឧបាយកលបោកប្រាស់របស់លោក កឹម សុខា ទើបគាត់ជាប់គុក គឺគាត់កំពុងបារម្ភពីខ្លួនគាត់មិនដឹង ថ្ងៃណាមានសេរីភាព ឡើងវិញ! នេះហើយទើបជាបញ្ហាអាទិភាព មិនមែនគាត់ដេកគុក បែរជាគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលគេគ្រប់គ្នាកំពុងរស់នៅ ដោយសុខស្រួលជាង ខ្លួនគាត់កំពុងជាប់ឃុំនោះទេ។

ការទាមទាររបស់លោក សម រង្ស៊ី ដែលជាជនល្មើសមានទោសរត់គេចពីសំណាញ់ច្បាប់របស់កម្ពុជា ហើយគាត់ចង់ឲ្យអ្នកជាប់ឃុំនៅក្នុងពន្ធនាគារមានសេរីភាព សព្វបែបយ៉ាង គឺបញ្ជាក់បានថា លោក សម រង្ស៊ី មិនស្គាល់ពីអ្វីទៅជាមជ្ឈមណ្ឌលកែប្រែ និងអ្វីទៅជាមជ្ឈមណ្ឌលកំសាន្តសប្បាយនោះទេ! អ៊ីចឹងហើយ មានតែ សម រង្ស៊ី គាត់ជាប់គុកម្តង ទើបដឹងថារស់ជាតិយ៉ាងម៉េច ហើយនៅពេលនោះ សម រង្ស៊ី គាត់នឹងលែងព្រុសដូចសព្វថ្ងៃនេះទៀតហើយ ពីព្រោះគាត់នឹងដឹងច្បាស់ថា «សិទ្ធិសេរីភាពរបស់អ្នកជាប់គុក» ខុសគ្នាដាច់ស្រឡះពីអ្នកជើងខ្លាំងខាងរត់ចោលស្រុកដូចជារូបគាត់៕