(ភ្នំពេញ)៖ អង្គការ Global Witness ត្រូវបានគេដឹងថា ជាអង្គការខ្នាតអន្តរជាតិមួយមានទីស្នាក់ការមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងទីស្នាក់ការមួយទៀតនៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។

អង្គការនេះត្រូវបានគេប្រកាសថាបង្កើតឡើងដើម្បីធ្វើការងារលើផ្នែកឃ្លាំមើល លើបញ្ហាការធ្វើអាជីវកម្មធនធានធម្មជាតិ ភាពក្រីក្រ អំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស និងជំលោះនានានៅទូទាំងពិភពលោក។ ប៉ុន្តែនៅពីក្រោយខ្នងវិញគេដឹងថា អង្គការនេះបង្កើតឡើងដើម្បីធ្វើការងារប្រឆាំង នឹងបណ្ដាលរដ្ឋ ឬមេដឹកនាំប្រទេសទាំងឡាយណាដែលមិនរណប ឬចំណុះឲ្យមហាអំណាចពិភពលោក ដោយគ្រាន់តែយកឈ្មោះអង្គការមកបិទបាំងងាយស្រួលបញ្ជូនបុគ្គលិក ឬភ្នាក់ងាររបស់ខ្លួនទៅកាន់បណ្ដាលរដ្ឋ ឬប្រទេសទាំងអស់នោះធ្វើសកម្មភាពតែប៉ុណ្ណោះ។ បានជាគេហ៊ានវាយតំលៃដូច្នេះ ព្រោះតែគេដឹងថាអង្គការ Global Witness គឺទទួលមូនិធិធំបំផុតពីវិទ្យាស្ថាន Open Society Institute ដែលវិទ្យាស្ថាននេះមានលោក Geovge Soros ជានាយក។

លោក Geovge Soros ត្រូវបានគេស្គាល់ថា គឺជាមហាសេដ្ឋីអាមេរិក ដែលបានជះលុយយ៉ាងច្រើនទៅឲ្យអង្គការ ឬក្រុមណាមួយក្នុងការធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋ ឬមេដឹកនាំប្រទេសណាមួយដែលខ្លួនមិនចូលចិត្ត ដើម្បីទាញយកផលចំណេញលើផ្នែកសេដ្ឋកិច្ចមកវិញ ហើយគេក៏បានចោទប្រកាន់ថា លោកក៏ជាអ្នកចាយលុយនៅពីក្រោយខ្នង ការធ្វើបដិវត្តពណ៏នៅបណ្ដាលប្រទេស នៅតំបន់អារ៉ាប់ផងដែរ។

វិបត្តិសេដ្ឋកិច្ចនៅអាស៊ី ជាពិសេសនៅអាស៊ាន ដែលបានកើតឡើងកាលពីឆ្នាំ១៩៩៧ ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសថៃយ៉ាងខ្លាំងនោះ ក៏គេថាមានពាក់ព័ន្ធនឹងមហាសេដ្ឋី Geovge Soros នៅពីក្រោយខ្នងដូចគ្នា។

ថ្មីៗនេះការដែលប្រទេសអង់គ្លេសសំរេចចាកចេញពីសហគមន៏អ៉ឺរ៉ុប តាមរយៈការបោះឆ្នោតប្រជាមតិរបស់ប្រជាពលរដ្ឋ បានធ្វើឲ្យមហាសេដ្ឋីធំៗនៅលើពិភព លោកមានការខាតបង់លុយយ៉ាងច្រើនរួមទាំងម្ចាស់ហ្វេសប៊ុក និងម្ចាស់ម៉ាយក្រូសូសផងដែរ ដោយសារតែទីផ្សារភាគហ៊ុនធ្លាក់ចុះ តែសំរាប់ Geovge Soros បែរជាទទួលផលចំណេញយ៉ាងច្រើនទៅវិញ ព្រោះតែខ្លួនជាអ្នកកំណត់តំលៃភាគហ៊ុន។ ដោយឡែកសំរាប់កម្ពុជាវិញ មិនត្រឹមតែអង្គការ Global Witness ដែលទទួលលុយពីវិទ្យាស្ថានដែលមានលោក Geovge Soros ជាប្រធាន យកមកធ្វើសកម្មភាពវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ សូម្បីតែក្រុមសង្កេតការណ៏សិទ្ធិមនុស្ស (Human Right watch) ដែលមាន ហ្វ្រេត អាដាម ជានាយកប្រចាំតំបន់អាស៉ីប៉ាស៊ីហ្វិក ហើយតែងតែធ្វើសកម្មភាពវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ ហើយ ហ្វ្រេតអាដាម នេះក៏គេដឹងថា ជាមនុស្សជិតស្និតជាមួយលោក សម រង្ស៊ី ផងនោះក៏ទទួលមូនិធិធំពីវិទ្យាស្ថានរបស់លោក Geovge Soros ដូចគ្នា។ ដោយឡែកការព្យាយាមវាយប្រហាររបស់អង្គការ Global Witness មកលើរាជរដ្ឋាភិបាលកម្ពុជា​ ជាពិសេសក្រុមគ្រួសាររបស់នាយករដ្ឋមន្ត្រីនោះ មួយផ្នែកធំក៏កើតមកពីរឿងគំនុំផងដែរ ព្រោះតែកាលពីឆ្នាំ២០០២-២០០៣ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ឈប់លែងឲ្យធ្វើជា ភ្នាក់ងារឯករាជ្យឃ្លាំមើល សកម្មភាពឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជាតទៅទៀត ដោយជ្រើសរើសយកអង្គការផ្សេង ធ្វើឲ្យអង្គការនេះបាត់បង់ថវិកាជំនួយរាប់លានដុល្លារ ក៏កើតជាគំនុំតាមវាយប្រហាររហូតមក ជាពិសេសឲ្យតែជិតដល់ពេលបោះឆ្នោតម្ដងៗក្នុងបំណងធំធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា​ និងគណបក្សកាន់អំណាចបាត់បង់ប្រជាប្រិយភាពតែប៉ុណ្ណោះ។

* ប្រវត្តិពិត និងរឿងអាស្រូវពាក់ព័ន្ធមួយចំនួនរបស់ Global Witness
អង្គការ Global Witness ជាអង្គការអន្តរជាតិមួយត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣។បច្ចុប្បន្នមានលោកស្រី Gillian Caldwell ជានាយកប្រតិបត្តិ (CEO) ដែលបានឡើងកាន់ដំណែងកាលពីខែកក្កដា ឆ្នាំ២០១៥កន្លងទៅនេះ។ អង្គការនេះត្រូវបានគេអះអាងថាបង្កើតឡើង ក្នុងគោលដៅសិក្សាស្រាវជ្រាវទៅ លើបញ្ហាការធ្វើអាជីវកម្ម ធនធានធម្មជាតិ ភាពក្រីក្រ អំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស និងជម្លោះទូទាំងសកលលោក។ អង្គការនេះ មានទីស្នាក់ការនៅរដ្ឋធានីវ៉ាស៊ីនតោន និងទីក្រុងឡុនដ៍។

* សកម្មភាពការងារ
សកម្មភាពការងាររបស់ស្ថាប័ននេះគឺ ធ្វើការស៊ើបអង្កេត បោះពុម្ពរបាយការណ៍ និងធ្វើយុទ្ធនាការក្រើនរំលឹកដាស់តឿនមនុស្សលើទង្វើខុសឆ្គងផ្សេងៗ។ របាយការណ៍ របស់អង្គការនឹងត្រូវបានចែកចាយទៅរដ្ឋាភិបាល អង្គការអន្តររដ្ឋាភិបាល សង្គមស៊ីវិល និងសារព័ត៌មាន។ គោលដៅគឺដើម្បីបង្កើតគោល នយោបាយលំដាប់ពិភពលោក និងផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្សពាក់ព័ន្ធនឹងការចម្រាញ់ និងធ្វើអាជីវកម្មទៅលើធនធានធម្មជាតិ ព្រមទាំងប្រឆាំង ចំពោះអំពើពុករលួយ ការធ្វើអាជីវកម្មបែបអស្ថិរភាព ដែលអាចបង្កផលប៉ះពាល់ដល់ការអភិវឌ្ឍន៍ បញ្ហាសិទ្ធិមនុស្ស ភូមិសាស្ត្រ នយោបាយ និងស្ថិរភាពនយោបាយ។

អង្គការ Global Witness កន្លងមកធ្វើការសិក្សាស្រាវជ្រាវទៅលើការធ្វើអាជីវកម្មពេជ្រ ប្រេង ព្រៃឈើ កាកាវ ឧស្ម័ន មាស និងធនធានរ៉ែដទៃទៀត។  ស្ថាប័ននេះក៏បានធ្វើការស៊ើបអង្កេត និងសិក្សាទៅលើករណីផ្សេងៗក្នុងប្រទេស កម្ពុជា ភូមា ឥណ្ឌូនេស៊ី អង់ហ្គោឡា លីបេរីយ៉ា សាធារណរដ្ឋកុងហ្គោ ហ្គីណេ កាហ្សាក់ស្ថាន ហ្ស៊ីមបាវេ តួកមេនីស្ថាន និងប្រទេសកូតឌីវ័រ។ អង្គការនេះក៏បានផ្តួចផ្តើមគំនិតក្នុងការបង្កើតអង្គការ EITI និងស្ថាប័នផ្សេងៗទៀតផងដែរ។ Global Witness បានធ្វើយុទ្ធនាការដំបូងបំផុតរបស់ខ្លួនពាក់ព័ន្ធ នឹងការប្រឆាំងការជួញដូរព្រៃឈើខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា និងប្រទេស ថៃ ដែលជាអាជីវកម្មដើម្បីស្វែង រកជំនួយជួយដល់របបខ្មែរក្រហម។ អង្គការនេះបានលើកឡើងថា ធនធានធម្មជាតិធ្លាប់ត្រូវបានមនុស្សប្រើប្រាស់សម្រាប់ធ្វើអាជីវកម្ម ដើម្បីស្វែងរកជំនួយដល់យោធា និងសកម្មប្រយុទ្ធដែលជាអ្នកសម្លាប់ ចាប់រំលោភ បំពានសិទ្ធិមនុស្ស និងប្រឆាំងជនស៊ីវិលជាដើម។ ប្រភពដដែលបានបន្ថែមថា ប្រភពធនធានធម្មជាតិមានសក្តានុពលក្នុងការកាត់បន្ថយភាពក្រីក្រក្នុងតំបន់អាហ្វ្រិក និងអាចធ្វើជាឧបករណ៍សម្រាប់រក្សាសន្តិភាពថែមទៀតផង។

* ប្រាក់ចំណូល
មូលនិធិសំខាន់របស់អង្គការ Global Witness បានមកពីការឧបត្ថម្ភពីរដ្ឋាភិបាលនានា និងការបរិច្ចាគពីមជ្ឈដ្ឋានផ្សេងៗ។ ហើយអ្វីដែលជាប្រភព ជំនួយធំបំផុតរបស់អង្គការនេះគឺបានមកពីវិទ្យាស្ថាន Open Society Institute ដែលស្ថាប័នមួយនេះក៏បានចូលរួមចំណែកក្នុងការឧបត្ថម្ភដល់ ក្រុមអ្នកអង្កេតការសិទ្ធិមនុស្ស Human Right Watch ផងដែរ។ អ្វីដែលជារឿងហួសចិត្តបំផុតនោះគឺលោក George Soros ប្រធានរបស់វិទ្យាស្ថាន Open Society Institute ត្រូវបានតុលាការធ្វើការផ្តន្ទាទោសពាក់ព័ន្ធ នឹងការបំពានច្បាប់ Insider Trading Laws កាលពីឆ្នាំ២០០២កន្លងទៅនេះ។ Global Witness ក៏ទទួលបានប្រាក់ចំណូលពីប្រជាពលរដ្ឋណ័រវេស និងរដ្ឋាភិបាលអង់គ្លេស ព្រមជាមួយមូលនិធិ Adessium Foundation និង Oxfam Novibផងដែរ។

សូមបញ្ជាក់ថា ចាប់ពីខែធ្នូ ឆ្នាំ២០០៨ ដល់ខែវិច្ឆិកាឆ្នាំ២០០៩កន្លងទៅនេះ អង្គការនេះទទួលបានប្រាក់ចំណូល ៣.៨៣១.៨៣១ផោន។ ក្នុងចំណោមប្រាក់ចំណូលទាំងនេះ ៦១ភាគរយ បានមកពីជំនួយឥតសំណង ពីស្ថាប័នឯកជន និងមូលនិធិផ្សេងៗ ៣៣ភាគរយបានមកពីរដ្ឋាភិបាលនានា ៣ភាគរយទៀត អង្គការផ្សេងៗ និង៣ភាគរយផ្សេងទៀត បានមកពីការប្រាក់របស់ធនាគារ និងប្រភពធនធានផ្សេងៗទៀត។ ក្នុងចំណោមទឹកប្រាក់ទាំងអស់ ៧៥ភាគរយ ចំណាយទៅលើយុទ្ធនាការ ៧ភាគរយចំណាយទៅលើការធ្វើទំនាក់ទំនង និង១៨ភាគរយចំណាយទៅលើជំនួយ និងការងារគ្រប់គ្រង។

* រឿងអាស្រូវ
អង្គការអន្តរជាតិ Global Witness ជាអង្គការសិក្សាស្រាវជ្រាវ និងទប់ស្កាត់អំពើពុករលួយ និងបញ្ហាផ្សេងៗ តែយ៉ាងនេះក្តីកាលពីខែមិថុនា ឆ្នាំ២០១០ កន្លងទៅ អង្គការនេះ រួមជាមួយអង្គការភាពជាដៃគូ កាណាដាអាហ្វ្រិក (PAC) បានរងការចោទប្រកាន់ថា បានជម្រិតទារប្រាក់១ភាគរយពីប្រាក់ចំណេញ នៃការធ្វើអាជីវកម្មគ្រាប់ពេជ្រ នៅក្នុងប្រទេសហ្ស៊ីមបាវេ។ កាសែត Sunday Mail ប្រចាំប្រទេស ហ្ស៊ីមបាវេ បានសរសេរពីរឿងមួយ ពាក់ព័ន្ធនឹងរដ្ឋមន្ត្រីធនធានរ៉ែ លោក Obert Mpofu បានលើកឡើងថា អង្គការ Global Witness និងអង្គការ ភាពជាដៃគូ កាណាដាអាហ្វ្រិក(PAC) បានស្នើសុំថវិកាពីលោក ១ភាគរយពីការធ្វើអាជីវកម្មគ្រាប់ពេជ្រ តែត្រូវបានលោកបដិសេធ ដោយចាត់ទុកថាវាជាការគៀបសង្កត់ ឬគំរាមកំហែង។

លោកបានបញ្ជាក់ថា ពួកគេចង់បានប្រាក់១ភាគរយពីការជួញដូរពេជ្រ ជាថ្នូរនឹងការបញ្ចុះបញ្ចូលដើម្បីបើកដៃ សម្រួលដល់ការធ្វើអាជីវកម្មពេជ្រនេះ។ ដោយឡែក ក្នុងបទសម្ភាសន៍កាលពីឆ្នាំ២០០៧កន្លងទៅនេះ ជាមួយនឹងកាសែត The Guardian លោក Patrick Alley ដែលជាមន្ត្រីម្នាក់របស់ Global Witness បានច្រានចោលការចោទប្រកាន់ថា អង្គការនេះទទួលបានប្រាក់ពីរដ្ឋាភិបាល ដែលអាចបង្កឲ្យមានភាពលំអៀងលើយុទ្ធនាការរបស់ខ្លួនដែលមានន័យថា ស្ថាប័ននេះ មិនមានភាពឯករាជ្យនោះទេ។ យ៉ាងនេះក្តី លោក Alley បានបញ្ជាក់ថា អង្គការនេះមិនទទួលប្រាក់ជំនួយក្រោមលក្ខខ័ណ្ឌ ណាមួយឡើយ ហើយក៏មិនមានរដ្ឋាភិបាលណាមួយ អាចដាក់សម្ពាធគៀបសង្កត់មកលើអង្គការបានដែរ។ មិនតែប៉ុណ្ណោះរបាយការណ៍អង្គការនេះ ក៏ធ្លាប់ត្រូវបានច្រាន ចោលពីសំណាក់មជ្ឈដ្ឋានជាច្រើន ជាក់ស្តែងGlobal Witness បានចោទប្រកាន់លោក Abdul Taib Mahmud ថ្នាក់ដឹកនាំរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី ថាបានបំភ័ន្តក្នុងការបោះឆ្នោត។ យ៉ាងនេះក្តីការចោទប្រកាន់នេះ ត្រូវបានប្រជាពលរដ្ឋនៅរដ្ឋ Sarawak ទាំងអស់ បដិសេធ។ លោក Taib បានលើកឡើងថា ប្រជាពលរដ្ឋ Sarawak បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់ពីសំណាក់ Global Witness ដោយអង្គការនេះមានបំណងព្យាយាមលូកដៃក្នុង ឯករាជ្យភាព និងសេរីភាពរបស់ប្រជាពលរដ្ឋ Sarawak ទៀតផង។

 

* រឿងរ៉ាវមិនប្រក្រតីជាច្រើនរបស់អង្គការ Global Witness ក្នុងនាមជាភ្នាក់​ងារតាម​ដាន​ឯករាជ្យ​លើឧក្រិដ្ឋ​កម្មព្រៃ​ឈើ​នៅកម្ពុជាកន្លងមក

នៅចុងឆ្នាំ១៩៩៩ ដើម្បីបង្កើនតម្លាភាព និងការជឿជាក់ជាសាធារណៈ លើគំរោងតាមដាន និងរាយការណ៍ពីឧក្រិដ្ឋកម្មព្រៃឈើ (FCMRP) ត្រូវបានបង្កើតឡើង​ដោយមានរដ្ឋបាល​ព្រៃឈើនៃក្រសួង​កសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានជាអ្នកអនុវត្ត អង្គការ FAO ជាអ្នកគ្រប់គ្រងគំរោង អង្គការUNDPជាអ្នកគ្រប់គ្រងថវិកា អង្គការ Global Witness ត្រូវបានជ្រើសតាំងជាភ្នាក់​ងារតាម​ដានឯករាជ្យលើ​ឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជា (Global Witness បានចុះកិច្ចព្រមព្រៀងជាមួយ FAO នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៩ និងជាមួយស្ថានទូតដាណឺម៉ាក និង FAO នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០០០) ហើយរាជរដ្ឋាភិបាលក៏បានបង្កើតចំណុចការងារ នៅទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីសម្របសម្រួលយន្តការនៃគំរោងនេះផងដែរ។

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០២ អង្គការ FAO/UNDP (លិខិត FAO/CMB/L/០២/៥៤០ ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០២) បានប្រកាសបញ្ចប់​គំរោងតាមដាន និងរាយការណ៍ពីឧក្រិដ្ឋកម្មព្រៃឈើ តែភាគីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសរដ្ឋបាលព្រៃឈើ នៅតែបន្តសកម្មភាពតាមដាន និងរាយការណ៍ពីឧក្រិដ្ឋកម្មព្រៃឈើរបស់ខ្លួនរហូតដល់បច្ចុប្បន្ន។

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០០៣ ភ្នាក់ងារ Global Witness ត្រូវបានរាជរដ្ឋាភិបាល​កម្ពុជា បញ្ឈប់តួនាទីជាភ្នាក់ងារតាមដានឯករាជ្យ​លើឧក្រិដ្ឋកម្មព្រៃឈើ ដោយ​សារមានភាពមិនស្មោះ​ត្រង់ក្នុង​ភារ​កិច្ចការងារ។ ដោយមានការឯកភាពពីដៃគូអភិវឌ្ឍន៍ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការជ្រើសរើសក្រុមហ៊ុន SGS ជាអ្នកតាមដានឯករាជ្យលើឧក្រិដ្ឋកម្មព្រៃឈើជំនួសភ្នាក់ងារ Global Witness។ នៅ​ក្នុង​អំឡុងពេលជាអ្នក​តាមដានឯករាជ្យលើឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជា(០១-១២-១៩៩៩ ដល់ ថ្ងៃទី២២-០៤-២០០៣) ភ្នាក់ងារ Global Witness បានបំពេញការងារដោយ​មានភាពអសកម្ម​ដូចខាង​ក្រោម៖

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(រដ្ឋបាលព្រៃឈើ) ជានិច្ចកាលបានចាត់ទុក Global Witness ជាដៃគូអនុវត្តការងាររបស់ខ្លួនក្នុងការអនុវត្តគំរោង តាមដាន និងរាយការណ៍ពីឧក្រិដ្ឋ​កម្មព្រៃ​ឈើ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងគោលនយោបាយព្រៃឈើជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែ Global Witness តែងតែរិះរកគ្រប់មធ្យោបាយ ដើម្បីធ្វើការទិទៀនរិះគន់រាជរដ្ឋាភិបាលទៅវិញ ដោយ​ពុំជួយរិះរកវិធានការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើឡើយ។ ជានិច្ចកាលភ្នាក់ងារនេះ តែងតែលើកឡើងនូវព័ត៌មានមួយចំនួនមិនមាន​ការពិត ដែលភ្នាក់ងារនេះ បានជួលមនុស្សបន្ត ឫព័ត៌​មាន ឫរូបភាពដែលទិញពីអ្នកលក់ព័ត៌មានគ្មានអាជីព ដើម្បីបំផ្លើសសភាពការពិត​អំពីបញ្ហាបទល្មើសព្រៃឈើ​នៅកម្ពុជា ហើយបុគ្គលិកភ្នាក់ងារ​នេះទៀតសោតក៏ពុំមានជំនាញព្រៃឈើ និងការស៊ើប​អង្កេតបទល្មើសព្រៃឈើដែរ។

ដើម្បីពង្រឹងការងារជាដៃគូក្នុងការអនុវត្តគំរោងតាមដាន និងរាយការណ៍ពីឧក្រិដ្ឋកម្មព្រៃឈើ រដ្ឋបាលព្រៃឈើ​បានរៀបចំកន្លែងធ្វើការ​មួយនៅរដ្ឋបាលព្រៃឈើជូន Global Witness ពីខែតុលា ឆ្នាំ​២០០១ ដើម្បីងាយស្រួលទំនាក់ទំនងការងារ និងផ្លាស់ប្តូរព័ត៌មានទៅវិញ​ទៅមក ឲ្យបានទាន់ពេលវេលា ប៉ុន្តែភ្នាក់ងារនេះ ពុំបានមកធ្វើការនៅកន្លែង​ដែលរដ្ឋបាលព្រៃឈើ​បានរៀបចំឲ្យនោះទេ។

ដើម្បីផ្លាស់ប្តូរព័ត៌មាន និងពង្រឹងទំនាក់ទំនងការងារជាមួយភាគីអនុវត្តគំរោងទាំងអស់ រដ្ឋបាលព្រៃឈើបានផ្តួចផ្តើមគំនិតរៀបចំកិច្ច​ប្រជុំជារៀងរាល់ថ្ងៃ​សុក្រនៃសប្តាហ៍នីមួយៗ ជាមួយគ្រប់ភាគី​ទាំងអស់។ ប៉ុន្តែភ្នាក់ងារ Global Witness តែងតែធ្វើការរំខានដល់ការ​ងារប្រជុំជាបន្តបន្ទាប់។ ជាក់ស្តែង ក្នុងខែ កុម្ភៈ ឆ្នាំ២០០២ ភ្នាក់ងារនេះ បានដើរចេញពីអង្គប្រជុំប្រចាំសប្តាហ៍ហើយ ធ្វើពហិកា​មិនចូល​ប្រជុំជាច្រើនលើកទោះ​បីជាមានការ​អញ្ជើញក៏ដោយ។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០០២ ភ្នាក់ងារ Global Witness បានធ្វើការសុំអភ័យទោស​ចំពោះភាគីពាក់​ព័ន្ធទាំង​អស់ ដោយសន្យាចូលរួមប្រជុំឡើងវិញ។

ក្នុងពេលចូលរួមប្រជុំដើម្បីផ្ទៀងផ្ទាត់ព័ត៌មានបទល្មើសព្រៃឈើជាមួយគ្នា ភ្នាក់ងារនេះពុំដែលមានយោបល់ទេ ប៉ុន្តែនៅពីក្រោយវិញ​តែងតែនិយាយអាក្រក់មួល​បង្កាច់ពីរាជ​រដ្ឋាភិបាល។ ករណីរបៀបនេះ លោក ស៊ុំ ម៉ានិត អតីតរដ្ឋលេខាធិកាទី​ស្តីការគណៈរដ្ឋមន្រ្តី និង​ជាអតីតប្រធានចំណុចការងារ​នៃទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍​ផងដែរ នៅក្នុងឧកាសចូលរួមបិទ​សិក្ខាសាលាប្រចាំឆ្នាំលើក​ទី​២ កាលពីល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០០២ នៅសណ្ឋាគារសាន់វ៉េថា «កាលពីពាក់កណ្តាលឆ្នាំ២០០១ លោក បានទៅចូលរួមក្នុងសិក្ខាសាលាស្តីពីការ​ប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ​នៅទីក្រុង​ប្រាក ប្រទេសឆេក អង្គការ Global Witness បានធ្វើបទបង្ហាញ​រូបភាពចាស់ៗស្តីពីសកម្មភាពបទល្មើសព្រៃឈើ និងបានចោទប្រកាន់កម្ពុជា ថាមានអំពើពុករលួយពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ
ដែលធ្វើឲ្យមតិអន្តរជាតិ ដែលមិនបានយល់ច្បាស់ពី​សភាពការណ៍ពិតនៅកម្ពុជា មានការយល់ច្រឡំ»។

ភ្នាក់ងារ Global Witness តែងតែធ្វើការផ្សព្វផ្សាយរបាយការណ៍​ឧក្រិដ្ឋកម្មព្រៃឈើរបស់ខ្លួន ដោយពុំបានដាក់ជូនភាគីអនុវត្តគំរោង​ការងារតាមដាន និងរាយការណ៍ពីឧក្រិដ្​ឋកម្មព្រៃឈើ​(ភាគីរាជ​រដ្ឋា​ភិបាល) ដើម្បីធ្វើការពិនិត្យ និងឆ្លើយតបជាមុននោះទេ ដែលទង្វើ​បែបនេះ ខុសនឹងស្មារតីនៃឯកសារគំរោង និងពិធីសារនៃការធ្វើ​សេចក្តីរាយការណ៍​ដែលភ្នាក់ងារនេះ បានចុះហត្ថលេខា​ព្រមព្រៀង ជា​មួយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។ ជាក់ស្តែងភ្នាក់ងារនេះ បានធ្វើការផ្សព្វផ្សាយឯកសារ សង្ខេបរបស់ខ្លួននៅខែឧសភា ឆ្នាំ២០០១ ដែលមានចំណងជើងថា «​The Credibility Gap and The Need to Bridge It Increasing The Pace of Forestry Reform»។ ការបោះពុម្ព និងចែកផ្សព្វផ្សាយអត្ថបទនេះ ដោយពុំមានការចូលរួមបញ្ជាក់ផ្ទៀងផ្ទាត់​ពីភាគីរាជរដ្ឋាភិបាល​ដែលជាដៃ​គូអនុវត្ត​​គំរោងតាមដាន និងរាយការណ៍ពីឧក្រិដ្ឋ​កម្មព្រៃឈើ ដែលផ្ទុយទាំងស្រុង នឹងស្មារតីខ្លឹមសារនៃលិខិត​សុំអភ័យទោស​របស់ភ្នាក់ងារនេះ​ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចុះថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២០០១ ហើយក៏ផ្ទុយនឹងស្មារតីនៃកិច្ចព្រមព្រៀងរបស់ភាគីពាក់​ព័ន្ធរួមមាន៖ ដៃគូអភិវឌ្ឍន៍ ភ្នាក់ងារ Global Witness ខ្លួនឯង និងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងពិធីសារ Reporting Protocols For FCMRP។

នៅមុខបរិវេណនៃរដ្ឋបាលព្រៃឈើ នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០០២ មានក្រុមប្រជាពលរដ្ឋដែល​បានតាំងខ្លួនជាតំណាង​សហគមន៍​មូលដ្ឋាន នៅតាមបណ្តាខេត្តនានា ដែលមានព្រៃសម្បទាន បានឡើង​មកតវ៉ា​អំពីដំណើរការបើកចំហរជាសាធារណៈ (Public Disclosure) និងការ​ពិគ្រោះយោបល់លើផែនការគ្រប់​គ្រងព្រៃឈើ និងរបាយការណ៍វាយ​តម្លៃផលប៉ះ​ពាល់សង្គម-បរិស្ថាន ។ មុនពេលមាន​ការតវ៉ានេះ រដ្ឋបាលព្រៃឈើបានធ្វើការបំភ្លឺ ជូន​ជាបន្តបន្ទាប់ ហើយក្រុមនេះក៏បាន បញ្ជាក់ថា បានយល់ច្បាស់​នូវអ្វីដែលរដ្ឋបាលព្រៃ​ឈើបានបំភ្លឺ​ជូនកន្លងមក ប៉ុន្តែក្នុងពេលតវ៉ា ពួកគេបែរជាទាមទារ​ឲ្យរដ្ឋបាលព្រៃឈើ រៀបចំធ្វើសិក្ខាសាលា ដែលមានលក្ខណៈជាវេទិកានយោបាយ​សាធារណៈដដែល។ ការទាមទារនេះបានអូសបន្លាយ​ចាប់តាំងពីម៉ោង ១២៖៣០ នាទីរហូតដល់ម៉ោង១៧៖០០នាទី នាថ្ងៃទី០៥ ខែធ្នូ​ ឆ្នាំ២០១៦។

ពេលនោះហ្វូងបាតុករដែលមានគ្នាប្រមាណ​៥០នាក់ ដែលពុំមានការសុំច្បាប់​អនុញ្ញាតពីអាជ្ញាធរមាន​សម្ថកិច្ចនោះ បាន​ឈរពាំងបិទទ្វារ​ច្រកចេញ-ចូល​របស់រដ្ឋបាលព្រៃ​ឈើ ចាប់ពីម៉ោងជាង៥ល្ងាច រហូតដល់ម៉ោង​ជិត ៨យប់ ទោះបីជាមាន​ការសំរបសំរួល​ពីប្រធានក្រុមប្រឹក្សា​សង្កាត់ផ្សារកណ្ដាល​ទី​II ខណ្ឌដូនពេញ ជាបន្តបន្ទាប់ក្ដី។ នៅវេលាម៉ោង ១៨៖៣០ នាទី ទើបលោកប្រធានរដ្ឋបាល​​ព្រៃឈើបានស្នើសុំកម្លាំងមានសមត្ថ​កិច្ចជួយសំរួលឲ្យមន្រ្តីបុ​គ្គលិក ដែលនៅក្នុងរដ្ឋបាលព្រៃឈើ​បានចេញត្រឡប់​ទៅលំនៅឋានវិញ។

ពេលដែលកងកម្លាំងមាន​សមត្ថកិច្ច​បានមក​ដល់គោលដៅ ប្រជាពលរដ្ឋដែលប្រមូលផ្ដុំនៅ​មុខរដ្ឋបាលព្រៃ​ឈើបានរំសាយដោយខ្លួនឯង​ដោយសារតែពេលនោះភ្លៀង​កំពុងធ្លាក់ផងដែរ។ បន្ទាប់មកមន្រ្តីបុគ្គលិក​ក៏បានចេញពីបរិវេណរដ្ឋ​បាលព្រៃឈើ​ដោយសុវត្តិភាព។ នៅក្នុងទិដ្ឋភាពខាងលើនេះ កម្លាំងអន្តរាគមន៍មិនបានធ្វើស​កម្មភាពហិង្សាវាយដំ ឫប្រើប្រាស់ដំបងទៅលើបាតុករទាំងនោះឡើយ ដោយគ្រាន់តែ​ផ្លុំកញ្ចែសំរួលដល់​សណ្ដាប់​ធ្នាប់ចរាចរដែលមានការ​កកស្ទះ អាចប្រព្រឹត្តទៅបានស្រួលតែ​ប៉ុណ្ដោះ ។ នៅវេលាម៉ោង ២០៖៤៦នាទី នាថ្ងៃ​ដដែលលោក ស្រី Eva Galabru ភ្នាក់ងារ Global Witness បានផ្ញើលិខិត បំភ្លៃសភាពការពិតជាក់​ស្ដែងនៃហេតុការណ៍​ខាងលើតាម E-mail ទៅគ្រប់បណ្ដាញសារព័ត៌មានទូទាំងពិភពលោក និង ដៃគូអភិវឌ្ឍន៍នា​នាដោយ​បានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍នោះ​មានស្រ្តីម្នាក់​ត្រូវបានបាត់ខ្លួន មនុស្សប្រហែល១២ នាក់បានរងរបួស និងមនុស្សម្នាក់ទៀត បានបាក់ជើង ។

ប៉ុន្តែលោកស្រីពុំបានលើកឡើង​ពីការចាប់បង្ខាំង ឃាត់ខ្លួនមន្រ្តីរាជការជាង ១០០នាក់ និងជំនាញ​ការ​បរទេស​នៅក្នុងរដ្ឋបាលព្រៃ​ឈើអស់រយៈពេលជិត៣ ម៉ោង នោះឡើយ។ បន្ទាប់ពីហេតុការណ៍នេះ នៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០០២ ភ្នាក់ងារ Global Witness នៅទីក្រុងឡុងដ៏គឺលោក Rosie Shape បានចេញសេចក្ដីប្រកាស​ព័ត៌មានមួយដើម្បីបន្ទរ​តាមខ្លឹមសារ E-mail របស់លោកស្រី Eva Galabru ខាងលើដោយចោទប្រកាន់​មកលើកម្លាំងមានសមត្ថកិច្ចថា​បានប្រើអំពើហិង្សា​វាយដំ និងប្រើដំបង​ឆប់ទៅលើ​ហ្វូង​បាតុករ ហើយសកម្មភាពនេះបានធ្វើអោយស្លាប់បាតុករ ១នាក់ មិនតែប៉ុណ្ណោះសេចក្ដី​ប្រកាសព័ត៌មាននេះ ថែមទាំងទាមទារឲ្យធនាគារពិភព​លោកបញ្ឈប់​ការផ្តល់ប្រាក់​កម្ចីចំនួន ១៥​លាន ដុល្លារអាមេរិក តាមកម្មវិធី​ SAC ដល់រាជរដ្ឋភិបាលកម្ពុជាទៀតផង។

តាមសេចក្ដីរាយការណ៍ពីមូលដ្ឋាន​បានឲ្យដឹងថា ភ្នាក់ងារ Global Witness និងNGOsមួយចំនួន​បានរារាំង​ក្រុមហ៊ុនព្រៃ​សម្បទានខ្លះកុំឲ្យចុះទៅធ្វើការពិគ្រោះ​យោបល់ជាមួយសហគមន៍​មូលដ្ឋាន ព្រោះថាគ្មានផលប្រយោជន៏អ្វីទេ ទុកការ​ងារនេះអោយNGOsជាអ្នកចាត់ចែងរៀប​ចំនៅភ្នំពេញវិញ។ ដោយឡែក​តាមការសំ​គាល់របស់​ក្រសួងមហាផ្ទៃ ឃើញថាមានមជ្ឈដ្ឋាន​ណាមួយ នោះមានចេតនាដោយ​ពិតប្រាកដ ដើម្បីធ្វើឲ្យប៉ះពាល់ដល់​បរិយាកាស​​នយោបាយមុនពេល​បោះ​ឆ្នោតឆ្នាំ២០០៣។ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០០២​

តំណាងពិសេសរបស់លោកអគ្គលេខាធិការ​នៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សក៏បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយធ្វើការ​ថ្កោលទោសទាក់ទងទៅ​នឹងការស្លាប់របស់​តំណាង​សហគមន៍​ព្រៃឈើ ១នាក់ ថាជាប់ពាក់ព័ន្ធទៅនឹងការវាយ​បង្រ្កាបរបស់​កម្លាំងសមត្ថកិច្ច ដោយប្រើដំបងឆក់ក្នុងពេលមេឃកំពុងធ្លាក់ភ្លៀង។ សេចក្ដីថ្លែងការណ៍ទាំងពីរ​ខាងលើរបស់ភ្នាក់ងារ Global Witness និងតំណាងពិសេស លោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ​ទទួលបន្ទុកសិទ្ធិមនុស្ស គឺជាការប្រកាសព័ត៌​មានមួយ ដែលមានខ្លឹមសារបំភ្លៃខុសពីការពិតទាំងស្រុង ហើយអ្នកនាំពាក្យ​នៃក្រសួងមហាផ្ទៃក៏បានជំរាបជូនដល់​សាធារណមតិ​ជាតិ និងអន្តរជាតិបានជ្រាប ហើយឆ្លងកាត់ការត្រួតពិនិត្យ លើកាសែតវីដេអូទទួលបាន​ពីភ្នាក់ងារ Global Witness ដែលបានតាមដាន​ថត​សកម្មភាព​បាតុករចាប់ពីដំបូងរហូតដល់​ពេលរំសាយ​ដោយ​ខ្លួនឯងនោះ មិនមានសកម្មភាពណាមួយ​ដែលកម្លាំងសមត្ថកិច្ច​បានប្រើហឹង្សាវាយដំ ឫប្រើដំបងឆក់​ទៅលើបាតុករនោះ​ឡើយ។ សាក្សីដែល​​បានឃើញរឿងហេតុនេះទាំងអស់ រាប់ទាំងបុគ្គលិកនៃអង្គការ NGOs Forum ដែលបានចូលរួមក្នុង​បាតុកម្មផងក៏បានអះ​អាងដែរថាមិនមានការ ប្រើអំពើហិ​ង្សាណាមួយរបស់កង​កម្លាំងសមត្ថកិច្ច​ទៅលើហ្វូងបាតុករ​នៅថ្ងៃនោះទេ។ លោកហែម សៅ ដែលភ្នាក់ងារ Global Witness និងអង្គការសិទ្ធិមនុស្ស បានអះអាងថាជាបាតុករត្រូវឆក់​ដោយដំបងអគ្គិសនីនោះ​មិនមានស្ថិតក្នុងបញ្ចី​ឈ្មោះ​តំណាងប្រជាពលរដ្ឋមកពីខេត្តព្រះវិហានោះឡើយ។

ចំណែកជនរងគ្រោះទៅមន្ទីរពេទ្យ បានអះអាងប្រាប់បុគ្គលិក​មន្ទីរពេទ្យថា គាត់ស្លាប់​ដោយសារខ្យល់គរ។ មានប្រជាពលរដ្ឋមួយចំនួន ទៀតបានរង​របួសស្រាលបន្តិចបន្តួចគឺអាស្រ័យ​ដោយមានការ​ប្រជ្រៀតគ្នា និងរអិលជើងដោយ​ខ្លួនឯងពេលមានភ្លៀងធ្លាក់។ ដោយបញ្ហាអមិត្ត និងការមិនសហការរបស់អង្គការ Global Witness ជាបន្តបន្ទាប់​មកនោះ រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អ្នកផ្តល់ជំនួយ បានឯកភាពសំរេចបញ្ចប់តួ​នាទីជាអ្នកតាមដាន​ឯករាជ្យរបស់​អង្គការ Global Witness នៅថ្ងៃទី​២២ ខែមេសា ឆ្នាំ២០០៣។

ជាការកត់សំគាល់ទូទៅឃើញថា ទោះជានៅមុនពេល ក្នុងពេល ឬក្រោយពេលធ្វើជាអ្នកតាមដានឯករាជ្យក្តី ភ្នាក់ងារ Global Witness តែងតែធ្វើការផ្សព្វផ្សាយរបាយការណ៍​ពាក់ព័ន្ធនឹងបញ្ហាបទ​ល្មើស​ព្រៃឈើ អំពើពុករលួយ និង អំពើអាក្រក់ផ្សេងៗ ដោយពង្រីកបំភ្លើសឆ្ងាយខុសពី​ការពិត និងភ្ជាប់បញ្ហាជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជរដ្ឋាភិបាល​កម្ពុជា ដើម្បីវាយប្រហារ​ក្នុងន័យនយោបាយ។ការផ្សព្វផ្សាយ​អាក្រក់ពីកម្ពុជា ដោយ​ភ្នាក់ងារ Global Witness កាន់តែមានសភាពខ្លាំងក្លាឡើងៗ ជាពិសេសនៅរាល់មុនពេលកិច្ច​ប្រជុំពិគ្រោះយោបល់​ជាមួយដៃគូអភិវឌ្ឍន៍ CG និង GDCC ដូចជា៖ នៅខែវិច្ឆិកា ឆ្នាំ២០០៤ មានផ្សាយពីសៀវភៅមួយ​មានចំណងជើងថា «Taking a Cut» ហើយត្រូវបានទីចាត់​ការគយនិង​រដ្ឋាករឃាត់​នៅ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយក្នុងខែមិថុនា ឆ្នាំ២០០៧ ក៏បាន​ធ្វើការផ្សព្វផ្សាយ​សៀវភៅមួយមាន​ចំណងជើង «Family Tree» ដោយបក ប្រែថា «ខ្សែស្រលាយអ្នកលួចជាតិ» នេះជាដើម។

យុទ្ធនាការប្រឆាំងបំពានរាជ​រដ្ឋាភិបាលកម្ពុជា ដោយភ្នាក់ងារ Global Witness នេះកាន់តែមានឥទ្ធិពលតិចទៅៗ លើសហគមន៍ដៃគូអភិវឌ្ឍន៍នានា ដោយពួកគេមិនបាន​លើករបាយការណ៍​របស់ Global Witness នេះក្នុងកិច្ចប្រជុំ CDCF នោះទេបើភាគី​កម្ពុជាយើង​មិនលើកឬរំលឹកនោះ។ ប៉ុន្តែ ទោះជាយ៉ាងណាក្ដី រាល់របាយការណ៍របស់ Global Witness តែងតែត្រូវបានផ្សាយ ​បំពងសំលេងបន្ត ដោយបណ្តាញសារព័ត៌មានក្នុងស្រុកនិងក្រៅស្រុក ដែលអាច​ធ្វើ​ឲ្យមាន​ឥទ្ធិពលមិនល្អដល់មជ្ឍដ្ឋានជាតិនិងអន្តរជាតិដែលមិនដឹងរឿង។ ផ្ទុយពី Global Witness ក្រុម SGS ដែលមាន​ភ្នាក់ងារ អ្នកមានជំនាញព្រៃឈើ​នោះ បានបំពេញតួនាទី​ជាអ្នក​តាមដាន​ឯករាជ្យ​លើឧក្រិដ្ឋកម្មព្រៃ​ឈើនៅកម្ពុជា ទៅតាមជំនាញនិងភារកិច្ចការងារ ព្រមទាំងធ្វើរបាយការណ៍និងផ្សព្វផ្សាយព័ត៌មានទៅតាមសភាពការណ៍ពិតជាក់ស្ដែង តែពុំសូវមានការចាប់អារម្មណ៍​ពីបណ្ដាញ​សារព័ត៌មានក្នុងនិងក្រៅស្រុកធ្វើការ​ផ្សព្វផ្សាយបន្ត​ទេហើយក៏ពុំមានអ្នកចាប់​អារម្មណ៍ចង់ផ្ដល់លុយឲ្យក្រុម ហ៊ុនSGS នេះដែរ៕