(ភ្នំពេញ)៖ ជុំវិញឯកសាររបស់អង្គការ Global Witness មួយឈ្មោះ «បណ្តាញនៃក្រុមហ៊ុនដ៏មហិមា របស់គ្រួសារកាន់អំណាចនៅកម្ពុជា» ដោយចោទប្រកាន់ថា ក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានក្រុមហ៊ុនធំៗនៅកម្ពុជាជាង១០០ក្រុមហ៊ុន និងចោទប្រកាន់សម្តេចថា បានបំពានលើតួនាទីក្នុងនាមជានាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យក្រុមគ្រួសារ មានការកាន់កាប់ការវិនិយោគនៅកម្ពុជា ត្រូវបានគេដឹងថា ជាទង្វើមួយស្មោគគ្រោកមួយ និងឆាកល្ខោននយោបាយខ្វះសីលធម៌ម្តងទៀត ដើម្បីផ្តួលរំលំប្រជាប្រិយភាពគណបក្សកាន់អំណាច មុនការបោះឆ្នោតមកដល់ និងដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ញុះញង់ឲ្យមានការដុតបំផ្លាញសន្តិភាពនៅកម្ពុជា។
របាយការណ៍របស់អង្គការមួយនេះ គ្មានតម្លៃសម្រាប់ពលរដ្ឋកម្ពុជានោះទេ វាគ្រាន់តែជាទង្វើញុះញង់ អុលអាល បង្កភាពចលាចលនៅកម្ពុជាតែប៉ុណ្ណោះ។ ជាធម្មតាទៅហើយ នៅរៀងរាល់ពេលជិតដល់រដូវកាលបោះឆ្នោតមកដល់ របាយការណ៍ពីអង្គការ Global Witness អន្តរជាតិមួយនេះតែងតែបង្ហាញ នូវរបាយការណ៍ក្នុងភាពជាការឆាកល្ខោន ដែលមានចរិតរិះគន់ និងវាយប្រហារដល់ប្រមុខដឹកនាំកំពូលរបស់កម្ពុជា ដោយក្នុងន័យដើម្បីបង្ខូចឈ្មោះ បង្អាប់កិត្តិយស និងផ្តួលរំលំប្រជាប្រិយភាពគណបក្សកាន់អំណាច ដើម្បីជាប្រយោជន៍ដល់សម្ព័ន្ធមិត្តរបស់ពួកគេ។ ព្រោះថា លោក ប្រែដ អាដាម ប្រធានអង្គការមួយនេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមេបក្សប្រឆាំងនៅកម្ពុជា ព្រោះតែមាននិន្នាការប្រឆាំង និងបំរើគោលនយោបាយរបស់បរទេស។
នៅថ្ងៃនេះប្រជាពលរដ្ឋមួយរូបបញ្ចេញទស្សនៈនៅលើ Facebook ជុំវិញឯកសារ Global Witness ដោយបាននិយាយថា «រាល់ពេលដែលការបោះឆ្នោតជិត ចូលមកដល់អង្គការ Global Witness តែងតែចេញផ្សាយនូវរបាយការណ៍បោកប្រាស់ ដោយមានការបន្ទរពីការសែត Cambodia Daily និង Phnompenh post ក្នុងគោលបំណងប្រតិកិរិយាវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា។ ខ្លឹមសារវាយប្រហារដោយគ្មានមូលដ្ឋាន មកលើក្រុមគ្រួសារសម្តេចនាពេលថ្មីៗ នេះបានបង្ហាញយ៉ាងច្បាស់ពីចរិតដ៏ថោកទាបរបស់អង្គការនេះ ដែលតែងតែចង់បង្កើតឱ្យមានចលាចលនៅក្នុងសង្គមខ្មែរ»។
លោក ហ៊ុន ម៉ាណែត ប្រតិកម្មជុំវិញរបាយការណ៍នេះថា «ឯកសាររបស់អង្គការនេះ ជាទង្វើមួយស្មោគគ្រោកមួយ និងឆាកល្ខោននយោបាយ រៀបចំដើម្បីផ្តួលរំលំប្រជាប្រិយភាពឪពុករបស់ខ្ញុំ មុនការបោះឆ្នោតមកដល់។ លើកនេះក៏មិនមានអ្វីថ្មីដែរ..គ្រាន់តែខុសត្រង់ថា តាមរយៈការផ្សាយអត្ថបទតែមួយជួនគ្នា (បង្ហាញពីការសហការ គ្នាដ៏ល្អក្នុងរឿងនេះ) រវាង Phnom Penh Post និង Cambodia Daily»។
របាយការណ៍ដែលគេអាចដឹងថា លាយឡំជាមួយកំហឹងគំនុំសងសឹក នៃការបណ្តេញអង្គការមួយនេះចេញពីកម្ពុជា កាលពីឆ្នាំ២០០៣ ដែលកាលណោះ បានចេញផ្សាយ របាយការណ៍មិនពិតមួយ រិះគន់ដល់ក្រុមគ្រួសារត្រកូលហ៊ុន អំពីការកាប់បំផ្លាញព្រៃឈើ តែលើកនេះជាសកម្មភាពដដែលថ្មីមួយទៀត និងទម្លាប់របស់អង្គការនេះ ដែលជានិច្ចជាកាលតែងតែផ្សាយព័ត៌មានមិនពិត ភូតកុហកជាញឹកញាប់ ក្នុងគោលបំណងបំរើនយោបាយរបស់លោកខាងលិច និងគាំទ្របក្សប្រឆាំងនៅកម្ពុជា ដើម្បីទាញឲ្យកម្ពុជាធ្លាក់ចូលភ្លូកភ្លើងសង្គ្រាមជាថ្មីទៀត។
«គ្រប់ពេលមុនបោះឆ្នោត គឺជាពេលវេលាដែលអង្គការមួយឈ្មោះ Global Witness ប្រឌិតរឿងជាច្រើន ក្នុងចេតនាបង្កចលាចល់ដើម្បីឲ្យសង្គមខ្មែរវិនាស ដែលសម្រេចបាននូវផែនការដ៏អាក្រក់ដូចបណ្តាប្រទេសនានា!» នេះជាទស្សនៈរបស់ពលរដ្ឋនៅលើ Facebook នាល្ងាចថ្ងៃទី០៧ ខែកក្កដានេះ។
រំលឹកទៅកាន់អតីតកាល បន្តិចជុំវិញការមិនវិលត្រឡប់មកកាន់កម្ពុជារបស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹងដីកាចាប់ខ្លួនរបស់តុលាការក្រុងភ្នំពេញ ដោយលោក សម រង្ស៊ី បានសម្រេចមិនវិលមកកម្ពុជា ពីប្រទេសកូរ៉េខាងត្បូង ដោយកាលណោះគឺមានការចូលរួមផ្តល់យោបល់ពីលោក ប្រែដ អាដាម នេះផងដែរ, នេះអាចបង្ហាញ បានថា ប្រធានអង្គការមួយនេះ មានភាពស្និទស្នាលជាមួយលោក សម រង្ស៊ី។ ព័ត៌មាននេះត្រូវបានមន្រ្តីគណបក្សសង្គ្រោះជាតិ ដែលអមដំណើរជាមួយលោក សម រង្ស៊ី នៅកូរ៉េខាងត្បូង ទម្លាយប្រាប់ឲ្យដឹងនៅពេលនោះ ហើយការបញ្ចេញរបាយការណ៍របស់អង្គការមួយនេះនៅពេលនេះ ត្រូវបានគេមើលឃើញថា ជាសកម្មភាពជួយសង្គ្រោះបក្សប្រឆាំង ដែលកំពុងប្រឈមជាមួយផ្លូវច្បាប់។
នៅថ្ងៃនេះបន្ទាប់ពីមានការចេញផ្សាយរបស់ Global Witness អ្នកបើ្រប្រាស់បណ្តាញសង្គម Facebook រាប់ពាន់ រាប់ម៉ឺននាក់ បានបញ្ចេញយោបល់ និងមិនទទួលយកបាននូវរបាយការណ៍មិនពិតរបស់អង្គការមួយនេះ។ «ព័ត៌មានដែលបំភ័ន្តដោយ Global Witness គឺចង់ឃើញកម្ពុជាវិលទៅ រកការវិនាសហិចហោច» និង «កម្ពុជាមិនត្រូវការអង្គការបរទេស ដែលមានគំនិតបំផ្លាញសេចក្តីសុខរបស់ខ្មែរ»៕