(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថា្នក់កណ្តាល បានថ្លែងលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា មានទស្សនាទានថា ការសិក្សាប្រកបដោយគុណភាព គឺជាឱកាសដែលកុមារកម្ពុជាគ្រប់រូបៗ ត្រូវទទួលបានដូចៗគ្នា។

លោកបន្តថា ក្នុងទិសដៅនេះ រាជរដ្ឋាភិបាលបានខិតខំពង្រីកវិស័យអប់រំ ឱ្យកាន់តែកៀកជិតបំផុត នៅតាមមូលដ្ឋាន តាមរយៈការកសាងសាលារៀន និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដូចជា ផ្លូវថ្នល់ និងស្ពាន ជាដើម ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស។

ការលើកឡើងរបស់បណ្ឌិត ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងកម្មវិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ជាសមាជិក សមាជិកាគណបក្ស ក្រោមឱវាទមន្ទីរអប់រំ យុវជន និង កីឡា រាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់លោកគ្រូ អ្នកគ្រូ ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា, ជាពិសេសចំពោះការលះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីឱ្យសិស្សានុសិស្សទទួលបាននូវចំណេះដឹង, ចំណេះធ្វើ, ជំនាញ និងសីលធម៌ ស័ក្តិសមជាសសរទ្រូងដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

លោកបណ្ឌិតបានថ្លែងថា តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ, កម្ពុជាបានទទួលនូវសុខសន្តិភាពពេញលេញ, ឯកភាពជាតិ និងទឹកដីទាំងស្រុង ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រទេសឡើងវិញ លើគ្រប់វិស័យ ជាពិសេសការកសាងឡើងវិញ នូវធនធានមនុស្ស ដោយចាប់ផ្តើមពីបាតដៃទទេ។ ពេលនោះ យើងមិនមានធនធានគ្រូបង្រៀនគ្រប់គ្រាន់ ដើម្បីបង្រៀនដល់កុមារ និងប្រជាជនដែលទើបត្រូវបានរំដោះចេញពីរបបប៉ុល ពត ដោយសារអ្នកចេះដឹង និងបញ្ញវន្តស្ទើរទាំងអស់ត្រូវបានសម្លាប់ ហើយមិនតែប៉ុណ្ណោះ យើងក៏បានជួបប្រទះនូវការខ្វះខាតស្ទើរគ្រប់បែបយ៉ាង ទាំងថ្នាក់រៀន, តុ, កៅអី, ក្តារខៀន និងសូម្បីតែដីស។ ដូច្នេះក្នុងដំណាក់កាលនោះ គឺយើងអាចបានត្រឹមតែអនុវត្តនូវគោលនយោបាយ «អ្នកចេះច្រើន បង្រៀនអ្នកចេះតិច, អ្នកចេះតិច បង្រៀនអ្នកមិនចេះ» តែប៉ុណ្ណោះ ដើម្បីដោះស្រាយជាបន្ទាន់នូវ «គ្រោះមិនចេះអក្សរ» នៅក្នុងសង្គមជាតិយើង។

លោកលើកឡើងទៀតថា រាជរដ្ឋាភិបាល ក៏បានរៀបចំ និងដាក់ឱ្យអនុវត្តនូវគោលនយោបាយជាតិ និងការកែទម្រង់ជាច្រើន ដើម្បីអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាដូចជា៖ ផែនការយុទ្ធសាស្រ្តវិស័យអបរំ ឆ្នាំ២០១៩-២០២៣, ផែនទីបង្ហាញផ្លូវការអប់រំកម្ពុជា ឆ្នាំ២០៣០ និងជាពិសេសការកែទម្រង់ការប្រឡងក្រោមពាក្យស្លោក «អ្នកចេះ គឺជាប់»

លោកបណ្ឌិតបានលើកឡើងទៀតថា សម្រាប់ពេលបន្តទៅមុខទៀត ក៏នឹងមានបន្ថែមនូវការយកចិត្តទុកដាក់ លើការពង្រឹងគុណភាពអប់រំ ជាពិសេសការផ្តោតសំខាន់ទៅលើការអប់រំជំនាន់ថ្មី ដោយមានការដាក់បញ្ចូលកម្មវិធីសិក្សាតាមបែបវិទ្យាសាស្រ្ត, បច្ចេកវិទ្យា, វិស្វកម្ម, សិល្បៈ និងគណិតវិទ្យា (STEAM) និងការពង្រឹងអភិបាលកិច្ច ក្នុងវិស័យអប់រំចំណេះដឹងទូទៅ។ ស្របពេលនឹងការគិតគូរបង្កើនថវិកា សម្រាប់វិស័យអប់រំដល់ទៅជាង ១១% ធៀបនឹងឆ្នាំ២០២២, រាជរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា នឹងផ្សារភ្ជាប់ការពង្រឹងអភិបាលកិច្ចនេះ ទៅនឹងការពង្រឹងសមត្ថភាព គុណវុឌ្ឍិ និងសេចក្តីថ្លៃថ្នូររបស់លោកគ្រូ-អ្នកគ្រូ ក៏ដូចជានាយក និងគណៈគ្រប់គ្រងសាលាគ្រប់ជាន់ថ្នាក់ ព្រមជាមួយនឹងការពង្រឹងការធ្វើអធិការកិច្ច និងការដាក់ចេញនូវប្រព័ន្ធលើកទឹកចិត្តដែលផ្អែកលើសមិទ្ធកម្មការងារ និងគុណាធិបតេយ្យ

ជាមួយគ្នានេះ បណ្ឌិត ហ៊ុន ម៉ាណែត សូមវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនានា ដែលកើតមានឡើងក្រោមកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងអង្គការចាត់តាំងចំណុះគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ក្នុងបុព្វហេតុឥតងាករេ គឺការបម្រើប្រជាជន និងកសាងប្រទេសជាតិ ឱ្យរីកចម្រើនរុងរឿងយូរអង្វែងតទៅ។

លោកបន្ថែមថា ពិតណាស់ ភាពសុខសាន្តត្រាណ ដូចពេលបច្ចុប្បន្ន គឺបានកើតចេញពីការលះបង់ដ៏ធំធេង របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែងស្ថិតនៅជាមួយប្រជាពលរដ្ឋ និងនៅតែបន្តធ្វើអ្វីៗសព្វបែបយ៉ាង ដើម្បីធានាឱ្យបាននូវសុខសន្តិភាព, សេរីភាព, វិបុលភាព និងវឌ្ឍនភាព សម្រាប់ប្រជាជន និងប្រទេសដ៏កំសត់របស់យើង ដែលធ្លាប់ទទួលរងវិនាសកម្ម និងជម្លោះបែកបាក់ជាច្រើន សតវត្សរ៍កន្លងមកហើយ៕