(ហាណូយ)៖ មន្ត្រីរដ្ឋាភិបាលវៀតណាម បានអំពាវនាវឲ្យប្រទេសថៃ និងបណ្តាប្រទេសតាមដងទន្លេមេគង្គទាំងអស់ រួមជាមួយនឹងអង្គការពាក់ព័ន្ធនានា ត្រូវជម្រុញកិច្ចសហប្រតិបត្តិការរួមគ្នាមួយ ដើម្បីធ្វើការអភិវឌ្ឍ, គ្រប់គ្រង, និង ប្រើប្រាស់ទឹកទន្លេដ៏ក្សត់ខ្សោយនេះ ប្រកបដោយប្រសិទ្ធភាពនិងនិរន្តភាព។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាល្ងាចថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០១៦។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានបង្ហាញពីផែនការខាងលើ នេះនៅក្នុងកិច្ចពិភាក្សាគ្នាជាមួយនឹងរដ្ឋមន្ត្រីការបរទេសថៃលោក Don Pramudwinai ក្នុងទីក្រុងហាណូយ ហើយ ភាគីទាំងពីរក៏គ្រោងទាក់ទាញដៃគូផ្សេងៗទៀតនៅតាមដងទន្លេមេគង្គ (មានចិន, មីយ៉ាន់ម៉ា, ឡាវ និង កម្ពុជា) ឲ្យចូលរួមរក្សាផលប្រយោជន៍រួមគ្នា ចំពោះដងទន្លេដែលជាសសៃឈាមសំខាន់បំផុត នៃជីវិតរស់នៅរបស់ប្រជាជនក្នុងតំបន់ទាំងមូលនេះ។
គួរបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់វៀតណាម និងថៃ បានព្រមព្រៀងគ្នាក្នុងការផ្សាភ្ជាប់សេដ្ឋកិច្ចឲ្យកាន់តែខ្លាំងក្លា ជាពិសេស គឺការបង្កើតផែនការសកម្មភាពពាណិជ្ជកម្ម វៀតណាម-ថៃ រួមនឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគ អំឡុងឆ្នាំ ២០១៥ ដល់ ២០២០ ផងដែរ។ នៅឆ្នាំ ២០២០ ប្រទេសទាំងពីរគ្រោងជំរុញទំហំពាណិជ្ជកម្មរវាងគ្នាឲ្យដល់ ២០ពាន់លានដុល្លារអាមេរិក។
សម្រាប់ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសថៃ មកកាន់ប្រទេសវៀតណាមនាពេលនេះ គឺដើម្បីរំលឹកខួបទី ៤០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសអាស៊ានទាំងពីរ ដែលបានចាប់ផ្តើមកាលពីឆ្នាំ១៩៧៦៕