(ត្បូងឃ្មុំ)៖ លើកឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចោទសួរទៅកាន់មិត្តភក្តិបរទេសទាំងឡាយថា ឥលូវចង់ជ្រើសរើសប្រទេសកម្ពុជា ឫជ្រើសរើសបុគ្គលមួយក្រុមដែលប្រព្រឹត្តិខុស សុំឱ្យបរទេសធ្វើការជ្រើសរើសទៅ បើខ្លួនត្រូវការមនុស្សដែលច្បាប់បានដាក់ទោស ខ្លួនធ្វើទៅ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ហើយមិត្តភក្តិបរទេសឥលូវជ្រើសរើសប្រទេសកម្ពុជា ឫជ្រើសរើសបុគ្គលមួយក្រុមដែលប្រព្រឹត្តិខុស សុំឱ្យបរទេសធ្វើការជ្រើសរើសទៅ បើខ្លួនត្រូវការមនុស្សដែលច្បាប់បានដាក់ទោស ខ្លួនធ្វើទៅហើយអាចផ្តាច់ទូតចេញពីកម្ពុជា ប៉ុន្តែប្រហែលជាអ្នកត្រូវគិតថា នេះជាទំនាក់ទំនងរវាងប្រទេស និងប្រទេស ដែលមានទំនាក់ទំនងគ្នាផ្លូវទូត»។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា នៅពេលដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម បានមកធ្វើទស្សនកិច្ចនៅកម្ពុជាប៉ុន្មានថ្ងៃមុននេះ បានប្រកាសថា «ប្រទេសមហាអំណាចគួរតែបញ្ឈប់ការលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសនានា» ហើយសម្តេចក៏បានបង្ហាញនូវការគាំទ្រក្នុងកាលើកឡើងដូចនេះ និងបានអះអាងថា សម្តេចគឺមានដៃគូរល្អមួយទៀតហើយសម្រាប់ដៃគូរប្រទេសក្នុងតំបន់អាស៊ាន។
សម្តេចតេជោ បានសង្គត់ធ្ងន់ទៀតថា «រឿងអី រឿងប្រទេសរបស់កម្ពុជាហើយលូកដៃមកទាំងបំពាន ហើយមកប្រដៅយើងថា ត្រូវគោរពច្បាប់ត្រូវបែងចែកអំណាច អំណាចនីតិបញ្ញត្តិ អំណាច នីតិប្រតិបត្តិ អំណាចតុលាការ ក៏ប៉ុន្តែខ្លួនឯងមកជ្រៀតជ្រែកតែដំណើរការតុលាការ ហើយមកបង្ខំនាយករដ្ឋមន្ត្រី ឫមន្ត្រីរដ្ឋាភិបាលឱ្យទៅជ្រៀតជ្រែកបញ្ហារបស់តុលាការ ចឹងម្ខាងអ្នកឯងមកប្រដៅខ្ញុំអញ្ចោះ ម្ខាងអ្នកឯងមកសង្គត់ខ្ញុំអញ្ចុះ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កិច្ចការរបស់កម្ពុជា គឺកម្ពុជាត្រូវតែរក្សានូវជំហរឯករាជ្យរបស់ខ្លួន និងទំនាក់ទំនងដៃគូរទូលំទូលាយ ហើយគ្រប់មុខព្រួញទាំងអស់ គឺកម្ពុជាមិនធ្វើសត្រូវជាមួយអ្នកណាទេ ក៏ប៉ុន្តែគ្រាន់ចង់ប្រាប់ទៅមិត្តបរទេសទាំងឡាយថា អ្នកជ្រើសរើសមនុស្សមួយក្រុមដែលប្រព្រឹត្តិខុស ឫអ្នកជ្រើសរើសប្រទេសមួយ គឺត្រូវតែឱ្យច្បាស់ជាមួយគ្នា៕