(ភ្នំពេញ)៖ កីឡាករបាល់បោះល្បីឈ្មោះ Wayne Ellington និងកីឡាការិនី Sue Wicks ក្នុងក្របខណ្ឌកំពូល NBA របស់អាមេរិកនឹងមកចែករំលែកបទ ពិសោធន៍ពីការលេង បាល់បោះរបស់ពួកគេ នៅកម្ពុជារយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ដ៏ខ្លីខាងមុខ តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃសុក្រ ទី០៨ កក្កដានេះ។
Ellington និង Sue Wicks បេសកជនកីឡាបាល់បោះបុរស និងនារីដំបូងគេបង្អស់ ដែលនឹងមកផ្តល់បទពិសោធន៍ ពីការលេងកីឡាបាល់បោះអាជីពរបស់ពួកគេនៅកម្ពុជា ដោយសហការជាមួយសមាគមកីឡាបាល់បោះបុរស និងសមាគមកីឡាបាល់បោះនារី នៅសហរដ្ឋអាមេរិក ដើម្បីជួយពង្រឹងជំនាញ និងធ្វើឲ្យមានការចាប់អារម្មណ៍ច្រើន ថែមទៀតនៅកម្ពុជា ចំពោះកីឡាដ៏មានប្រជាប្រិយភាពបំផុតនៅអាមេរិក និងលើពិភពលោក។
ជាមួយគ្នានោះដែរ ស្ថានទូតអាមេរិក នៅភ្នំពេញកំពុងធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡា រួមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាបាល់បោះកម្ពុជា និងសមាគមអតីតនិស្សិតអាហារូបករណ៍ Fulbright នៃកម្ពុជាដើម្បីទទួលបេសកជនកីឡា និងរៀបចំសកម្មភាពនានានៅសប្តាហ៍ក្រោយ ក្នុងការរៀបចំកម្មវិធី ដែលមានឈ្មោះថា «SportsUnited» ចំពោះសកម្មភាព ២យ៉ាង ដែលនឹងត្រូវបានបើកឲ្យសាធារណជន ចូលមើលដោយសេរី និងមិនគិតថ្លៃ៖
1/. ម៉ោង ៩ ព្រឹកថ្ងៃទី១៤ កក្កដា៖ គំរោងជួសជុលទីលានលេងកីឡាបាល់បោះនៅវត្តកោះ ក្នុងក្រុងភ្នំពេញបើកទទួលអ្នកស្ម័គ្រចិត្ត មកពីសហគមន៍ក្នុងមូលដ្ឋាន។
2/. ម៉ោង ៥ រសៀលថ្ងៃទី១៥ កក្កដា កម្មវិធីពិសេសនៅពហុកីឡដ្ឋានអូឡាំពិក ដោយមានការលេងបាល់បោះ ការប្រគំតន្រ្តី និងមានកម្មវិធីជាច្រើនទៀត។
Wayne Ellington ត្រូវបានជ្រើសរើសជាមនុស្សទី២៨ ដោយក្រុមកីឡា Minnesota Timberwolves នៅក្នុងការជ្រើសរើសជាសមាជិកក្រុមកីឡាបាល់បោះប្រចាំឆ្នាំ នៅអាមេរិកក្នុងឆ្នាំ២០០៩។ Ellington ដែលបានលេងឲ្យក្រុម Brooklyn Nets កាលពីឆ្នាំទៅ ក៏បានលេងផងដែរឲ្យក្រុម Memphis Grizzlies, Cleveland Cavaliers, Dallas Mavericks និង Los Angeles Lakers។
មិត្តរួមជាតិ Sue Wicks ក៏មិនធម្មតាដែរ នាងធ្លាប់ជាប់ជាជំរើសជុំដំបូងរបស់ក្រុម New York Liberty នៅក្នុងការជ្រើសរើសកីឡាការិនី ជាលើកដំបូងក្នុងឆ្នាំ១៩៩៧ របស់សមាគមកីឡាការិនីបាល់បោះអាមេរិក។ Wicks បានបន្តលេងឲ្យក្រុម Liberty ៦រដូវកាល ដោយត្រូវបានជ្រើសរើសចូលក្នុងក្រុម All-Stars នៅឆ្នាំ២០០០។ លោកស្រីក៏បាន ទទួលរង្វាន់ Kim Perrot Sportsmanship Award ក្នុងឆ្នាំ២០០០ ផងដែរ៕