(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ បានថ្លែងថា ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនប្រមាណ ៧% ក្នុងមួយឆ្នាំ ជាង ២ទសវត្សរ៍កន្លងមកនេះ គឺពិតជាមិនអាចកាត់ផ្តាច់បាន ពីការចូលរួមរបស់ក្រុមហ៊ុន សហគ្រាសចិន ដែលបានមកបណ្តាក់ទុនរកស៉ីនៅកម្ពុជានោះទេ។

លោកឧបនាយករដ្ឋមន្ត្រីថ្លែងបែបនេះ ក្នុងពិធីបិទវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច «ខ្សែក្រវាត់និងផ្លូវ» (លើកដំបូង) នៅរាជធានីភ្នំពេញ និងពិធីសម្ពោធជាផ្លូវការគម្រោងសហគ្រាសរាប់ពាន់ចូលមកកម្ពុជា នៅយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងដែរថា ព្រឹត្តិការណ៍ខាងលើនេះ បញ្ជាក់ពីការរឹតចំណងការទូត រវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ដែលបានចាប់ផ្តើមតាំងពីឆ្នាំ១៩៥៨ រហូតមកទល់បច្ចុប្បន្ននេះ ដែលថ្នាក់ដឹកនាំជាច្រើនជំនាន់នៃប្រទេសទាំងពីរ បានខិតខំកសាង និងបន្តការពួនជុំសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះបន្តទៀត ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៉ី ជីនភីង និងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកបន្តថា «ក្រោមការសម្របសម្រួលរបស់សភាពាណិជ្ជកម្មចិន-កម្ពុជា និងវត្តមានសមាគមសម្ព័ន្ធសេដ្ឋកិច្ចសហប្រតិបត្តិការសកលខ្សែក្រវាត់និងផ្លូវ នៅកម្ពុជានេះគឺជាកម្លាំងចលករមួយដ៏សំខាន់ ដែលមិនត្រឹមតែជាស្ពានចម្លងនៃកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនៃប្រទេសទាំង ២ ប៉ុណ្ណោះទេ តែក៏ជាស្ថាប័នតភ្ជាប់នូវវិស័យសេដ្ឋកិច្ច វប្បធម៌ និងសង្គមកិច្ច ផងដែរ។ ជាក់ស្តែង ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាដែលមានកំណើនប្រមាណ ៧% ក្នុងមួយឆ្នាំ ជាង ២ទសវត្សរ៍កន្លងមកនេះ គឺពិតជាមិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់ក្រុមហ៊ុន សហគ្រាសចិនដែលបានមកបណ្តាក់ទុនរកស៉ីនៅកម្ពុជា នោះទេ»។

ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រជាជនកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអំណរគុណដល់គ្រប់ក្រុមហ៊ុន សហគ្រាស និងវិនិយោគិនចិនទាំងអស់ដែលបានបោះទុនវិនិយោគលើវិស័យនានានៅកម្ពុជា នឹងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្ដាប់ធ្នាប់ ដែលជាខឿនដ៏សំខាន់សម្រាប់បរិយាកាសនៃការវិនិយោគ នៅកម្ពុជា។

ចិន ក៏ជាផ្នែកមួយដ៏សំខាន់ ដែលជួយវិស័យទេសចរណ៍កម្ពុជា។ លោក ជា សែ រដ្ឋលេខាធិការក្រសួងទេសចរណ៍​ បានឲ្យដឹងថា សម្រាប់ឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ២.២៨ លាននាក់ កើនឡើង ១០៥៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ប៉ុន្តែមានការថយចុះ ៦៥.៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ (មុនជំងឺរាតត្បាត)។ ប្រភពទីផ្សារសំខាន់ៗ គឺប្រទេសថៃ វៀតណាម ចិន សហរដ្ឋអាមេរិក ឡាវ ឥណ្ឌូនេស៉ី កូរ៉េ បារាំង ម៉ាឡេស៉ី និងចក្រភពអង់គ្លេស។ ចំណែកឯភ្ញៀវទេសចរផ្ទៃក្នុង រួមមាន ភ្ញៀវទេសចរជាតិមានចំនួន ១៣,៩លាននាក់ កើនឡើង ១៩៨,៨% និងភ្ញៀវទេសចរបរទេសមានចំនួន ១,៨លាននាក់ កើនឡើង ៥៧២,២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ផ្អែកលើការរស់ឡើងវិញនៃទេសចរណ៍ពិភពលោក ក៏ដូចជាទេសចរណ៍ក្នុងតំបន់ ដោយមានអន្តរាគមន៍យ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសកម្ពុជា រំពឹងថានឹងទទួលបានប្រមាណ ៤លាននាក់នៅឆ្នាំ២០២៣ ដែលជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៉ីហ្គេមលើកទី៣២-អាស៊ានប៉ារ៉ាហ្គេម។ នេះបើតាមលោក ជា សែ៕