(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សកែវ ដឹកនាំក្រុមការងារ នាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរា និងជនពិការ ចំនួន២៥គ្រួសារ ដែលបានកំពុងនឹងជួបវិបត្តិខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ក្នុងពិធីនេះ ធ្វើឡើងនាល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងបរិវេណវត្តឧត្តរ៉ាវតី ហៅវត្តឫស្សីកែវ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ក្នុងនោះដែរ ក៏មានការចូលរួមពី លោកស្រី អាន ផល្លា អនុសាខាកាកបាទ ក្រហមកម្ពុជាខណ្ឌ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ លោកស្រី លី រ៉ូហ្សាមី លោកចៅសង្កាត់ មូល វិរៈ រួមទាំងក្រុមយុវជន ស.ស.យ.ក និង អ.ម.ត ជាច្រើននាក់ផងដែរ។
លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា គ្រឿងឧបភោគបរិភោគ និងសម្ភារៈរួមទាំងថវិកា រមួយចំនួនដែលបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែល លោកតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ចជាកាលដោយមិនសន្យាខ្យល់ដូចអ្នកខ្លះឡើយ។
លោកបន្ដថា កន្លងមកមានអ្នកខ្លះនិយាយសន្យាថា ឲ្យនេះឫឲ្យនោះ ប៉ុន្តែការពិតការសន្យានោះ គឺជាសន្យាខ្យល់ ពីព្រោះជនចាស់ជរា ជនពិការ ងាយរងគ្រោះ ទីទាល់ក្រទាំង២៥គ្រួសារនេះ ពុំបានទទួលថវិការ៤ម៉ឺនរៀល ពីអ្នកដែលសន្យានោះឡើយ។
ផ្ទុយទៅវិញអ្នកដែលសន្យា ហើយធ្វើ នឹងធ្វើជាដ៏រ៉ាបដោយមិនប្រកាន់និន្នាការបក្សនយោបាយ ពូជសាស ពណ៌សម្បុរឡើយ ឲ្យតែជាមនុស្ស និងរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវតែជួយសង្គ្រោះទាំងអស់។
ជាចុងក្រោយលោកបញ្ជាក់ថា អំណោយដែលបានចែកជូនដល់ពលរដ្ឋទីទាល់ក្រ២៥គ្រួសារនេះ គឺក្នុង១គ្រួសារទទួលបាន អង្ករ១បេ មីចំនួន១កេស ត្រីខ១យួរ ឃីតចំនួន១ មានក្រម៉ា១ សារ៉ុង១ ម៊ុង១ និងភួយ១ ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួន ដូចជា ចាន ដែក១ ខ្ទះឆា១ វែកឆា១ ជ្រុញ១ និងថវិការចំនួន៣ម៉ឺនរៀល ផងដែរក្នុង១គ្រួសារ៕