(កំពង់ចាម)៖ ស្ថិតក្នុងឱកាសដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បានខិតជិតចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣នេះ បាននាំយកបច្ច័យបួន រួមទាំងទេយ្យទានមួយចំនួន និមន្តសួរសុខទុក្ខព្រះតេជគុណ ព្រះគ្រូសុគន្ធមុនី រស់ ស៊ីម សិរីមង្គលោ ព្រះចៅអធិការវត្តសុគន្ធារាម ហៅវត្តទូរ៉ី។
ព្រះគ្រូសុគន្ធមុនី រស់ ស៊ីម សិរីមង្គលោ ព្រះចៅអធិការវត្តសុគន្ធារាម ហៅវត្តទូរ៉ី ស្ថិតនៅឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បច្ចុប្បន្ននេះព្រះគ្រូសុគន្ធមុនី រស់ ស៊ីម សិរីមង្គលោ មានព្រះជន្ម ៩២ឆ្នាំហេីយ។
មានសង្ឃដីកា នាឱកាសនោះសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ក៏ធ្វេីការសំណេះសំណាលសាកសួរសុខទុក្ខ និងបានប្រគេនពរដល់ព្រះគ្រូសុគន្ធមុនី រស់ ស៊ីម សូមមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ បន្តទៅមុខទៀតផងដែរ។
នាឱកាសនោះដែរសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត បានប្រគេននូវបច្ច័យបួន រួមទាំងទេយ្យទានមួយចំនួន ចំពោះព្រះគ្រូសុគន្ធមុនី រស់ ស៊ីម និងបានជូននូវថវិកាដល់លោកអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ និងក្មេងស្នាក់នៅវត្តជាច្រេីននាក់ផងដែរ៕