(បន្ទាយមានជ័យ)៖ ព្រោះភ្លើងប្រច័ណ្ឌ ប្តីក្លាយជាឃាតកចាក់សម្លាប់ប្រពន្ធ ហើយរត់គេចខ្លួន តែក៏ត្រូវបានសមត្តកិច្ចចាប់ខ្លួនវិញបាន។ នេះបើតាមលោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ហេតការណ៍នេះកើតឡើងនាយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នៅភូមិ៩៣ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក បេន សំអាត បានប្រាប់ថា ជនសង្ស័យមានឈ្មោះ ជា សារ៉ាន់ អាយុ៣៥ឆ្នាំ រីឯស្ត្រីដែលត្រូវប្ដីសម្លាប់នោះមានឈ្មោះ មើយ ពឿង អាយុ៣៨ឆ្នាំ គាត់ត្រូវបានប្តីចាក់នឹងកាំបិតចុងស្រួចចំប្រឡោះដើមទ្រូងបណ្តាលស្លាប់ភ្លាមៗ។

អធិការនគរបាលបានបន្តថា ក្រោយបង្កឃាតកម្មនេះហើយ ជនសង្ស័យដែលជាឃាតកបានរត់គេចខ្លួន ហើយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានស្រាវជ្រាវឃាត់ខ្លួនសង្ស័យទាំងយប់ បញ្ជូនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ។

តាមចម្លើយសារភាពក្រោយត្រឡប់ពីធ្វើការនៅប្រទេសថៃ ហើយមកដល់ផ្ទះបានឈ្លួសប្រកែកគ្នាជាមួយប្រពន្ធ ព្រោះរឿងភ្លើងប្រច័ណ្ឌ ទើបជ្រុលដៃចាក់សម្លាប់ប្រពន្ធតែម្ដង៕