(ភ្នំពេញ)៖ សម្ដេចព្រះវ័នរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃរាជរងទី២ និងជាព្រះចៅអធិការវត្តច័ន្ទបុរីវង្ស (ហៅវត្តសំរោងខាងជើង) បានទទួលនូវ «សញ្ញាបត្របណ្ឌិត ផ្នែកការងារសង្គម» និង «ពានរង្វាន់អន្ដរជាតិ ក្នុងនាមជាថ្នាក់ដឹកនាំការងារសង្គម» ពីសាកលវិទ្យាល័យអន្ដរជាតិអឺរ៉ុប ដែលមានទីតាំងនៅប្រទេសបារាំង កាលពីពេលកន្លងទៅ នៅសាធារណរដ្ឋសិង្ហបុរី។
លោក កែប ជុតិមា ប្រធានគណៈកម្មការ មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា បានសម្ដែងនូវអំណរអបអរសាទរក្ដីរំភើបក្រៃលែង គោរពប្រគេនចំពោះ សម្ដេចព្រះវ័នរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃរាជរងទី២ និងជាព្រះចៅអធិការវត្តច័ន្ទបុរីវង្ស (ហៅវត្តសំរោងខាងជើង) ក្នុងឱកាសទទួលបាន «សញ្ញាបត្របណ្ឌិត ផ្នែកការងារសង្គម» និង «ពានរង្វាន់អន្ដរជាតិ ក្នុងនាមជាថ្នាក់ដឹកនាំការងារសង្គម» នៅពេលនេះ។
លោក កែប ជុតិមា គូសបញ្ជាក់ថា ការទទួលបាន «សញ្ញាបត្របណ្ឌិត ផ្នែកការងារសង្គម» និង «ពានរង្វាន់អន្ដរជាតិ ក្នុងនាមជាថ្នាក់ដឹកនាំការងារសង្គម» នៅពេលនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់សម្ដេចព្រះវ័នរ័ត កិត្តិបណ្ឌិត ណយ ច្រឹក ក្នុងការអភិវឌ្ឍ និងទ្រទ្រង់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ដើម្បីឲ្យមានការរីកចម្រើនឥតឈបឈរ។
ឆ្លៀងក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំព្រះករុណាទាំងអស់គ្នា សូមប្រគេនពរ សម្ដេចព្រះវ័នរ័ត កិត្តិបណ្ឌិត ណយ ច្រឹក ទទួលបានថាមពលខ្លាំងក្លា ព្រះបញ្ញាឈ្លាសវៃ ព្រះសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីបន្ដជ្រោមជ្រែង និងដឹកនាំព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋសម្រាប់ជាទីគោរពសក្ការៈបូជាពីសំណាក់ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេសជានិរន្ដរតទៅ៕