(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង បានប្រកាសឧបត្ថម្ភថវិកាចំនួ ន៧០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣។
នាកន្លងមក ក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ហើយក៏តែងតែបានចូលរួមឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភ ដល់កម្មវិធីសប្បុរសជាច្រើនទៀត។
សូមជម្រាបថា កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្ដម មុនិនាថ សីហនុ ជាព្រះប្រធានកិត្ដិយស និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានអំពាវនាវចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន សូមចូលរួមបរិច្ចាគថវិកាតាមសសទ្ធាជ្រះថ្លា ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៣ ដើម្បីសមាគមជាតិមានធនធានបន្ដផ្ដល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានាបន្ដពង្រឹងភាពធនសហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលគ្រឹះរបស់ចលនាអន្ដរជាតិ កាកបាទក្រហមនិងអឌ្ឍចន្ទក្រហម។
ក្រុមការងារកាកបាទក្រហមកម្ពុជា នឹងរង់ចាំទទួលសប្បុរសជនគ្រប់មជ្ឈដ្ឋាន រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃនេះតទៅ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ឬវេរចូលតាមគណនីរបស់កាកបាទក្រហមកម្ពុជា៕