(ក្រចេះ)៖ លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១ ខែមិនា ឆ្នាំ២០២៣នេះ បានថ្នាក់ដឹកនាំមន្រ្តីរាជាការ ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពុទ្ធបរិស័ទ ចូលរួមសម្ពោធនូវស្តូបរូបសំណាកសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត និងសមិទ្ធផលនានា នៅក្នុងវត្តជ្រោយអំពិល ស្ថិតក្នុងភូមិជ្រោយអំពិល ឃុំចំបក់ ស្រុកព្រែកប្រសព ដើម្បីទុកជាទីនឹករលឹកគោរព។

លោក ងី តាយី បានគូសបញ្ជាក់ថា ទីតាំងស្តូបនេះ កាលពីដើមឡើយគឺជាអណ្ដូងទឹក ដែលក្រោយមកខ្មែរក្រហមបានប្រើប្រាស់ជាទីកន្លែងសម្រាប់កាប់សម្លាប់មនុស្សទម្លាក់ក្នុងអណ្ដូង មានចំនួនប្រមាណ២-៣ពាន់នាក់។ ការកសាងស្តូបកនេះឡើង គឺដើម្បីកុំឱ្យប្រជាជនភ្លេច និងចងចាំជានិច្ចនូវរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបានសម្លាប់មនុស្សជាច្រើននាក់នៅក្នុងតំបន់នេះ។

ឆ្លៀតក្នុងឱកាសនេះ ប្រជាពលរដ្ឋក៏បានរំលឹកទៅដល់គុណដ៏ធំធេងរបស់សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ដែលសម្តេចបានផ្តល់ជាកន្លែងដល់កុមារា ងី តាយី បានមកស្នាក់នៅវត្តឧណ្ណាឡោម ដើម្បីសិក្សារៀនសូត្រចំនួនប្រមាណ៣-៤ឆ្នាំ ហើយសម្ដេចក៏ជាអ្នកប្រាជ្ញមួយរូបដែលបន្សល់ទុកនូវស្នាដៃជាច្រើនឥតគណនាជូនដល់កូនខ្មែរជំនាន់ក្រោយ។

លោករដ្ឋលេខាធិការបន្តថា លំហដ្ឋានមុខវត្ត គឺជាកន្លែងអនុស្សាវរីយ៍កាលនៅកុមារភាពរបស់ កុមារា ងី តាយី ដែលធ្លាប់ជ្រកកោននៅក្នុងវត្តគិរីរាម កាលពីនៅជាកុមារតូចប្រមាណ៤-៥ឆ្នាំ ហើយវត្តនេះគឺជាទីកន្លែងដែលកុមារា ងី តាយី បានចាប់ផ្តើមរៀនសូត្រ បានបាយទទួលទាន និងមានឱកាសស្តាប់ការប្រៀនប្រដៅពីសំណាក់ព្រះសង្ឃ។

លោក ងី តាយី ក៏បានផ្ដាំទៅកូនចៅជំនាន់ក្រោយឱ្យធ្វើយ៉ាងណាខិតខំរៀនសូត្រ ព្រោះមានតែចំណេះទេដែលនៅជាមួយយើង និងនាំឱ្យយើងជោគជ័យក្នុងជីវិត ហើយសង្គមបច្ចុប្បន្នគឺបាននិងកំពុងផ្តោត និងពង្រឹងទៅលើវិស័យអប់រំក្នុងការបណ្តុះបណ្តាលនូវធនធានមនុស្សឲ្យប្រកបដោយចំណេះដឹង ជំនាញពិតប្រាកដក្នុងការចូលរួមដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យឆ្ពោះទៅលើឆាកអន្តរជាតិ៕