(ភ្នំពេញ)៖ លោក អ៉ឹង សម្បត្តិ ប្រធានសមាគមអ្នកធាក់ស៊ីក្លូ បង្ហាញក្តីសប្បាយរីករាយខ្លាំង ចំពោះការយកចិត្តទុកដាក់លើជីវភាព របស់អ្នកធាក់ស៊ីក្លូ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងប្រកាសជួយរាល់អ្នកមានអាយុចាប់ពី៨៩ឆ្នាំឡើងទៅ។ តែលោក អ៉ឹង សម្បត្តិ បញ្ជាក់ថា ក្រៅពីលោកតា ពុត សឿន អ្នកធ្លាក់ស៊ីក្លូ ដែលមានអាយុ ៨៩ឆ្នាំឡើងទៅមិនមានទៀតនោះ គឺមានត្រឹមអាយុ ៨៣ឆ្នាំ។
បន្ទាប់ពីជួយផ្តល់លំនៅដ្ឋាន និងធានាចិញ្ចឹមលោក តា ពុតសឿន ជាអ្នកធាក់ស៊ីក្លូអាយុ ៨៩ឆ្នាំពេញមួយជីវិតហើយនោះ សម្តេចតេជោ ហ៊ុន សែន ពេលកំពុង ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦នេះ បានប្រកាសជាថ្មីថា នឹងជួយរាល់ចាស់ជរាមានវ័យចាប់ពី ៨៩ឆ្នាំឡើងទៅ ដែលកំពុងប្រកប របរចិញ្ចឹមជីវិតដោយកម្លាំងកាយផ្ទាល់ តាមរយៈការធាក់ស៊ីក្លូជាអចិន្រ្តៃយ៍។
លោក អ៉ឹង សម្បត្តិ បានថ្លែងប្រាប់ Fresh News ថា «ខ្ញុំអបអរសាទរ ចំពោះការប្រកាសរបស់សម្តេច ហើយក៏អរគុណសម្តេច ដែលបានជួយចំពោះលោកតា ពុត សឿន ដែលនេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ដល់ទុក្ខលំបាករបស់អ្នកប្រកបរបរធាក់ស៊ីក្លូ»។
លោក អ៉ឹង សម្បត្តិ បានបញ្ជាក់ថា អ្នកធាក់ស៊ីក្លូនៅភ្នំពេញបច្ចុប្បន្នអ្នកមានអាយុ ៨៣ឆ្នាំ មានប្រមាណ៤-៥ប៉ុណ្ណោះ ហើយគ្មានអ្នកអាយុ៨៩ឆ្នាំទៀតហើយ។ ឆ្លើយតបទៅនិងការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលនោះ ប្រធានសមាគមអ្នកធាក់ស៊ីក្លូ បានស្នើសុំ សម្តេចតេជោ ជួយដោះស្រាយជីវភាពអ្នកធាក់ស៊ីក្លូ ដែលមានអាយុចន្លោះពី ៧០ឆ្នាំ ដល់ ៨០ឆ្នាំឡើងទៅ ត្បិតពួកគាត់បានប្រឈមការលំបាកក្នុងជីវភាពយ៉ាងខ្លាំង។
លោក អ៉ឹង សម្បត្តិ បានឲ្យដឹងថា បច្ចុប្បន្នអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ មានចន្លោះពី ១២០នាក់ ទៅ ១៥០នាក់ ហើយអ្នកធាក់ស៊ីក្លូទាំងនោះ ត្រូវបានបែងចែកជា ២ក្រុម គឺក្រុមដឹកភ្ញៀវនៅតាមទីផ្សារ និងក្រុមដឹកភ្ញៀវទេសចរ។ លោកបានបន្ថែមថា ក្រុមអ្នកធាក់ស៊ីក្លូនៅតាមទីផ្សារ រកចំណូលបានមួយថ្ងៃចន្លោះពី ១៥,០០០រៀល ទៅ ២០,០០០រៀលតែប៉ុណ្ណោះ។
បើតាមលោក អ៉ឹង សម្បត្តិ ចំណូលនេះស្ទើរតែមិនគ្រប់ថ្លៃហូបបាយផង ហើយថែមទាំងយ៉ាប់កម្លាំងថែមទៀត។ ចំណែកក្រុមដឹកភ្ញៀវទេសចរណ៍វិញ រកចំណូលបានច្រើនជាងនេះ ហើយក៏មិនសូវយ៉ាប់កម្លាំងដែរ។
ដើម្បីជួយសម្រួល និងដោះស្រាយទុក្ខលំបាករបស់អ្នកធាក់ស៊ីក្លូ លោកប្រធានសមាគមអ្នកធាក់ស៊ីក្លូ ជួយផ្តល់ទីតាំងសមរម្យណាមួយ សម្រាប់សមាគមធ្វើជាទីស្នាក់ការ និងធ្វើជាកន្លែងសម្រាប់អ្នកធាក់ស៊ីក្លូ បានជួបពិភាក្សាដោះស្រាយបញ្ហា ដែលបានជួបប្រទះ។
ប្រធានសមាគមអ្នកធ្លាក់ស៊ីក្លូ លោក អ៉ឹង សម្បត្តិ ក៏បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ផ្តល់ទីតាំងសម្រាប់អ្នកធ្លាក់ស៊ីក្លូស្លាក់នៅផងដែរ។ ទីតាំងនោះ អាចនៅតាមវត្ត នៅទីណា ក៏បាន ព្រោះបច្ចុប្បន្នអ្នកធាក់ស៊ីក្លូមកពីតាមបណ្តាខេត្តពីបាករកកន្លែងស្នាក់ ពេលខ្លះត្រូវ ដេកនៅតាមសំយ៉ាបផ្ទះរបស់គេក៏មាន៕