(អូគ្រៀងសែនជ័យ-ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយសហការី នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បានចុះទៅជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំទាំង៥ គឺ ឃុំអូរគ្រៀង ឃុំអូរកណ្តៀរសែនជ័យ ឃុំរលួសមានជ័យ ឃុំស្រែជិះ និងឃុំក្បាលដំរី ក្នុងស្រុកអូរគ្រៀងសែនជ័យ ដែលជាស្រុកទើបបង្កើតថ្មីក្នុងខេត្តក្រចេះ នាឱកាសដែលគណបក្សនយោបាយក្នុងឃុំទាំង៥នេះ កំពុងបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាស្រុកអូរគ្រៀងសែនជ័យ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមេសាឆ្នាំ២០២៣ ខាងមុខនេះ។

លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងមតិក្នុងពិធីសំណេះសំណាល ដែលមានការចូលរួមផងដែរ ពីសំណាក់ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត និងមន្រ្តីមួយចំនួនទៀត ដោយបានគូសបញ្ជាក់ថា «សន្លឹកឆ្នោតមានតម្លៃណាស់ ពលរដ្ឋម្ចាស់ឆ្នោតពិតជាមិនជឿតាមការឃោសនាអកុសល របស់គណបក្សនយោបាយសន្យាភូតកុហកសោះឡើយ»

លោករដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ អាជ្ញាធរ និងមន្រ្តីមូលដ្ឋានទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ដល់ការបំពេញការងារបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានធ្វើឲ្យមានសុខសុវត្ថិភាពនិងការរីកចម្រើន ដែលជាស្នូលនៃសុខសន្តិភាពនិងអភិវឌ្ឍន៍សង្គមជាតិបច្ចុប្បន្ន ពិសេសការចូលរួមយ៉ាងសកម្មនារយៈពេល៣ឆ្នាំចុងក្រោយរបស់បងប្អូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងចលនាជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេច ហ៊ុន សែន ជាប្រមុខ ដែលបានប្រយុទ្ធឈ្នះកូវីដ-១៩ នាំសង្គមជាតិមកកាន់ប្រក្រតីធម្មតាឡើងវិញដូចសព្វថ្ងៃ។ លើសពីនេះទៅទៀតជ័យជំនះដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២២កន្លងទៅ បានបង្ហាញច្បាស់ពីជំនឿជឿជាក់យ៉ាងរឹងមាំ របស់ប្រជាជនមកលើគណបក្សប្រជាជនកម្ពុជា ។

ចុងបញ្ចប់លោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ និងមន្រ្តីមូលដ្ឋានទាំងអស់ត្រូវ ផ្សារភ្ជាប់សុខទុក្ខជាប្រចាំជាមួយប្រជាពលរដ្ឋ ដោយបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អ បង្កើតភាពជិតស្និទ្ធជាមួយប្រជាជន ដើម្បីដណ្តើមឱ្យបានទឹកចិត្តគាំទ្រ ដោយបេះដូងរបស់ប្រជាជនពិតប្រាកដ និងយូរអង្វែង និងធ្វើជាស្នូលឱ្យកំលាំងសាមគ្គីភាព របស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ បន្តពង្រឹងឧត្តមភាពប្រៀបឈ្នះរបស់គណបក្សប្រជាជន ដើម្បីធានាជោគជ័យរាល់ការបោះឆ្នោត តាមបែបប្រជាធិតេយ្យសេរីពហុបក្ស ពិសេសគឺសំដៅឈានឆ្ពោះទៅដណ្តើមជ័យជម្នះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ ខាងមុខនេះ៕