(ភ្នំពេញ)៖ បន្ទាប់ពីបានដឹងថាមានបុរសអភ័ព្វម្នាក់ឈ្មោះ ស្រេង នៅ អាយុ២៣ឆ្នាំ បានទទួលរងគ្រោះដោយចរន្តភ្លើងឆក់ ត្រូវកាត់ដៃទាំងសងខាង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ហើយគ្មានប្រាក់ទិញចំណីអាហារ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ យកថវិកា៤លានរៀល ផ្តល់ជូនភ្លាមៗ ដល់ប្រពន្ធជនរងគ្រោះ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ប្រពន្ធជនរងគ្រោះឈ្មោះ សេង នី អាយុ២១ឆ្នាំ ដែលមកទទួលថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាឱកាសនេះ បានឱ្យដឹងថា ប្តីរបស់នាងមានមុខរបរជាជាងផ្សារដែក បានទទួលរងគ្រោះដោយចរន្តភ្លើងឆក់របួសដៃទាំងសងខាង ខណៈកំពុងផ្សារដំបូលឱ្យគេនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោយមកត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្រ្គោះអាយុជីវិតជនរងគ្រោះ ក្រុមគ្រូពេទ្យបានសម្រេចកាត់ដៃរបួសទាំងពីរចេញ។ នាងបានបន្ដថា ក្នុងរយៈពេលមួយខែកន្លងមកហើយនេះ ខ្លួននិងប្តីព្រមទាំងកូនតូច បានទទួលការយកចិត្តទុកដាក់ថែទាំពីគ្រូពេទ្យ និងអ្នកជិតខាង តែនាង ពុំមានថវិកាសម្រាប់ហូបចុកក្នុងពេលព្យាបាលនេះឡើយ ហើយថ្ងៃនេះក្រុមគ្រួសារនាង មានក្តីរីករាយ និងរំភើបចិត្តដល់ស្រក់ទឹកភ្នែក រកនឹកពាក្យថ្លែងមិនចេញ ក្រោយបានទទួលថវិកាសណ្តោសប្រណី សម្រាប់ទិញអាហារ និងថ្នាំព្យាបាល ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា។
ជាមួយគ្នានោះ លោកស្រីអគ្គលេខាធិការរងទី១ បានផ្តាំផ្ញើដល់គ្រួសារជនរងគ្រោះ សូមយកថវិកា ទៅទិញចំណីអាហារជូនជនរងគ្រោះឱ្យបានបរិភោគគ្រប់គ្រាន់ ដើម្បីឆាប់បានជាសះស្បើយត្រឡប់ទៅលំនៅដ្ឋានវិញ ហើយមិនត្រូវអស់សង្ឃឹម ក្នុងការចាប់ផ្តើមកសាងជីវភាពគ្រួសារជាថ្មីឡើងវិញនោះទេ៕