(ភ្នំពេញ)៖ គណៈកម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិ សិក្ខាកាមមកបណ្តុះបណ្តាល នៅក្នុងនិងក្រៅប្រទេស នៃក្រសួងការពារជាតិ បានចេញសេចក្តីជូនដំណឹង បំភ្លឺជុំវិញករណីផ្សព្វផ្សាយថាមានភាពមិនប្រក្រតី លើលទ្ធផលប្រឡងជាប់បឋមរបស់សិស្សនាយទាហាន ឆ្នាំ២០២៣ ដោយមានបេក្ខជន២រូប ធ្លាប់មានឈ្មោះជាប់ស្ថាពរឆ្នាំ២០២០ហើយ បែរជាជាប់ក្នុងបញ្ជីប្រឡងជាប់បឋម ឆ្នាំ២០២៣ ម្តងទៀត។

សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បន្ទាប់ពីការប្រកាសលទ្ធផលប្រឡងជាប់បឋម របស់សិស្សនាយទាហាន ឆ្នាំ២០២៣ មានការផ្សព្វផ្សាយព័ត៌មាន ក្នុងបណ្ដាញសង្គមពាក់ព័ន្ធ អំពីភាពមិនប្រក្រតីចំពោះបេក្ខជន ឈោ្មះ រ័ត្ន សេងគី ភេទប្រុស កើតថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០០ និង បេក្ខជនឈ្មោះ ម៉ុន ចំរ៉ាត់ កើតថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០០០ ដែលបានលើកឡើងថា «បេក្ខជនទាំងពីររូប មានឈ្មោះក្នុងបញ្ជីប្រឡងជាប់ជាស្ថាពរ វគ្គនាយទាហានជំនាញបច្ចេកទេសយោធា ឆ្នាំ២០២០ ម្តងរួចមកហើយ និងមានឈ្មោះក្នុងបញ្ជីប្រឡងជាប់បឋម វគ្គនាយទាហានជំនាញបច្ចេកទេសយោធា ឆ្នាំ២០២៣ ម្ដងទៀត»។

ដើម្បីចៀសវាងការយល់ច្រឡំ និងការបកស្រាយផ្សេងៗ គណៈកម្មការជ្រើសរើស និងត្រួតពិនិត្យ លក្ខណៈសម្បត្តិ សិក្ខាកាមមកបណ្តុះបណ្តាលនៅក្នុង និងក្រៅប្រទេស សូមធ្វើការបំភ្លឺករណីបេក្ខជនទាំងពីររូបនេះ ជូនបេក្ខជនទាំងអស់ និងសាធារណជន មេត្តាជ្រាបថា បេក្ខជន រ័ត្ន សេងគី និងបេក្ខជន ម៉ុន ចំរ៉ាត់ ពិតជាធ្លាប់បានប្រឡងជាប់ជាស្ថាពរ វគ្គនាយទាហានជំនាញបច្ចេកទេសយោធា ឆ្នាំ២០២០ ប្រាកដមែន។ បន្ទាប់ពីបានចូលសិក្សា នៅវិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន រយៈពេល០១ខែ បេក្ខជនទាំងពីររូប បានសម្រេចចិត្តបោះបង់ការសិក្សាចោល ដោយសារបញ្ហាចាំបាច់ផ្ទាល់ខ្លួន។ ប៉ុន្តែក្រោយមកដោយនៅតែមានទឹកចិត្តស្រលាញ់កងទ័ព និងដោយមានបំណងចូលរួមបម្រើវិស័យការពារជាតិ ទើបបេក្ខជនទាំងពីររូបនេះ បានដាក់ពាក្យប្រឡង វគ្គនាយទាហានជំនាញបច្ចេកទេសយោធា ឆ្នាំ២០២៣ ម្ដងទៀត និងបានប្រឡងជាប់បឋមពិតប្រាកដមែន។

គណៈកម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាម មកបណ្តុះបណ្តាលនៅក្នុង និងក្រៅប្រទេស សូមគូសបញ្ជាក់ថា ការប្រឡងជ្រើសរើសសិស្សនាយទាហាន ត្រូវបានរៀបចំ និងដំណើរការដោយសុក្រឹត យុត្តិធម៌ និងតម្លាភាព៕