(កណ្តាល)៖ នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាប្រធានសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ រសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំក្រុមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ចូលរួមប្រកួតក្នុងពានរង្វាន់ ខេមប៊ូឌានលីគខាប់២០២៣ (Cambodian League Cup 2023) ជាមួយក្រុមអង្គរថៃហ្គឺ នៅតារាងបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ។

នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានថ្លែងថា «ថ្ងៃនេះយើងបានរៀបចំការប្រកួតក្នុងនាមជាម្ចាស់ផ្ទះលើទឹកដីបណ្ឌិត្យយសភានគរបាលកម្ពុជា ហើយជាលទ្ធផល យើងទទួលបានជ័យជំនះដែលក្រុមកីឡាបាល់ទាត់នគរបាលជាតិយើងស៊ុតចូលចំនួន០២គ្រាប់ ខណៈក្រុមកីឡាបាល់ទាត់អង្គរថៃហ្គឺស៊ុតចូលបានតែ០១ គ្រាប់»

ទន្ទឹមគ្នានេះ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនដែលបានអញ្ជើញមកចូលរួមក្នុងការផ្ដល់កម្លាំងចិត្តនិងលើកទឹកចិត្តដល់កីឡាករក្នុងពេលប្រកួត ព្រោះកម្លាំងនៃការលើកទឹកចិត្តនេះសំខាន់ណាស់ ដើម្បីជម្រុញឲ្យកីឡាករយើងមានទឹកចិត្តប្រកួតដោយឥតរុញរា។

ជាថ្មីម្ដងទៀត លោក ឈន សារ៉ាណេ បានណែនាំឲ្យក្រុមកីឡាករបាល់ទាត់នគរបាលជាតិទាំងអស់ត្រូវមានទឹកចិត្តឲ្យស្វាហាប់ តស៊ូ អំណត់ មិនត្រូវតក់ស្លុតជាមួយដៃគូរប្រកួតជាដាច់ខាត ដោយត្រូវចាត់ទុកថាខ្លួនជាវីរៈជននៅក្នុងតារាងដើម្បីឈានដល់ការដណ្ដើមយកជ័យជំនះឲ្យបាន។

ក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ និងលោកស្រី សែម សម្ភស្ស បានឧបត្ថម្ភជាថវិកាចំនួន ២លានរៀល ដល់កីឡាករសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃផងដែរ។

គួរជម្រាបជូនថា ព្រឹត្តិការណ៍នៃការប្រកួតនាពេលនេះ គឺយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ស្ដីពីការប្រគល់ភារកិច្ចជូន នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ ដឹកនាំក្រុមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ៕