(តាកែវ)៖ កម្លាំងសមត្ថកិច្ចស្រុកត្រាំកក់ សហការជាមួយកម្លាំងសមត្ថកិច្ចស្រុកបរសេដ្ឋ បើកប្រតិបត្តិការតាមបង្ក្រាបមុខសញ្ញាក្រុមចោរ៣នាក់ដ៏សកម្មជិះឡានអាព្រូស លួចទូរមាស ឆក់ ប្លន់ លួចនៅផ្សារត្រពាំងអណ្ដើក ផ្សារថ្នល់បត់ និងផ្សារស្លាបលែង ក្នុងដែនខេត្តតាកែវ និងខេត្តកំពង់ស្ពឺ នាពេលកន្លងមក រហូតចាប់បាននៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា ប្រតិបត្តិការខាងលើនោះបានធ្វើឡើងនៅវេលាម៉ោង២៖៣០នាទី រសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នៅចំណុចទូរលក់មាស ក្នុងភូមិឫស្សី១គុម្ភ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្រោយក្រុមជនសង្ស័យបានចូលធ្វើសកម្មភាពចូលលួចទូរមាសរបស់ជនរងគ្រោះឈ្មោះ ហាប់ លី ភេទស្រី អាយុ៥០ឆ្នាំ មានទីលំនៅនៅភូមិទួលខ្លុង ឃុំអូររាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

លោក ឌុក ធីយ៉ា បានឱ្យដឹងទៀតថា នៅមុនកើតហេតុ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណមួយក្រុមមានគ្នា៣នាក់ជិះរថយន្តម៉ាក់តូយ៉ូតាព្រូសពណ៌ប្រផេះគ្មានផ្លាកលេខ បានចូលធ្វើសកម្មភាពសុំមើលខ្សែករផ្លាកទីន ដើម្បីទិញនៅពេលជនរងគ្រោះហុចខ្សែកឲ្យមើល ស្រាប់តែជនសង្ស័យបានឆក់យកពីដៃរួចរត់ឡើងរថយន្តរបស់ក្រុមខ្លួនជិះគេចតាមផ្លូវលេខ១៣២អា ឆ្ពោះទៅទិសខាងលិចហើយបទបទតាមផ្លូវដីឡូមកឡើងផ្លូវជាតិលេខ៤១ ឆ្ពោះទទួលខាងជើងបាត់ទៅ។

លោក ឌុក ធីយ៉ា បានបន្តថា ក្រោយពេលទទួលបានព័ត៌មាន និងមានបទបញ្ជាពីលក់ឧត្តមសេនីយ៍ទោស្នងការ និងដឹកនាំសម្របសម្រួលដោយឯកព្រះរាជអាជ្ញា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដឹកនាំដោយលោក ឌុកធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ បានចុះបើកប្រតិបត្តិការស្ទាក់ និងដេញតាមលុះមកដល់ចំណុចជើងភ្នំល្អាងស្ថិតក្នុងភូមិធ្លក ឃុំស្វាយចឹប ស្រុកបរសេដ្ឋ ជនសង្ស័យក៏បានចុះលើរថយន្តរួចរត់គេចខ្លួនឡើងទៅលើភ្នំ ខណៈពេលនោះកម្លាំងសមត្ថកិច្ចក៏បានដេញតាមឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់តែម្តង។

លោក ឌុក ធីយ៉ា បានបញ្ជាក់ថា ជនសង្ស័យត្រូវបានចាប់ខ្លួនរួមមាន៖ ឈ្មោះ គឹម លីហួត ប្រុសអាយុ១៨ឆ្នាំ នៅភូមិមេគង្គ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ ជាម្ចាស់រថយន្តនិងជាអ្នកបើក ឈ្មោះ សួន ពុទ្ធារិទ្ធ ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិចាម សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ក្រុងភ្នំពេញ ឈ្មោះ លី ខៀង ភេទប្រុសអាយុ១៦ឆ្នាំ នៅភូមិចាម សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាអ្នកចូលឆក់ នៅពេលដែលយើងប្រតិបត្តិការបង្ក្រាបនោះសមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ស្លាកលេខរថយន្តមុខក្រោយដែលមានលេខភ្នំពេញ 2BP-3306 ចំនួន២សន្លឹករថយន្តម៉ាក Toyota prius ចំនួន១គ្រឿង ពណ៌ប្រផេះ
ដែលជាកម្មសិទ្ធិរបស់ឈ្មោះ គឹម លីហួ ខ្សែក១ខ្សែផ្លាកទីន ឯកសារបង់រម្លស់រថយន្តមួយចំនួនផងដែរ។

លោក ឌុក ធីយ៉ា បានបញ្ជាក់បន្ថែមថា នៅពេលកម្លាំងរបស់លោកកំពុងបើកប្រតិបត្តិការដេញតាមបង្ក្រាបមុខសញ្ញាទាំងនោះ គ្រប់គ្រោះថ្នាក់ចរាចរណ៍ពេលកំពុងបំពេញភារកិច្ច បណ្ដាលឲ្យកម្លាំងសមត្ថកិច្ចម្នាក់រងរបួសបាក់ជើងនិងខូចខាតរថយន្តចំនួន៣គ្រឿង។ បច្ចុប្បន្នក្រុមជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃអធិការរដ្ឋាននគរបាលស្រុកត្រាំកក់កំពុងធ្វើការសាកសួរ និងកសាងសុំរឿងបញ្ជូនទៅកាន់តុលាការ៕