(ត្បូងឃ្មុំ)៖ ប្រធានក្រុមការងារចុះជួយ និងអាជ្ញាធរឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានរៀបចំសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរយ៉ាងអធិកអធម ដោយមានមន្ត្រីរាជការ ប្រជាពលរដ្ឋ យុវជនយុវតីចូលរួមយ៉ាងច្រើនកុះករ ដើម្បីបង្កភាពសប្បាយរីករាយ និងអភិរក្សល្បែងប្រជាប្រិយខ្មែរ។

លោក​ ប៉ា​ ម៉េងហុក​ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំវាលម្លូរ បានបញ្ជាក់ថា​ ប្រជាពលរដ្ឋ និងយុវជនបានរៀបចំស្តង់លក់ដូរ ដោយចេះសាមគ្គីភាពគ្នាបានយ៉ាងល្អ ពោលគឺជាសកម្មភាពមួយក្នុងការចូលរួមសង្ក្រានឃុំវាលម្លូរនេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដោយសារកត្តាសុខសន្តិភាព និងការខិតខំប្រឹងប្រែងដឹកនាំរបស់សម្តេចតេជោ​ ក្នុងការប្រយុទ្ធប្រឆាំងពីជម្ងឺកូវីដ១៩​រួចមក ទើបពលរដ្ឋអាចនាំគ្នាដើរហើរលេងកម្សាន្ត និងបានស្គាល់ល្បែងប្រជាប្រិយ៍ខ្មែរបន្ថែមនៅក្នុងមូលដ្ឋានដូចពេលនេះ។

ប្រជាពលរដ្ឋបានសង្ឃឹមថា ឆ្នាំក្រោយៗទៀត អាជ្ញាធរនឹងមានការរៀបចំសង្ក្រានឆ្នាំថ្មីសប្បាយរីករាយជាងនេះបន្តទៀត។

លោក ប៉ា ម៉េងហុក បន្តថា កម្មវិធីសង្ក្រានឃុំវាលម្លូនេះ គឺដោយសារមានជួយជ្រោមជ្រែងពីក្រុមការងារឃុំវាលម្លូរ និងសហការជាមួយអាជ្ញាធរ យុវជន ទើបអាចបង្កឲ្យមានភាពសប្បាយរីករាយ និងយ៉ាងអធិបអធម។ ក្នុងនោះដែរ សង្ក្រាន្តឃុំវាលម្លូរ​ក៏មានការលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីបង្កការកម្សាន្ត និងអភិរក្សល្បែងប្រជាប្រិយខ្មែរផង ដូចជា ទាញព្រ័ត្រ វាយក្អម បោះអង្គុញ លោតប៉ាវ រាំលេងកម្សាន្ត និងកម្មវិធីសប្បាយៗជាច្រើនទៀត ធ្វើយ៉ាងណាឲ្យពលរដ្ឋសប្បាយរីករាយ។

មិនត្រឹមតែប៉ុណ្ណោះ លោក ប៉ា ម៉េងហុក បានរៀបចំផ្តល់រង្វាន់លើកទឹកចិត្តដល់ក្រុមអ្នកឈ្នះពីការលេងល្បែងប្រជាប្រិយ និងផ្តល់អាហារសាមគ្គីជូនដល់ប្រជាពលរដ្ឋមកលេងកម្សាន្តទៀតផង៕