(ភ្នំពេញ)៖​ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសារលិខិតជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ឧបាសក ឌី បូ ត្រូវជាឪពុកមារបស់ សម្តេចតេជោ នាថៃ្ងព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ក្នុងជន្មាយុ ១០២ឆ្នាំ ដោយជរាពាធ។

ក្នុងសារលិខិតរបស់ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា «មរណភាពរបស់ឧបាសក ឌី បូ គឺជាការបាត់បង់នូវឪពុកមា ជីតា និងជីតាទួត ជាទីគោរព ស្រលាញ់បំផុត ដែលកន្លងមក លោក បានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូចិញ្ចឹមបីបាច់ ថែរក្សាទំនុកបម្រុងសព្វបែបយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងផ្តល់ឱវាទអប់រំទូន្មាន និងក្តីស្រឡាញ់ដ៍ជ្រាលជ ប្រកបដោយព្រហ្មវិហារធម៌ថ្លៃថ្លា គួរជាទីគោរព និងស្រឡាញ់ស្មើជីវិតចំពោះកូន និងចៅ»។

ក្នុងឱកាសដ៍សែនក្តុកក្ដួលនេះ លោកឧបនាយករដ្ឋមន្ត្រី និងភរិយា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមចូលរួមរំលែកមរណទុក្ខសោកស្តាយយ៉ាងក្រៃលែង ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ដោយក្តីសង្វេគឥតឧបមា និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខ័ន្ធរបស់ឧបាសក ឌី បូ បានសោយសុខ ក្នុងសុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕