(ប៉ៃលិន)៖ ប្រជាពលរដ្ឋនៅខេត្តប៉ៃលិនចំនួន១៧៩គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ទទួលអំណោយមនុស្សធម៌ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ការទទួលបានអំណោយនេះគឺនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ តាមរយៈលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន។

នាឱកាសនោះ លោកស្រីអភិបាលខេត្តបានសម្ដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ ដែលជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។

លោកស្រីក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ក្នុងរយៈពេលចុងរដូវប្រាំង ក្កៅហួតហែងខ្លះ មានភ្លៀងធ្លាក់ម្ដងៗដែលលាយឡំដោយខ្យល់កន្ត្រាក់ ផ្គររន្ទះ។ ជាងនេះទៀត យកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្លាល់ខ្លួន និងកុមារតូចៗដែលពួកគាត់ងាយនឹងកើតជំងឺផ្សេងៗក្នុងរដូវនេះ។

លោកស្រីប្រធានបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលមិនទាន់មានអត្តសញ្ញណប័ណ្ណ ឬមានអត្តសញ្ញាណប័ណ្ណដែលហួសសុពលភាព សូមទៅធ្វើអត្តសញ្ញាណប័ណ្ណឱ្យបានគ្រប់ៗគ្នា។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ១០០គីឡូក្រាម ទឹកបរិសុទ្ធ១កេស មី១កេស ត្រីខ១យួរ តង់កៅស៊ូ១ ឃីត១ (មុង១ សារុង១ ក្រមា២ អាវយឺត២ តង់កៅស៊ូ១ អាវភ្លៀង១ អាវរងា១ អាវយឺត២) ថវិកា១០ម៉ឺនរៀល អ្នករងគ្រោះធ្ងន់ធ្ងរទទួលបាន២០ម៉ឺនរៀល៕