(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាព កាត់ខ្សែបូរឆ្លង និងសម្ពោធមហាចេតិយតម្កល់អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩រូប ព្រមទាំងដង្ហែអដ្ឋិធាតុយុទ្ធជនទាំង៤៩រូប មកតម្កល់នៅតម្កល់នៅក្នុងមហាចេតិយ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ពិធីនេះក៏បានមានការអញ្ជើញចូលរួមសំណាក់សមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ថ្នាកដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ ព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
មហាចេតិយនេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់។
នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារបច្ចេកទេស រៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ពីប្រទេសវៀតណាម បានរៀបចំពិធីបែបសាសនា ដើម្បីឆ្លងនូវមហាចេតិយនេះ។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សៅ សុខា បានគូសរំលេចថា ការសាងសង់នូវមហាចេតិយតម្កល់អដ្ឋិធាតុយុទ្ធជនទាំង៤៩រូបនេះ គឺជាការដឹងគុណ និងរលឹកដល់គុណូបការៈដ៏ធំធេង របស់ពួកគេក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
នាយឧត្តមសេនីយ៍ សៅ សុខា តំណាងឱ្យគ្រួសារសពយុទ្ធជនទាំង៤៩រូប ក៏ដូចជាយុទ្ធជនដទៃទៀត សម្តែងនូវការគោរពដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន បើទោះបីមមាញឹកនឹងការងារបម្រើជាតិយ៉ាងណាក្តី ប៉ុន្តែនៅតែគិតគូរជានិច្ចចំពោះយុទ្ធជនកម្ពុជាតស៊ូរំដោះជាតិកាលពីឆ្នាំ១៩៧៨។
សូមបញ្ជាក់ថា ក្នុងបុព្វហេតុរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត សមមិត្ត ហ៊ុន សែន បានបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨។ ក្នុងចលនាតស៊ូរំដោះជាតិនេះ កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាជាច្រើនរូប បានពលីជីវិត របួស និងពិការ។ ក្នុងនោះមានកងកម្លាំងប្រមាណ ៤៩រូប បានពលីជីវិតលើសមរភូមិ ហើយរកក្រុមគ្រួសារមិនឃើញ ក៏ត្រូវបានរៀបចំបញ្ចុះនៅបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ស្ថិតនៅភូមិ សួសរ៉ាំ ឃុំឡុងយ៉ាវ ស្រុកកាំមី ខេត្តដុងណាយ (ដូនណៃ) ប្រទេសវៀតណាម។ ខេត្តដុងណាយនេះ គឺជាប់ខាងកើតទីក្រុងហូជីមិញ (ព្រៃនគរ)។
កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញប្រារព្ធខួប ៤៥ឆ្នាំ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យរៀបចំធ្វើមាតុភូមិអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន ៤៩រូប មកទុកដាក់នៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នាពេលនោះថា កម្ពុជាមានសុខសន្តិភាព មានលទ្ធភាព ដែលគួរដល់ពេលនាំអដ្ឋិធាតុយុទ្ធជនរំដោះជាតិគ្មានសាច់ញាតិទាំងនោះ ត្រឡប់មកកាន់ទឹកដីកំណើតវិញ។
នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ សពយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩រូប ត្រូវបានដង្ហែពីប្រទេសវៀតណាម។ បន្ទាប់មកនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ សពយុទ្ធជនទាំង៤៩រូប ត្រូវបានបូជាយកអដ្ឋិធាតុដាក់ក្នុងកោដ្ឋិ និងដង្ហែតម្កល់ក្នុងមហាចេតិយ ដែលទើបសាងសង់រួចរាល់នេះ៕