(ភ្នំពេញ)៖ នៅទីបំផុតអតីតជាមនុស្សជំនិត និងជាអតីតអង្គរក្សាការពារលោក សម រង្ស៉ី គឺលោក លោក ងួន ងីម បានចេញមុខទម្លាយការពិត និងអះអាងយ៉ាងច្បាស់ថា ករណីផ្ទុះគ្រាប់បែកនៅខាងមុខរដ្ឋសភាកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ គឺលោក សម រង្ស៉ី អាចជាអ្នករៀបចំផែនការបោកគ្រាប់បែក ព្រោះ សម រង្ស៉ី ហាក់ដឹងមុនអំពីការគប់គ្រាប់បែក និងគ្មានត្រូវរបួសកន្លែងណាមួយទាល់តែសោះ។
នេះបើយោងតាមវិដេអូកិច្ចសម្ភាសន៍បន្ថែមជាមួយលោក ងួន ងីម អតីតអង្គរក្សាការពារលោក សម រង្ស៉ី ដែលត្រូវបានបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣នេះ។
នៅក្នុងកិច្ចសម្ភាសន៍លោក ងួន ងីម បានថ្លែងអះអាងយ៉ាងដូច្នេះថា ពេលជិះឡានជាមួយលោក សម រង្ស៉ី ទៅកាន់មុខរដ្ឋសភាភ្លាម មានគេគប់គ្រាប់បែកផ្ទុះលើ ក្រុមបាតុករ មិនមែនគប់ សម រង្ស៉ី ដែលនៅឆ្ងាយពីលោក សម រង្ស៉ី ជាច្រើនម៉ែត្រ ត្រង់ចំណុចនេះលោក សម រង្ស៉ី ហាក់បីដូចដឹងមុនអំពីហេតុការណ៍គប់គ្រាប់បែក ហើយ សម រង្ស៉ី បានរត់គេចពីកន្លែងកើតហេតុ ក៏ប៉ុន្តែត្រូវបានអង្គរក្សប្រាប់ថា កុំរត់ទៅណា ត្រូវនៅជាមួយអ្នករងគ្រោះ ដើម្បីឲ្យអ្នកគាំទ្រមានជំនឿ ភ្លាមៗគាត់រត់ទៅសម្តែងធ្វើជាឱបអ្នករងរបួស ធ្វើឲ្យខោអាវរបស់គាត់ប្រឡាក់ឈាម ដើម្បីឲ្យគេមើលឃើញថា គាត់ត្រូវរងបួស និងមិនរត់ចោលអ្នកគាំទ្រ ប៉ុន្តែតាមការពិតលោក សម រង្ស៉ី គ្មានត្រូវរបួសណាមួយនោះទេ ហើយត្រូវបានក្រុមអង្គរក្សដឹងយកត្រឡប់ទៅផ្ទះ មិនមែនទៅមន្ទីរពេទ្យទេ។
សូមស្តាប់កិច្ចសម្ភាសន៍ជាមួយលោក ងួន ងីម អតីតអង្គរក្សការពារលោក សម រង្ស៉ី៖