(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យ ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយ ក្រសួងព័ត៌មាន ផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីស្ថានភាពទឹកទន្លេមេគង្គ ជូនប្រជាពលរដ្ឋ។
ការណែនាំដោយផ្ទាល់មាត់ ដល់ក្រសួងទាំងពីរខាងលើនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី។
តាមការប្រកាសលទ្ធផល នៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដែល Fresh News ទទួលបាននៅមុននេះ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ បានផ្តល់អនុសាសន៍មួយចំនួន ដោយណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយម ក្រសួងព័ត៌មានសហការជំរុញឱ្យមាន ការផ្សព្វផ្សាយព័ត៌មានស្តីពីស្ថានភាពទឹកទន្លេមេគង្គ តាមស្ថានីយ៍ទូរទស្សន៍ជាតិ និងបណ្តាញឃោសនាដទៃទៀត ឱ្យបានទូលំទូលាយ និងទាន់ពេលវេលាជូនប្រជាពលរដ្ឋបានជ្រាប។
សូមជំរាបថា នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាដឹកនាំកិច្ចប្រជុំ គណៈរដ្ឋមន្រ្តី ពិភាក្សាទៅសេចក្តីព្រាងច្បាប់ និងព្រាងកម្មវិធីចំនួនពីរ គឺសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ សុខាភិបាល និងសេចក្តីព្រាង កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០១៧-២០១៩។ សេចក្តីជូនព័ត៌មានរបស់ទីស្តីការ គណៈរដ្ឋមន្រ្តី បានឲ្យដឹងដែរថា កិច្ចប្រជុំនៅថ្ងៃនេះក៏នឹងពិភាក្សាទៅលើសំណើសុំការយល់ព្រម ពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិ ទៅលើការងារមួយចំនួនទៀតរួមមាន៖
- កិច្ចព្រមព្រៀងស្ដីពីការបង្កើតអង្គភាពស្រាវជ្រាវ ម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣។
- ពិធីសារដើម្បីអនុវត្តកញ្ចប់ទី៦ នៃការប្ដេជ្ញាបើកចំហសេវាហិរញ្ញវត្ថុ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវា។
- កិច្ចព្រមព្រៀងស្ដីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន។
- ពិធីសារស្ដីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន។
- ពិធីសារស្ដីពីក្របខ័ណ្ឌច្បាប់ សម្រាប់អនុវត្តបញ្ជរតែមួយអាស៊ាន។
- ពិធីសារទី៧ ស្ដីពីប្រព័ន្ធឆ្លងកាត់គយ៕