(ក្រចេះ)៖ កិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងលោកស្រី ឡាយ នារី នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំប្រារព្ធពិធីបុណ្យសម្ពោធឆ្លងខ្លោងទ្វារ របងវត្ត ផ្លូវបេតុង បង្គោលភ្លើង និងរោងដំបូលដែក និងសមិទ្ធផលនានានៅវត្តចន្ទមូលី (តាម៉ៅ) ស្ថិតនៅភូមិតាម៉ៅកណ្តាល-ក្រោម ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ក្នុងពិធីនេះមានការចូលរួមពីព្រះវិមុលរតនៈ ទេព ហត្ថា ព្រះរាជាគណៈថ្នាក់ពិសេស និងជាព្រះសុគន្ធសីលសារ ព្រះមេគណខេត្តក្រចេះ ព្រះបញ្ញានុបាល ធឹង ច័ន្ទត្រា ព្រះរាជាគណៈថ្នាក់ពិសេស និងជាព្រះវិន័យធរគណ ខេត្តក្រចេះ ព្រះវុឌ្ឍិធម្មាចារ្យ គ្រុយ ដានី ព្រះរាជាគណៈថ្នាក់ពិសេស និងជាព្រះបទុមរតនវង្សា ព្រះអនុគណស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ព្រះគ្រូ ស៊្រឺ សុខមាន ព្រះចៅអធិការវត្តចន្ទមូលី (តាម៉ៅ) និងជាព្រះលេខាធិការព្រះអនុគណស្រុកព្រែកប្រសព្វ ខេត្តក្រចេះ លោកស្រី ស៊ុន សាភឿន តំណាងរាស្ត្រមណ្ឌលក្រចេះ លោក ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកស្រី គាត កុលណី លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី ហេង ឡេឈីវ លោក ស្រេង សុភាព អភិបាលរងខេត្តក្រចេះ តំណាងលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោកស្រី ព្រមទាំងព្រះសង្ឃ យាយជី តាជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន សរុបប្រមាណ៩០០នាក់។
នាឱកាសនោះ កិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានងកំពុងដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ប្រកបដោយចលនាការ និងសក្តានុពល។ ជាការពិត អាណាចក្រដែលយើងសម្រេចបានដូចសព្វថ្ងៃ មិនមែនជាការកើតឡើងដោយឯងៗ ឬចៃដន្យ និងងាយស្រួលនោះទេ។ អ្វីៗទាំងនេះ ជាមនុញ្ញកុសលនៃនយោបាយឈ្នះ-ឈ្នះ ដែលសម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញ និងដឹកនាំអនុវត្តផ្ទាល់ប្រកបដោយជោគជ័យដ៏ត្រចះត្រចង់នៅចុងឆ្នាំ១៩៩៨ ដែលនាំមកនូវសន្ដិភាព ឯកភាពជាតិ ឯកភាពទឹកដី ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម ព្រមទាំងរក្សាបានទាំងស្រុងនូវអធិបតេយ្យភាព និងបូរណភាពទឹកដី។ បរិកាណ៍អំណោយផលនេះ ជាបច្ច័យដ៏ល្អសម្រាប់ការអភិវឌ្ឍគ្រប់វិស័យដែលនឹងជំរុញឱ្យកម្ពុជាសម្រេចនូវមហិច្ឆតារបស់ខ្លួន ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ។ រាជរដ្ឋាភិបាលមានការគិតគូរយ៉ាងល្អិតល្អន់ពីសមត្ថភាព និងកាលានុវត្តភាព ប្រកបដោយភាពប្រាកដនិយម ដើម្បីសម្រេចគោលដៅខាងលើ។
កិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានលើកឡើងថា សម្តេចតេជោនាយករដ្ឋមន្ត្រីបានដាក់ចេញនូវផែនការប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីស្កាត់ទប់និងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid 19 ប្រកបដោយជោគជ័យ ព្រមទាំងការដាក់ចេញនូវវិធានការជាក់លាក់ដើម្បីគាំពារកំណើនសេដ្ឋកិច្ច និងការគាំពារសង្គមដើម្បីឆ្លើយតបនឹងផលវិបាកនៃជំងឺ Covid 19 នេះ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានា ទាំងក្នុងពុទ្ធចក្រ ទាំងក្នុងអាណាចក្រ មានជាអាទិ៍ វត្តអារាម ព្រះវិហារ កុដិ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធទឹកស្អាត ប្រព័ន្ធអគ្គិសនី ផ្លូវជាដើម។ សមិទ្ធផលទាំងនេះ ឆ្លើយតបទៅនឹងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលដែលផ្តោតលើមនុស្ស ផ្លូវ ទឹក ភ្លើង ដែលជាតម្រូវការជាក់ស្ដែងរបស់ប្រជាជន និងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ជាក់ស្តែង កម្ពុជាបានអនុវត្តនូវបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដែលពុទ្ធសាសនា ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការគោរពប្រតិបត្តិដែលមានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ។ ជាក់ស្តែង សមិទ្ធផលខ្លោងទ្វារ របង ផ្លូវបេតុង និងសមិទ្ធផលនានានៅវត្តចន្ទមូលី (តាម៉ៅ) ដែលត្រូវបានសម្ពោធឆ្លងនៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតលើសមិទ្ធផលនានា កើតចេញពីការរួមកម្លាំងសាមគ្គីជាធ្លុងមួយរបស់ព្រះសង្ឃ សប្បុរសជននានា និងពុទ្ធបរិស័ទ ដែលបាននិងបន្តចូលរួមកសាងវត្តចន្ទមូលី (តាម៉ៅ)។
កិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានសម្ដែងនូវមូលវិចារណ៍ចំពោះព្រះវីរភាពរបស់ព្រះតេជគុណគ្រប់ព្រះអង្គ ដែលបានខិតខំរួមចំណែករហូតសម្រេចបាននូវស្នាព្រះហស្តជាច្រើន ដែលមិនត្រឹមបម្រើពុទ្ធចក្រទេ ថែមទាំងបម្រើសង្គមនិងមនុស្សជាតិទាំងមូល។ ទន្ទឹមនេះ លោកបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដែលញ៉ាំងឱ្យយើងសម្រេចបានជោគជ័យជាទីមោទនៈ ដូចសព្វថ្ងៃ និងបន្តពង្រីកនូវសមិទ្ធផលទាំងនេះបន្តទៀត។
ឱកាសដ៏វិសេសវិសាលនេះ កិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានអំពាវនាវយ៉ាងក្លៀវក្លាឱ្យប្រជាជនកម្ពុជា ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងគំាទ្រសម្ដេចតេជោ ហ៊ុន សែន បន្តធ្វើនាយករដ្ឋមន្រ្តី ដើម្បីថែរក្សានូវសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ។
កិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានពាំនាំនូវការសាកសួរសុខទុក្ខដ៏កក់ក្តៅពីសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបាននាំយកនូវទេយ្យទាន សាដក បច្ច័យប្រគេនព្រះសង្ឃ បច្ច័យប្រគេនវត្តចន្ទមូលី (តាម៉ៅ) វត្តព្រែកស្វាយ វត្តភ្នំសុពណ៌កាឡី វត្តក្រហមករ វត្តប្រាសាទ ថវិកាឧបត្ថម្ភសាលាស្រុក សាលាឃុំតាម៉ៅ មន្ទីរពេទ្យបង្អែកស្រុក មន្ទីរពេទ្យបង្អែកឃុំ ឧបត្ថម្ភអនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន តាម៉ៅ សាលាបឋមសិក្សាតាម៉ៅ ជូនក្រុមប្រឹក្សាឃុំ ជូនប៉ុស្ត៍នគរបាលរដ្ឋបាល ជូនលោកគ្រូ អ្នកគ្រូ (បឋមសិក្សា-អនុវិទ្យាល័យ) ជូនថវិកា សៀវភៅ ប៊ិច ដល់យុវជន កាយាឫទ្ធ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក យុវជនគណបក្ស សិស្សានុសិស្ស និងបានជូនថវិកាប្រជាការពារ តាជី យាយជី និងប្រជាពលរដ្ឋ ចំណាយសរុបប្រមាណ២៤លាន៥៨ម៉ឺនរៀល៕