(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើទៅមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ឱ្យបន្តជួយគាំទ្រការងារអនុវត្ត គម្រោងចំនួន៣ទៀត ដើម្បីរៀបចំ ក្របខ័ណ្ឌសារពើពន្ធរយៈពេលមធ្យម ក្នុងប្រទេសកម្ពុជា និងផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០១៧-២០១៩។
នៅក្នុងកិច្ចទទួលជួបសំណេះសំណាល ជាមួយលោកស្រី សូណាលី ជេន ចាន់ដ្រា ប្រធានបេសសកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិ កាលពីម្សិលមិញ លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា សារសំខាន់នៃការធានាឱ្យបាននូវចីរភាពនៃថវិកាក្នុងរយៈពេលមធ្យម របស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើការកែទម្រង់ប្រព័ន្ធសោធននិវត្តន៍ និងធានារ៉ាប់រងសុខាភិបាល ដែលទាំងអស់នេះ នឹងបង្កើតបន្ទុកសារពើពន្ធ ក៏ដូចជាការរៀបចំគោលនយោបាយពន្ធ និងការបង្កើតប្រព័ន្ធពន្ធដារថ្មី ជាដើម។
លោកទេសរដ្ឋមន្រ្តី បានស្នើសុំលោកស្រី សូណាលី ឱ្យបន្តផ្ដល់ការគាំទ្រទៅលើកិច្ចការសំខាន់ៗចំនួន៣ រួមមាន៖ ទី១.ការរៀបចំក្របខ័ណ្ឌថវិការយៈពេលមធ្យម ដែលជាគោលដៅ ចម្បងនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ទី២.ការសិក្សា និងពិនិត្យលើចីរភាពនៃថវិកា, និងទី៣.ការបន្តពង្រឹងសមត្ថភាព របស់មន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរៀបចំក្របខ័ណ្ឌ ចំណាយរយៈពេលមធ្យម។
ឆ្លើយតបនឹងសំណើខាងលើនេះ លោកស្រី សូណាលី បានបញ្ជាក់ថា លោកស្រីពិតជាមានសោមនស្សរីករាយ ក្នុងការដឹកក្រុមការងារ មកបំពេញបេសកកម្ម នៅប្រទេសកម្ពុជានេះ ហើយលោកស្រី បានយល់ស្របពីភាពចាំបាច់នៃសំណើរបស់ លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ហើយក្រុមការងាររបស់លោកស្រី នឹងបន្តការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការសហការជាមួយ ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការពិនិត្យសិក្សាទៅលើការងារពាក់ព័ន្ធខាងលើ៕