(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានិត បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះ ឧកញ៉ា អ៉ឹង លីហេង និងជំទាវឧកញ៉ា តាំង ហ្គិចលៀង ដែលបានឧបត្ថម្ភថវិកា ចំនួន ៥០ ០០០ដុល្លារ ក្នុងការសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ ខេត្តកំពង់ចាម។
វប្បធម៌នៃការចែក រំលែកនេះឆ្លុះបញ្ចាំងពីទឹកចិត្តនិងមនសិការស្រឡាញ់គណបក្សស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងគណបក្ស ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ របស់គណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន ម៉ានិត បានលើកឡើងថា «តាមរយៈសកម្មភាពចូលរួមដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមប្រសិទ្ធពរជ័យ បវរមហាប្រសើរជូនដល់ ឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ប្រកប ដោយពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»។
សូមបញ្ជាក់ថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ ខេត្ដកំពង់ចាម ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៧១ ដែលចំណាយថវិកាសាងសង់ អស់ប្រមាណ១.៨លានដុល្លារ ត្រូវបានកាត់ខ្សែបូរណ៍សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី សមាជិកគណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងលោក ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកចំការលើ ។
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើនេះ បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ហើយបានបញ្ចប់ទាំងស្រុងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដោយប្រើប្រាស់រយៈពេល១៤ខែ៕