(ភ្នំពេញ)៖ ក្រោមគោលនយោបាយលើកកម្ពស់សេវាសុខភាពសាធារណៈឱ្យកាន់តែល្អប្រសើរ ដើម្បីធានាការដណ្តើអាយុជីវិតប្រជាពលរដ្ឋពីជំងឺតម្កាត់ផ្សេងៗនោះ រាជរដ្ឋាភិបាល កម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាននិងកំពុងធ្វើទំនើបកម្មទាំងលើការព្យាបាល និងបរិក្ខារពេទ្យ នៅតាមមន្ទីរពេទ្យជាច្រើននៅកម្ពុជា។
នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាសអគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចំនួនពីរអគារដ៏ស្កឹមស្កៃ ជាមួយការបំពាក់បរិក្ខារបម្រើការព្យាបាលដ៏ទំនើបៗជាច្រើន។
ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងការឧបត្ថម្ភគាំទ្ររបស់ សម្តេចតេជោ និង សម្តេចកត្តព្រឹទ្ធបណ្ឌិត គម្រោងអភិវឌ្ឍមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលជាមន្ទីរពេទ្យ បង្អែកមួយក្នុងចំណោមមន្ទីរពេទ្យបង្អែកទាំង៧ នៃខេត្តត្បូងឃ្មុំ បានចាប់ផ្ដើមនៅខែកក្កដា ឆ្នាំ២០២០។ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលមានផ្ទៃដីត ១២,៦៤៧ម៉ែត្រការ៉េ បានទិញដីពង្រីកបន្ថែមចំនួន ៦,៧៥៥ម៉ែត្រការ៉េ ធ្វើឱ្យផ្ទៃដីសរុបកើនដល់ ១៩,៤០២ម៉ែត្រការ៉េ។
គម្រោងបានចាប់ផ្តើមសាងសង់អគារថ្មីចំនួន២ និងជួសជុលអគារចាស់ចំនួន១។ អគារថ្មីទី១ មានទំហំ ១៨ម៉ែត្រ គុណ ៦២ម៉ែត្រ មានកម្ពស់ ៤ជាន់ បើកការដ្ឋានសាងសង់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២មានបន្ទប់ពិនិត្យជំងឺទូទៅ, បន្ទប់សង្គ្រោះបន្ទាន់, បន្ទប់វះកាត់, បន្ទប់សម្រាកព្យាបាល, បន្ទប់ពិសោធន៍វេជ្ជសាស្ត្រ, បន្ទប់អេកូសាស្ដ្រ, បន្ទប់X-Ray និងបានរៀបចំដាក់គ្រែសម្រាកព្យាបាលបានចំនួន ២០០គ្រែ។
អគារថ្មីទី២ មានទំហំ ១៨ម៉ែត្រ គុណ ៦២ម៉ែត្រ មានកម្ពស់៤ជាន់ បើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ មានបន្ទប់ពិនិត្យជំងឺទូទៅ, បន្ទប់សង្គ្រោះបន្ទាន់, បន្ទប់វះកាត់, បន្ទប់សម្រាកព្យាបាលទូទៅ, បន្ទប់សម្ភព និងរោគស្ត្រី, បន្ទប់ព្យាបាលជំងឺកុមារ, បន្ទប់ព្យាបាលជំងឺមាត់ធ្មេញ, បន្ទប់ពិសោធន៍វេជ្ជសាស្ត្រ, ឃ្លាំងបរិក្ខារវេជ្ជសាស្ត្រ ឃ្លាំងឱសថ និងដាក់គ្រែសម្រាកព្យាបាល បានចំនួន ២០០គ្រែ។ នៅជាន់ទី៣ នៃអគារថ្មីទាំងពីរ មានបន្ទប់គ្រូពេទ្យ បន្ទប់វេជ្ជបណ្ឌិត បន្ទប់គ្រូពេទ្យប្រចាំការ និងបន្ទប់ស្នាក់នៅសម្រាប់បុគ្គលិក ដែល រស់នៅទីឆ្ងាយ។
អគារចាស់ ត្រូវបានជួសជុល និងកែលម្អឡើងវិញ និងប្រើប្រាស់ជាអគាររដ្ឋបាល ឃ្លាំងឱសថឃ្លាំងសម្ភារៈ និងអាហារដ្ឋាន ព្រមទាំងបានជួសជុលអគារចំនួន ១អគារ សម្រាប់បំពាក់បរិក្ខារផលិតអុកស៊ីហ្សែន។ ក្រៅពីនោះ គម្រោង ក៏បានសាងសង់ក្លោងទ្វារធំចំនួន ២ សាងសង់របងជុំវិញមន្ទីរពេទ្យសរុបប្រវែង ៥៥៨ម៉ែត្រ សាងសង់ឡដុតកាកសំណល់វេជ្ជសាស្ត្រចំនួន ១កន្លែង រៀបចំសួន និងដាំដើមធ្នង់បានចំនួន ២៣១ដើម ដើម្បីលើកកម្ពស់សោភណភាព និងកិច្ចការពារបរិស្ថាន ព្រមទាំងរៀបចំចំណតរថយន្តបានចំនួន ៣២ចំណត នឹងជួសជុលអតីតអគារមណ្ឌលសុខភាពមានទំហំទទឹង ៩ម៉ែត្រ បណ្ដោយ ១២ម៉ែត្រ ដាក់ម៉ាស៊ីនផលិតអុកស៊ីហ្សែនសម្រាប់បម្រើការផ្គត់ផ្គង់មន្ទីរពេទ្យ។
ជាមួយការកសាងហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា បានទទួលសម្ភារ បរិក្ខារវេជ្ជសាស្ត្រដែលជាជំនួយឥតសំណងនៃមូលនិធិ KUSANONE (គូសាណូណេ) របស់រដ្ឋ ភិបាលជប៉ុន ចំនួន ១៧ប្រភេទ ស្មើ ៣៧គ្រឿង សរុបជាទឹកប្រាក់ប្រមាណ ២៦៣,៧៦០ដុល្លារ និងបានប្រែក្លាយទៅជាមន្ទីរពេទ្យមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធ ល្អប្រសើរ និងបំពាក់ដោយឧបករណ៍ដ៏ទំនើបៗ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ Fresh News ថា ដោយមើលឃើញពីភាពចាំបាច់ក្នុងការផ្តល់សេវាគាំពារសុខភាពជូនប្រជាពលរដ្ឋនោះ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ត្រូវបានធ្វើការអភិវឌ្ឍ និងដំឡើងកម្រិតជា មន្ទីរពេទ្យផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២(CPA2) នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។
មន្ទីរពេទ្យកម្រិត២នេះ បម្រើសេវាជូនប្រជាពលរដ្ឋ ដូចជា ផ្នែកជំងឺទូទៅ, ផ្នែកសង្គ្រោះបន្ទាន់, ផ្នែកជំងឺវះកាត់, ផ្នែកជំងឺកុមារ, ផ្នែកសម្ភពនិងរោគ ស្ត្រី, ផ្នែកជំងឺរបេង, ផ្នែកទន្តសាស្ត្រ, ផ្នែករូបភាពវេជ្ជសាស្ត្រ, ផ្នែកមន្ទីរពិសោធន៍, ផ្នែកឱសថ និងអនាគតពង្រីកសេវាផ្សេងៗបន្ថែមទៀត។
លោកស្រី យក់ សម្បត្តិ បានឱ្យដឹងផងដែរថា មន្ទីរពេទ្យ ក៏បានធ្វើកិច្ចសហការជាមួយមន្ទីរពេទ្យជាតិ និងអង្គការដៃគូជាច្រើន ដើម្បីផ្តល់សេវាលើផ្នែកជំងឺដែលបានរៀបរាប់ខាងលើ។ ក្រៅពីមានកិច្ចសហប្រតិបត្តិការរវាងអង្គការដៃគូ និងមន្ទីរពេទ្យថ្នាក់ជាតិ ហើយ នោះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានរៀបចំក្រុមគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ចុះជួយទៅតាមផ្នែកតាមតម្រូវការជំនាញ។ មិនត្រឹមតែប៉ុណ្ណោះ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ក៏បានបង្កើតបន្ថែមនូវសេវាមួយចំនួនដូចជា ផ្នែកសុខភាពផ្លូវចិត្ត ដោយបាននឹងកំពុងបណ្តុះបណ្តាលបុគ្គលិកជំនាញ, ផ្នែកផ្តល់ថ្នាំពន្យារជីវិត(ARV) ជូនអ្នកជំងឺផ្ទុកមេរោគអេដស៍, មណ្ឌលព្យាបាលជំងឺទឹកនោមផ្អែមនិងសេវាផ្សេងៗទៀត ដែលជាតម្រូវការនៃការបម្រើសេវាដល់ប្រជាពលរដ្ឋនៅក្នុងនិងក្រៅតំបន់ស្រុកក្រូចឆ្មារ។
លោកស្រី យក់ សម្បត្តិ បានគូសបញ្ជាក់ថា «មន្ទីរពេទ្យនេះ មិនគ្រាន់តែផ្តល់សេវាសង្គ្រោះអ្នកជំងឺ ឬសេវាវះកាត់ ឬបញ្ជូនប៉ុណ្ណោះទេ មន្ទីរពេទ្យនេះ ក៏នឹងក្លាយជាមន្ទីរពេទ្យអាចជួយបណ្តុះបណ្តាល និងបំពាក់បំប៉នសមត្ថភាពបុគ្គលិកនៅតាមស្រុកជិតខាង ក្នុងខេត្តត្បូងឃ្មុំ និងខេត្តនៅជិតនេះ។ ទៅថ្ងៃក្រោយនឹងមានការបញ្ជូនគ្រូពេទ្យជំនាញ ចុះជួយធ្វើការនៅក្នុងមន្ទីរពេទ្យនេះ ដើម្បីឱ្យក្លាយជាមន្ទីរពេទ្យមួយដ៏រឹងមាំ អាចគ្រប់គ្រង និងផ្តល់សេវាសំខាន់នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តជាប់ព្រំប្រទល់»។
លោកស្រី យក់ សម្បត្តិ ក៏បានគូសបញ្ជាក់ថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារនេះ គឺជាមន្ទីរពេទ្យស្រុកដំបូងគេហើយ ដែលមានសមត្ថភាពខ្ពស់ក្នុងការព្យាបាលជំងឺ និងបំពាក់ដោយបរិក្ខារពេទ្យទំនើបៗ។
ជាការកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មន្ទីរពេទ្យរបស់កម្ពុជាជាច្រើនត្រូវបានធ្វើទំនើបកម្មលើការព្យាបាល ជាមួយការបំពាក់បរិក្ខារយ៉ាងទំនើបៗ ដូចជាមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យកាល់ម៉ែតជាដើម។ ការទំនើបកម្មការព្យាបាលដោយបំពាក់បរិក្ខារពេទ្យទំនើបៗនេះ នឹងធ្វើឱ្យការព្យាបាលអ្នកជំងឺកាន់តែមានប្រសិទ្ធភាពខ្ពស់៕