(បន្ទាយមានជ័យ)៖ លោក បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយក្រុមការងារមូលដា្ឋនភូមិ-ឃុំ-ស្រុក លោកគ្រូ អ្នកគ្រូ ព្រមទាំងនាំយកកង់ចំនួន៥០គ្រឿង ឧបត្ថម្ភដល់សិស្សានុសិស្សមានជីវភាពខ្វះខាតជួបការលំបាកចំនួន៥០នាក់ ក្នុងស្រុកភ្នំស្រុក ដែលជាអំណោយរបស់លោក ឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ។
លោក បោន ប៊ិន បានលើកឡើងថា ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ ដោយមានការជឿកជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ។ ទាំងអស់នេះក៏ដោយសារតែប្រជាជនកម្ពុជាជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធាគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសតាំងពីចំណុចសូន្យ រហូតដល់មានការអភិវឌ្ឍ និងមានអ្វីៗដូចសព្វថ្ងៃនេះ។
ប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុកបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាបានរក្សាខ្ជាប់នូវប្រពៃណីស្នេហាជាតិ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ព្រមទាំងយកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំសម្រេចរាល់ភារកិច្ចដែលគណបក្សប្រជាជនបានដាក់ចេញ និងកំពុងបន្តជម្រុញសកម្មភាពឥតថមថយ ទាំងការអនុវត្តកម្មវិធីនយោបាយ ទាំងការកសាងពង្រឹងគណបក្ស និងការផ្សារភ្ជាប់ជាមួយមូលដ្ឋាន ខិតខំដោះស្រាយបញ្ហាជីវភាពជូនប្រជាជនឱ្យបានកាន់តែល្អប្រសើរ។ បន្តរួមសាមគ្គីជាធ្លុងមួយជុំវិញរាជរដ្ឋាភិបាល ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីការពារសន្តិភាព និងសម្រេចបានសមិទ្ធផលធំៗថ្មីៗបន្ថែមទៀតលើមាគ៌ានៃការអភិវឌ្ឍ។
លោក បោន ប៊ិន ក៏បាននាំយកអំណោយផ្តល់ជូនសមាជិក-សមាជិកាចំនួន១១២នាក់ ក្នុងម្នាក់ទទួលបានមីចំនួន១កេស សារុងចំនួន១ អាវយឺតគណបក្សចំនួន១ លោកគ្រូ-អ្នកគ្រូចំនួន២០នាក់ ក្នុងម្នាក់ទទួលបាន មី១កេស សារុង១ អាវយឺតគណបក្ស១ និងបាល់ទះ១០គ្រាប់ បាល់ទាត់១០គ្រាប់ សម្រាប់ចាត់ចែងតាមសាលាជាមួយគ្នានោះសិស្សានុសិស្សមានជីវភាពខ្វះខាតចំនួន៥០នាក់ ក្នុងម្នាក់ទទួលបានកង់ចំនួន១គ្រឿង កាបូបស្ពាយចំនួន១ សៀវភៅ១០ក្បាល ប៊ិច២០ដើម ខោអាវកីឡា១ឈុត និងសម្ភារសិក្សាមួយចំនួនទៀត ក្នុងនោះដែរការិយាល័យអប់រំស្រុកទទួលបានម៉ាស៊ីនព្រីនចំនួន២គ្រឿងផងដែរ៕